en     km
en     km

កម្ពុជា ប្រតិកម្មតប​សហភាពអឺរ៉ុបចំពោះការទាមទារដោះលែងសកម្មជនសិទ្ធិមនុស្ស

Share

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា ប្រតិកម្មចំពោះការស្នើសុំរបស់សហភាពអឺរ៉ុបឲ្យដោះលែងក្រុមមន្រ្តីសិទ្ធិមនុស្ស។មន្រ្តីសង្គមស៊ីវិល និងមន្រ្តីគណ    បក្សប្រឆំាងសម្តែងការខកចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលខ្មែរនេះ។

លោក ច្សច អេហ្គា
លោក ច្សច អេហ្គា

មួយថ្ងៃក្រោយពីសហភាពអឺរ៉ុបទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួនប្រាំរូប នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅសំណើររបស់សហភាពអឺរ៉ុបថា ជា«ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា» ក្រសួងការបរទេសបានគូសបញ្ជាក់ថាសំណុំរឿងនេះ«គឺជាការអនុវត្តន៍នីតិវិធីរបស់តុលាការកម្ពុជាសុទ្ធសាធ។»

នៅក្នុងសេចក្តីថ្លែងការណ៍កម្រាស់មួយទំព័ររបស់ខ្លួន ក្រសួងការបរទេសកម្ពុជាបានព្រមានថាពីកាតព្វកិច្ច របស់ស្ថានទូត«ឲ្យគោរពអនុសញ្ញាក្រុង វីយ៉ែនស្តីពីទំនាក់ទំនងការទូត»។ មាត្រា៤១ (១)នៃអនុសញ្ញានេះចែងថា រាល់បេសកកម្មទាំងអស់មានកាតព្វកិច្ចគោរពច្បាប់ និងបទបញ្ជានានារបស់រដ្ឋដែលខ្លួនតាំងនៅ ហើយពួកគេមានកាតព្វកិច្ចមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនោះឡើយ។

ក្រសួងការបរទេសកម្ពុជា បានស្នើប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គោរព ឲ្យបានហ្មត់ចត់ចំពោះកាតព្វកិច្ចរបស់ខ្លួន ដូចដែលមានចែងនៅក្នុងអនុសញ្ញាទីក្រុងវីយ៉ែន។

កាលពីថ្ងៃព្រហស្បត្តិ៍ ទី ៤ ឧសភា នេះ បានទទូចសារជាថ្មីឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងអគ្គលេខាធិការរងគ.ជ.ប និងអតីតមន្ត្រីអាដហុកចំនួនប្រាំរូបជាបន្ទាន់ ដោយហៅថាការឃុំខ្លួននេះ«គឺជាការឃុំខ្លួនតាមអំពើចិត្ត។»

នៅក្នុងសេចក្តីថ្លែងការណ៍នោះសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា «វាមានសារសំខាន់ណស់ដែលសិទ្ធិរបស់បុគ្គលទាំងប្រាំរូបនេះ ត្រូវបានគោរពពេញលេញហើយរាល់ការំលោភបំពានសិទ្ធិណាមួយរបស់ពួកគេក្រោមច្បាប់កម្ពុជានិងកិច្ចព្រមព្រាងអន្តរជាតិដែលកម្ពុជាជាហត្ថលេខី ត្រូវទទួលបានការដោះស្រាយដោយសមស្រប។»

អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចំានៅកម្ពុជា George Edgar បានឆ្លើយតបទៅនិងសេចក្តីថ្លែងការណ៍កម្ពុជាថា បញ្ហារំលោភសិទ្ធិមនុស្សគឺក្តីរង្វល់របស់សហភាពអឺរ៉ុប។ លោក George Edgar បញ្ជាក់ថា ទំនាក់ទំនងកាទូតរវាងសហភាពអឺរ៉ុបជាមួយប្រទេសកម្ពុជានៅតែល្អប្រសើរ ប៉ុន្តែទំនាក់ទំនងល្អនេះ មិនអាចបិទមាត់សហភាពអឺរ៉ុបបង្ហាញក្តីកង្វល់ពីការរំលោភសិទ្ធិមនុស្សឡើយ។

លោក ស៊ុំ ច័ន្ទគា អ្នកនំាពាក្យនៃអង្គការសមាគមអាហុក មិនសម្តែងការភ្ញាក់ផ្អើលចំពោះ ក្រសួងការបរទេសកម្ពុជាប្រតិកម្មចំពោះសហភាពអឺរ៉ុបជាម្ចាស់ជំនួយធំរបស់កម្ពុជា។

ដោយឡែកលោកស្រី មួរ សុខហួរ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបង្ហាញទស្សនៈថា ក្រសួងមិនគួរបដិសេធនឹងការទទូចរបស់សហភាពអឺរ៉ុបនេះទេ។

កាលពីថ្ងៃទី២៧ ខែមេសា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួនមន្រ្តីការពារសិទ្ធិមនុស្សលោកស្រី លឹម មុនី្ន លោកណៃ វ៉ង់ដា លោក នី សុខា  លោក យី សុខសាន្ត និង លោក នី ចរិយា អតីតអ្នកការពារសិទ្ធិមនុស្សអាដហុក និងជាអគ្គលេខាធិការរងគ.ជ.ប ចំនួនប្រាំមួយខែ បន្ថែមទៀត។
តុលាការបានឃុំខ្លួនក្រុមមន្ត្រីទាំងនេះអស់រយៈពេលមួយឆ្នាំមកហើយ ដោយមិនទាន់មានការជំនុំជម្រះ។ក្រុមមន្ត្រីទាំងនេះត្រូវចោទប្រកាន់ពីបទសូកប៉ាន់សាក្សី មិនឲ្យឆ្លើយការពិតពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរវាងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងកញ្ញាខុម ចាន់តារាទី ហៅស្រី មុំ៕

Share

ព័ត៌មានទាក់ទង

Image