យុវតីមានសម្បុរស្រអែម មានកម្ពស់ជាងមួយម៉ែត្រហុកសិប មានទឹកមុខមាំអមដោយស្នាមញញឹមរុះរាយរាកទាក់ក្នុងការនិយាយ មានកាយវិការរហ័សរហួនគូបផ្សំដោយសំឡេងស្រទន់មានពីធម្មជាតិ មានឈ្មោះថា ព្រឿង ភ័ណ្ឌ គឺជាឧទ្យានុរក្សនារីវ័យក្មេង មានអាយុ ២០ ឆ្នាំ។ ភ័ណ្ឌ មានស្រុកកំណើតនៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ហើយបច្ចុប្បន្នជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសំឡូត និងជាឧទ្យានុរក្សនារីការពារតំបន់ព្រៃសំឡូតនិងសហគមន៍អូរទទឹង។ ភ័ណ្ឌ នាងបានចាត់ទុកព្រៃជាសម្បត្តិរបស់មនុស្សជាតិទូទៅ ផ្តល់ប្រយោជន៍យ៉ាងច្រើនដល់មនុស្សព្រមទាំងស្រឡាញ់ព្រៃឈើស្ទើស្មើជីវិតរបស់ខ្លួន។ ការងារមួយនេះ រូបគេបានធ្វើវាមានរយៈពេលជាង ២ ទៅហើយចាប់តាំងពីចូលរៀននៅថ្នាក់វិទ្យាល័យ។
មានទីលំនៅជាប់តំបន់ព្រៃភ្នំ ដាច់ស្រយាលពីទីរួមខេត្តបាត់ដំបង កាលវ័យកុមារ យុវតីមានសំឡេងពិរោះរូបនេះ ធ្លាប់រត់លេង ធ្លាប់ច្រៀងនៅតាមព្រៃពេលឡើងភ្នំចុះភ្នំជាមួយបងប្អូននិងឳពុក។ ភ័ណ្ឌ បានចាត់ទុកព្រៃជាទីកម្សាន្តសម្រាប់លំហែអារម្មណ៍របស់ខ្លួនធ្វើឱ្យជីវិតស្រស់ថ្លា និងមានចិត្តមានក្តីស្រមៃចង់ធ្វើការងារជាអ្នកអភិរក្សព្រៃឈើតាំងពីវ័យកុមារ៖ « ខ្ញុំចូលចិត្តព្រៃឈើ ចូលចិត្តច្រៀងលេងសប្បាយនៅក្នុងព្រៃ ហើយខ្ញុំសន្យាខ្លួនឯងថានឹងព្យាយាមការពារព្រៃនៅតំបន់ដែលខ្ញុំរស់នៅ ដើម្បីប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់… ខ្ញុំមានគំនិតថាស្រឡាញ់ស្ទើស្មើជីវិតតាំងពីកុមារ»។
យុវតី ព្រឿង ភ័ណ្ឌ បានរៀបរាប់ពីមូលហេតុដែលជំរុញចិត្តឱ្យនាងស្ម័គ្រចិត្តធ្វើជាឧទ្យានុរក្សថា៖ « រយៈពេលជាង ១ ឆ្នាំហើយដែលខ្ញុំបានធ្វើការជាមួយអង្គការ ម៉ាដក្ស ចូលី ភីត (Maddox Jolie-Pitt) ដែលជាមូលនិធិរបស់អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីរបស់អាមេរិចបង្កើតឡើងដើម្បីការពារព្រៃឈើ សត្វព្រៃ នៅតំបន់ស្រុកសំឡូត និងសហគមន៍អូរទទឹង ស្ថិតក្នុងខេត្ដបាត់ដំបង។ ដំបូងឡើងខ្ញុំមិនដឹងថា ព្រៃឈើមានប្រយោជន៍អ្វីខ្លះនោះទេ ប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើការងារទាំងនេះ ខ្ញុំដឹងច្បាស់ថា ព្រៃឈើជួយការពារខ្យល់ព្យុះ ព្រៃជាប្រភពទាក់ទាញទឹកភ្លៀង ទប់ស្កាត់គ្រោះរាំងស្ងួត ផ្តល់ជម្រកដល់សត្វព្រៃ ជាពិសេសព្រៃឈើបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋក្នុងសហគមន៍ដែលខ្ញុំរស់នៅ។
យុវតី រូបនេះ បានរៀបរាប់បន្តទៀតថា សព្វថ្ងៃប្រសិនបើពុំមានការការពារនោះទេ ព្រៃឈើនឹងបាត់បង់អស់ជាពុំខាន ព្រោះបច្ចុប្បន្នមានអ្នកប្រព្រឹត្តបទល្មើសកាប់ឈើព្រៃយ៉ាងច្រើន ហើយបើការពារព្រៃឈើបានល្អ នោះព្រៃនឹងអាចគង់វង្ស និងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋនៅក្នុងតំបន់បានយ៉ាងច្រើន។
ភ័ណ្ឌ បានបញ្ជាក់ថា៖ «ចំណេះដឹងដែលខ្ញុំបានរៀន ខ្ញុំបានអនុវត្តន៍ផ្ទាល់នៅក្នុងព្រៃ ការងារទាក់ទងនឹងព្រៃឈើ និងការងារនៅក្នុងសហគមន៍ដែលខ្ញុំបានធ្វើជាមួយ បានធ្វើឱ្យខ្ញុំយកវាទៅអនុវត្តជាមួយការសិក្សា ហើយការងាររបស់ខ្ញុំបានជួយដល់សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បានយ៉ាងច្រើន»។ ការងារស្ម័គ្រចិត្តការពារព្រៃមិនបានផ្តល់លុយកាក់បានច្រើនដល់ ភ័ណ្ឌ នោះទេ ក្រៅពីប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្តិចបន្តួច ប៉ុន្តែឧទ្យានុរក្សនារីវ័យក្មេងរូបនេះគិតថា ការងារទាំងនោះបានជួយបង្រៀនឱ្យខ្លួនមានភាពក្លាហ៊ាន យល់ដឹងច្រើនពីការងារនៅក្នុងសង្គម និងជាការងារមួយដែលជួយអភិរក្សព្រៃឈើ សត្វព្រៃរបស់កម្ពុជាឱ្យបានគង់វង្សសម្រាប់ថ្ងៃខាងមុខ និងទុកសម្រាប់មនុស្សជំនាន់ក្រោយឱ្យបានស្គាល់ព្រៃឈើនៅកម្ពុជា។
ឧទ្យានុរក្សវ័យក្មេងរូបនេះ បានឱ្យដឹងពីការងារដែលខ្លួនកំពុងធ្វើនាពេលបច្ចុប្បន្ននេះថា ក្នុងមួយសប្តាហ៍រូបគេនឹងក្រុមការងារ មានសមាជិកទាំងអស់ចំនួន ១៥ នាក់ក្នុងនោះមានតែឧទ្យានុរក្សនារីតែ ២ នាក់ ត្រូវចុះទៅដើរល្បាតព្រៃម្តងៗ។ ព្រៃឈើដែល ភ័ណ្ឌ នឹងក្រុមការងារត្រូវចុះល្បាតមានផ្ទៃដីទំហំជាង ៣០ ហិចតា ត្រូវដើររយៈពេលមួយថ្ងៃពេញ ដោយបែងចែកគ្នាជាពីរក្រុម។ ប្រសិនបើមានជួបករណីកាប់ឈើព្រៃ ឧទ្យានុរក្សទាំងអស់មានសិទ្ធិឃាត់ខ្លួនជាបន្ទាន់ ដើម្បីធ្វើរបាយការណ៍ផ្សេងៗ និងផ្តល់ព័ត៌មានឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ការងារជា អ្នកការពារព្រៃប្រឈមមុខច្រើន នឹងគ្រោះថ្នាក់ រាប់ទាំងការធ្វើដំណើរ និងការគំរាមកំហែងពីជនប្រព្រឹត្តល្មើសកាប់ឈើ ជាពិសេសក្នុងនាមជាស្ត្រីពេលដែលចុះទៅបំពេញការងារម្តងៗ កន្លងនៅតែងជួបអ្នកកាប់ឈើព្រៃមកពីតំបន់ឆ្ងាយៗ ហើយពិបាកហាមឃាត់អ្នកទាំងនោះឱ្យបញ្ឈប់សកម្មភាពកាប់ឈើ។ ប៉ុន្តែទីបំផុត ការនិយាយបញ្ចុះបញ្ចូលលើកហេតុផលពន្យល់ផ្សេងៗពីក្រុមឧទ្យានុរក្ស បានធ្វើឱ្យអ្នកប្រព្រឹត្តល្មើសទទួលយក និងមិនធ្វើសកម្មភាពកាប់ឈើព្រៃបន្ត។ ភ័ណ្ឌ បានឱ្យដឹងថា ការងារដែលកំពុងធ្វើនាពេលបច្ចុប្បន្ន រូបគេមិនដែលត្អូញត្អែរ ហត់នឿយ ឬភ័យខ្លាចនោះទេ ព្រោះការងារទាំងនោះ មានការលើកទឹកចិត្តគាំទ្រពីមនុស្សនៅជុំវិញខ្លួន ពិសេសគឺមានម្តាយឪពុក។
លោក ព្រឿង សុផៃ ជាបងប្រុស ភ័ណ្ឌ បានប្រាប់ឱ្យដឹងថា៖ «ទាំងម្តាយឳពុក ទាំងបងប្អូនទាំងអស់ តែងគាំទ្រការងាររបស់ប្អូនស្រីខ្ញុំជានិច្ច ការងារជាឧទ្យានុរក្សបានជួយដល់សង្គមយ៉ាងច្រើន ក៏ដូចជាប្រជាជនរស់នៅសហគមន៍តំបន់សំឡូត ទាំងមូល។ … ឱ្យតែធ្វើការងារជួយសង្គមទាក់ទងទៅនឹងជួយប្រជាជន ជួយការពារព្រៃ ការពារធម្មជាតិជាដើម ម្តាយឪពុកគាត់តែងគាំទ្រជានិច្ច ព្រោះម្តាយខ្ញុំក៏ជាអ្នកស្ម័គ្រចិត្តព្យាបាលជំងឺឱ្យពលរដ្ឋនៅ តំបន់នោះដែរ»។
នៅពេលសួរទៅកាន់ ភ័ណ្ឌ ថាតើនៅថ្ងៃអនាគត ភ័ណ្ឌ ធ្វើការងារជាឧទ្យានុរក្សបន្ត ឬមានគោលបំណងចង់ធ្វើការអ្វីផ្សេង? យុវតីរូបនេះ និយាយអមដោយស្នាមញញឹមថា៖ «ក្រៅពីការងារអភិរក្សព្រៃ ខ្ញុំមានបំណងចង់ក្លាយជាអ្នកចម្រៀងដ៏ល្បីម្នាក់ ព្រោះការងារជាសិល្បៈធ្វើឱ្យខ្លួនរីករាយ ព្រមទាំងអាចជួយដល់មនុស្សនៅក្នុងសង្គមបានដែរ ហើយកន្លងទៅខ្ញុំធ្លាប់ច្រៀងលេងជាមួយមិត្តភក្តិរួមការងារ ខ្ញុំចូលចិត្តច្រៀងទោះនៅក្នុងព្រៃក្តី ឬទីកន្លែងផ្សេងៗ ហេតុនេះហើយទើបជំរុញចិត្តចង់ក្លាយខ្លួនជាអ្នកចម្រៀងអាជីពមួយនៅ ថ្ងៃអនាគត»។
ដើម្បីឱ្យក្តីប្រាថ្នារបស់ខ្លួនក្លាយជាការពិតយុវតី ព្រឿង ភ័ណ្ឌ បច្ចុប្បន្នបានក្លាយជាបេក្ខភាពកំពុងចូលរួមប្រឡងច្រៀងក្នុង កម្មវិធី The Cambodia Idol កំពុងមានការគាំទ្រពីទស្សនិកជន និងគណៈកម្មាការវាយតម្លៃក្នុងកម្មវិធីនេះ នៅក្នុងកម្មវិធីទូរទស្សន៍ល្បីមួយនៅក្នុងប្រទេស។ នាងនៅតែប្រកាន់គោលជំហរដ៏រឹងប៉ឹងរបស់ខ្លួនថា បើទោះបីរូបគេក្លាយជាអ្នកច្រៀងនៅថ្ងៃណាមួយក្តី ការងារការពារព្រៃឈើនាងមិនបោះបង់ចោលឡើយ នៅតែបន្តធ្វើដដែល ព្រោះ ភ័ណ្ឌ ស្រឡាញ់ព្រៃឈើតាំងពីកុមារ ហើយមិនចង់ឃើញព្រៃឈើបាត់បង់ឡើយ។
បេក្ខភាពប្រឡងចម្រៀងក្នុង កម្មវិធី The Cambodia Idol រូបនេះ មានបងប្អូនស្រីប្រុសចំនួន ៦ នាក់រស់នៅក្នុងគ្រួសារមានជីវភាពមធ្យម។ ភ័ណ្ឌ ជាស្រី ទី៤ ក្នុងគ្រួសារ មានម្តាយឪពុកជាកសិករ។ ក្រៅពីប្រកបរបរធ្វើស្រែចំការ ម្តាយធ្វើជាអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់នៅក្នុង សហគមន៍ ចំណែកឳពុកក៏ឆ្លៀតពីការងារស្រែចម្ការធ្វើជាប្រជាសហគមន៍ការពារ ព្រៃឈើក្នុងតំបន់ផងដែរ៕