ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចេញបទបញ្ជាឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការចំពោះបុគ្គលណា ក្រុម ឬអង្គការណាដែលចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថាប្រើប្រាស់ផែនទីក្លែងក្លាយ។ ការចេញបទបញ្ជានេះ ត្រូវបានអ្នកវិភាគនយោបាយ និងសង្គមស៊ីវិល អះអាងថា ជាការគំរាមកំហែងគណបក្សប្រឆាំង និងសកម្មជនដែលធ្វើសកម្មភាពរឿងព្រំដែនកម្ពុជា វៀតណាម។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យដឹងនៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជាឲ្យចាត់វិធានការជាបន្ទាន់លើអ្នកទាំងឡាយណា ដែលបន្តចោទប្រកាន់ថារដ្ឋាភិបាលថាប្រើប្រាស់ផែនទីក្លែងក្លាយ។
លោកផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ ថា ក្នុងកិច្ចពង្រឹងនីតិរដ្ឋ និងសណ្តាប់ធ្នាប់សង្គម ជាមួយនឹងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលក្នុងន័យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះ រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។
ខ្លឹមសារលើហ្វេសប៊ុកនោះបន្តទៀតថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចលើក និងបញ្ជាចាត់វិធានការជាបន្ទាន់ រាល់រូបភាពទាំងអស់ដែលជាសមត្ថកិច្ច និងអំណាចរដ្ឋគ្រប់ទីកន្លែងដល់រាល់បុគ្គល ក្រុម ឬអង្គការណាមួយ ដែលនៅតែបន្តសកម្មភាព រូបភាព និងទិដ្ឋភាពបំពុលក្នុងការលើកឡើងថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ដែលទង្វើនេះបានចាត់ទុកថាជាការញុះញង់ ប៉ះពាល់ដល់ដែនសមត្ថកិច្ចនីត្យានុគោលភាព សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ ដែលបណ្ដាលឲ្យសាធារណជនយល់ច្រឡំអំពីព្រំដែន ដែលត្រូវបានពិនិត្យ និងផ្ទៀងផ្ទាត់ដោយអង្គការសហប្រជាជាតិ (អ.ស.ប) ជាមួយនឹងផែនទីរបស់រាជរដ្ឋាភិបាលរួចហើយ។
ទាក់ទងនឹងការចេញបញ្ជានេះ លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា បទបញ្ជានេះគឺមានលក្ខណៈគំរាមកំហែង សកម្មជនព្រំដែន សកម្មជនការពារសិទ្ធិមនុស្ស និងគណបក្សប្រឆាំង ព្រមទាំងអាចធ្វើឲ្យប្រជាពលរដ្ឋនៅតែសង្ស័យពីការលាក់បាំងរបស់រដ្ឋាភិបាលជុំវិញបញ្ហាព្រំដែនកម្ពុជា វៀតណាម។ លោកបន្ថែមថា រដ្ឋាភិបាលកំពុងទាក់ទាញឲ្យមានទំនុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការបើកចំហរឲ្យមានការផ្ទៀងផ្ទាត់ផែនទី ប៉ុន្តែការចេញបទបញ្ជានេះ បានធ្វើឲ្យរដ្ឋាភិបាលខាតបង់ទៅវិញ។
ដូចគ្នានោះដែរ លោកកែម ឡី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានថ្លែងថា កិច្ចការទាំងឡាយណា ដែលធ្វើដើម្បីការពារទឹកដី ការស្វែងរកការពិត និងធ្វើសកម្មភាពដោយអហិង្សា គឺជាសកម្មភាពដ៏ត្រឹមត្រូវនៅក្នុងសង្គមប្រជាធិបតេយ្យ និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាស្របតាមកតិកាសញ្ញា សន្ធិសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន។ លោកបន្ថែមថា បើបទបញ្ជារបស់រដ្ឋាភិបាលណាដែលមិនស្របតាមរដ្ឋធម្មនុញ្ញ ពលរដ្ឋមិនគួរខ្លាចក្នុងការបញ្ចេញមតិនោះទេ។ សំឡេង
គួររម្លឹកថា ការចេញបទបញ្ជានេះ ធ្វើឡើងមួយថ្ងៃក្រោយពីរដ្ឋាភិបាលកម្ពុជា បានផ្ទៀងផ្ទាត់ផែនទីរបស់ខ្លួន ជាមួយនឹងផែនទីដែលបានខ្ចីមកពីអង្គការសហប្រជាជាតិ ហើយការប្រកាសនេះក៏ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ពីមតិមហាជនមួយចំនួន ចំពោះរដ្ឋាភិបាលកម្ពុជាថា បានប្រើប្រាស់ផែនទីក្លែងក្លាយ ក្នុងការបោះបង្គោលព្រំដែន កម្ពុជា វៀតណាម ផងដែរ។