(ភ្នំពេញ )៖ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar បានប្រាប់អ្នកសារព័ត៌មានថា ករណីបន្ដឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស គឺជាការខកចិត្ត ហើយករណីនេះ ប្រទេសជាសមាជិកមានសិទ្ធិលើកឡើងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោកបានថ្លែងដូចនេះ នៅក្នុងពិធីរំម្លឹកខួបលើកទី ២០ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសនោះ លោក George Edgar បានសំដែងការខកចិត្ត ចំពោះការឆ្លើយតបរបស់ក្រសួងការបរទេសកម្ពុជា ដែលចាត់ទុកក្ដីកង្វល់របស់សហភាពអឺរ៉ុប ជុំវិញការបន្ដឃុំខ្លួនមន្ដ្រីការពារសិទ្ធមនុស្ស ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៅវិញ។
តែបើតាមការចុះផ្សាយរបស់ វិទ្យុVOD គឺ លោក George Edgar មានប្រសាសន៍ ថា បើករណីនេះមិនត្រូវបានដោះស្រាយ ឬទទួលផលផ្លែផ្កាជាដុំកំភួន លោកថា សហភាពអឺរ៉ុបនឹងជំរុញករណីនេះ ទៅពិភាក្សាក្នុងកិច្ចប្រជុំត្រួតពិនិត្យជាសាកល (Universal Periodic Review) នៅឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងរាល់២ឆ្នាំម្ដង ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបលើបញ្ហានេះ។
កាលពីថ្ងៃទី៤ មេសា សហភាពបានចេញសេចក្ដីថ្លែងការណ៍ ដោយទាមទារឱ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស៥រូបនៃសមាគមការពារសិទិ្ធមនុស្សអាដហុក ឱ្យមានសេរីភាពឡើងវិញ។ ដោយមិនយល់ស្របនឹងសហភាពអឺរ៉ុប ក្រសួងការបរទេសកម្ពុជា បានហៅទង្វើនេះថា កំពុងជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានលើកឡើងពីកាតព្វកិច្ច របស់ស្ថានទូតប្រទេស ដោយត្រូវគោរពអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូត មាត្រា៤១ (១) ដែលចែងថា រាល់បេសកកម្មទាំងអស់មានកាតព្វកិច្ចគោរពច្បាប់ និងបទបញ្ជានានារបស់រដ្ឋដែលខ្លួនតាំងនៅ ហើយពួកគេមានកាតព្វកិច្ចមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនោះឡើយ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងក្រោយពេលសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអំពាវនាវឲ្យមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរងគ.ជ.ប ដែលកំពុងឃុំខ្លួន។
អ្នកទាំង៥នេះ រួមមានលោកស្រី លឹម មុនី លោក ណៃ វ៉ងដា លោក នី សុខា និងលោក យី សុខសាន រួមទាំងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្ត្រីអង្គការអាដហុកផងដែរនោះ។
មន្ត្រីសិទ្ធិមនុស្សទាំង ៤រូប និងលោក នី ចរិយា ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេល ១ឆ្នាំហើយ គិតចាប់តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី មិនឲ្យឆ្លើយការពិតពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរវាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងកញ្ញាខុម ចាន់តារាទី ហៅស្រី មុំ។
ទាក់ទិនរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានេះដែរ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហភាពសភាអន្ដរជាតិ និងសមាជិកសភាអាមេរិកបានចេញសេចក្ដីសម្រេចជាបន្ដបន្ទាប់ ដោយចាត់ទុកកម្ពុជាជារដ្ឋមួយកំពុងធ្វើទុក្ខបុកម្នេញសិទ្ធិមនុស្សគួរអោយព្រួយបារម្ភ៕(អត្ថបទកែតម្រូវ)