en     km
en     km

អឺរ៉ុប​ថ្កោលទោស​កម្ពុជា​ជា​ថ្មី​ចំពោះ​ករណី​បន្ត​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គ​.​ជ​.​ប

Share

ភ្នំពេញ៖សហភាពអឺរ៉ុបជាថ្មីម្តងទៀតទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក។ មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលនៅតែការពារភាពស្របច្បាប់ចំពោះការចាប់ឃុំខ្លួនមន្ត្រីទាំងនោះ។

លោក ច្សច អេហ្គា
លោក ច្សច អេហ្គា

សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បត្តិ៍ ទី ៤ ឧសភា នេះ បានទទូចសារជាថ្មី ឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងមន្ត្រី និងអតីតមន្ត្រីអាដហុកចំនួនប្រាំរូបជាបន្ទាន់ ដោយហៅថាការឃុំខ្លួននេះគឺជាការឃុំខ្លួនតាមអំពើចិត្ត។ កាលពីថ្ងៃទី២៧ ខែមេសា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សលោកស្រី លឹម មុនី្ន លោកណៃ វ៉ង់ដា លោក នី សុខា  លោក យី សុខសាន្ត និង លោក នី ចរិយា អតីតអ្នកការពារសិទ្ធិមនុស្សអាដហុក និងជាអគ្គលេខាធិការរងគ.ជ.ប ចំនួនប្រាំមួយខែ បន្ថែមទៀត។ តុលាការបានឃុំខ្លួនក្រុមមន្ត្រីទាំងនេះអស់រយៈពេលមួយឆ្នាំមកហើយ ដោយមិនទាន់មានការជំនុំជម្រះ។

នៅក្នុងសេចក្តីថ្លែងការណ៍កម្រាស់មួយទំព័រ សហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា «វាមានសារសំខាន់ណស់ដែលសិទ្ធិរបស់បុគ្គលទាំងប្រាំរូបនេះ ត្រូវបានគោរពពេញលេញហើយរាល់ការំលោភបំពានសិទ្ធិណាមួយរបស់ពួកគេក្រោមច្បាប់កម្ពុជានិងកិច្ចព្រមព្រាងអន្តរជាតិដែលកម្ពុជាជាហត្ថលេខី ត្រូវទទួលបានការដោះស្រាយដោយសមស្រប។»

លោក កឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់ថា តុលាការសម្រេចបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគ.ជ.ប គឺ ស្របទៅតាមច្បាប់កម្ពុជា។ អ្នកនាំពាក្យរូបនេះ អំពាវនាវឲ្យសហភាពអឺរ៉ុបបង្ហាញអំណះអំណាងឲ្យច្បាស់មុននឹងចោទប្រកាន់កម្ពុជាថា ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគ.ជ.បដោយខុសច្បាប់។

លោក ស៊ំ ច័ន្ទគា អ្នកនាំពាក្យនៃអង្គការសមាគមអាហុក បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះតុលាការបន្តឃុំខ្លួនសហការីរបស់លោកចំនួន ៦ ខែ ទៀតនោះ។ លោក ច័ន្ទគា យល់ថា តុលាការគួរតែបិទបញ្ចប់ការស៊ើបអង្កេត ឬ ដោះលែងអ្នកទាំងប្រាំឲ្យមានសេរីភាពឡើងវិញ។ កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦ តុលការបានសម្រេចឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគ.ជ.ប ក្រោមបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហាលួចលាក់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាមួយប្រធានគណបក្ស    សង្គ្រោះជាតិ លោក កឹម សុខា។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕

Share

Image
Image
Image