អាមេរិក ៖ កងទ័ពជើងទឹកអាមេរិក បាន និយាយថា នាវាចម្បាំងដ៏ធំ មួយទៀត គឺនាវា Ronald Regagan បានទៅដល់ សមុទ្រ ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃ សុក្រ ទី១៩ ឧសភានេះ ដើម្បីចាប់ដៃគ្នាជាមួយ នាវាចម្បាំងដ៏ធំ Carl Vinson ដែលបានចតរង់ចាំរួចហើយនោះ។
បណ្ដាញផ្សាយព័ត៌មាន CNN បានរាយការណ៍ថា នាវាចម្បាំង នាវា Ronald Reagan បានទៅដល់ សមុទ្រ កូរ៉េខាងត្បូង ដោយបើកចេញពី មូលដ្ឋាន មួយនៅ សមុទ្រជប៉ុន។តាមប្រភពដដែលនាវានេះ ត្រូវបើកធ្វើសមយុទ្ធយោធា ជាមួយនាវា Carl Vinson ដែលបាន ទៅសមុទ្រកូរ៉េតាំងពី ចុងខែមេសា។
ការបញ្ជូននាវាដ៏ធំនេះទៀត ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចរយៈចំងាយឆ្ងាយ បានដោយជោគជ័យ កាលពីថ្ងៃ អាទិត្យ ទី១៤ ឧសភា ដែលនាំឱ្យមានការថ្កោលទោស យ៉ាងខ្លាំង ពី សហគមន៍អន្តរជាតិ ជាពិសេស អាមេរិក ជប៉ុន និង កូរ៉េខាងត្បូង។មានការព្រមានថា បើនាវា Ronald Reagan របស់អាមេរិក ធ្វើសមយុទ្ធ ជាមួយនាវា Carl Vinson គឺជា ការបង្កភាពតានតឹងលើឧបទ្វីបកាន់តែធ្ងន់ធ្ងរ៕