en     km
en     km

សហភាព​អឺរ៉ុប​ ផ្ដោត​ជំនួយ​លើ​វិស័យ​នេសាទ​ (មានសំឡេង)

Share

ភ្នំពេញ៖ សហភាពអឺរ៉ុបបានប្រកាសបន្ដផ្ដល់ជំនួយដល់់ប្រទេសកម្ពុជា ដោយផ្តោតជាពិសេសទៅលើវិស័នេសាទ។ ការកំណត់បែបនេះ ពីព្រោះតែសហភាពអឺរ៉ុបមើលឃើញថា ប្រជាពលរដ្ឋខ្មែរភាគច្រើនដែលស្ថិតក្នុងវិស័យនេះសុទ្ធសឹងតែជាអ្នកក្រីក្រ។

លោក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប George Edgar

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ក្នុងពិធីគម្រប់ខួប ២០ឆ្នាំ នៃកិច្ចសហប្រតិបត្ដិការរវាងសហភាពអឺរ៉ុប និងកម្ពុជា បានថ្លែងថា សហភាពអឺរ៉ុបនឹងផ្ដោតទៅលើវិស័យនេសាទជាចម្បងសម្រាប់ជួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជានាថ្ងៃអនាគត។

សេចក្តីថ្លែងការណ៍របស់តំណាងសហភាពអឺរ៉ុបធ្វើឡើង ដោយផ្អែកលើហេតុផលថា ស្ថាប័នអន្ដរជាតិមួយនេះ បានមើលឃើញថាមានពលរដ្ឋកម្ពុជា ជាច្រើនដែលកំពុងជួបទុក្ខលំបាក គឺជាប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទ។ «នេះគឺជារឿងមួយដែលយើងចង់ធ្វើ ពីព្រោះដោយហេតុថា អ្នកដែលនៅក្នុងប្រព័ន្ធបែបហ្នឹង សុទ្ធតែជាអ្នកក្រីក្រនៅក្នុងប្រទេសកម្ពុជា យើងចង់ជួយរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានឆ្ពោះនិងផ្ដល់ប្រយោជន៍ដល់ជនក្រីក្រទាំងនោះ»។

កន្លងមកសហភាពអឺរ៉ុបបានផ្ដល់កញ្ចប់ថវិកាមកប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ មានទំហំទឹកប្រាក់ប្រមាណជាង ៤១០លានអឺរ៉ូ។ ដោយឡែកសម្រាប់ឆ្នាំ២០១៦ សហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធក្នុងតំបន់អឺរ៉ុបបានផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ប្រមាណជាង ១៤០លានអឺរ៉ូ ដែលស្មើប្រមាណជា ១៤៨លានដុល្លារ។

តាមការបញ្ជាក់ពីឯកអគរដ្ឋទូតសភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ទឹកប្រាក់ទាំងអស់នេះគឺផ្ដល់មកក្នុងគោលបំណងគាំទ្រ វិស័យសំខាន់ៗ ដូចជា អភិបាលកិច្ច ការអប់រំ កសិកម្ម ធនធានធម្មជាតិ និងជាពិសេសនោះគឺគាំទ្រដល់ការបោះឆ្នោតនៅប្រទេសកម្ពុជា។ «អ្វីដែលខ្ញុំបានជម្រាបខាងលើនេះគឺវាបង្ហាញពីប្ដេជ្ញាចិត្ដដ៏ខ្លាំងខ្លារបស់សហភាពអឺរ៉ុបក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីឲ្យមាននូវអ្វីដែលយើងហៅថា ការរីកចម្រើនល្អផ្នែកសេដ្ឋកិច្ច និងបង្ហាញភាពជិតគ្នារវាងកម្ពុជា និងសហភាពអឺរ៉ុប»។

ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប បានភ្ជាប់ទំនាក់ទំនងសហប្រតិបត្ដិការរួមគ្នាចាប់តាំងពីឆ្នាំ១៩៩៧ មក។ រហូតមកទល់នឹងបច្ចុប្បន្ន សហភាពអឺរ៉ុប បាននឹងកំពុងក្លាយជាទីផ្សារនាំចេញធំបំផុតសម្រាប់ទំនិញកម្ពុជា ដែលគិតជាទឹកប្រាក់មានចំនួន ៤.៥ ប៊ឺលានអឺរ៉ូ ក្នុងឆ្នាំ២០១៦។ លើសពីនេះការបើកទូលាយនៅទីផ្សារអឺរ៉ុបសម្រាប់កម្ពុជានេះ ក៏បានក្លាយជាចំណែកមួយជួយវិស័យឧស្សាហកម្ម និងផលិតកម្មកម្ពុជា ដូចជាវិស័យកាត់ដេរ ដែលបានជួយដល់ស្ដ្រីនៅក្នុងប្រទេសកម្ពុជា ឲ្យមានការងារធ្វើ ប្រមាណជាង ៤សែននាក់។

យ៉ាងណាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា សម្ដែងក្ដីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងនៅតែបន្ដការសហការល្អរវាងកម្ពុជា និងសហភាពអឺរ៉ុបបន្ដទៀត៕

Share

ព័ត៌មានទាក់ទង

Image