អ្នកសង្កេតការណ៍មកពីទ្វីបចំនួនបួននឹងមកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅប្រទេសកម្ពុជានៅខែមិថុនា ខាងមុខនេះ។ មន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្វាគមន៍វត្តមានអ្នកសង្កេតការណ៍ទាំងនេះ។
អ្នកសង្កេតការណ៍អន្តរជាតិមកពីអាមេរិកឡាទីន ទ្វីបអឺរ៉ុប អាហ្វ្រិកនិងមកពីទ្វីបអាស៊ី នឹងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅប្រទេសកម្ពុជានៅខែក្រោយនេះ ប៉ុន្តែគេនៅមិនទាន់ដឹងចំនួនពិតប្រាកដនៃអ្នកសង្កេតការបរទេសទាំងនេះទេ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃអង្គារនេះថាលោក Cesar Rosello បេសកជននៃអ្នកប្រជាធិបតេយ្យ និយមកណ្តាល តំណាងឲ្យទ្វីបទាំង៤ នឹងដឹកនាំប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតមួយក្រុមមកកម្ពុជាដើម្បីឃ្លាំមើលការបោះឆ្នោតថា្នក់មូលដ្ឋាននេះ។
លោក Cesar Rosello បានជួបជាមួយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៅព្រឹកនេះក្នុងទីក្រុងភ្នំពេញ។
លោក សួស យ៉ារ៉ា បានឱ្យដឹងបន្តថា ការណ៍ដែលបេសកជនតំណាងទី្វបទាំងបួន មកសង្កេតការដោយនេះ គឺពួកគេចង់តាមដានដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
«ដូច្នេះក្រុមអ្នកប្រជាធិបតេយ្យនិយមកណ្តាលដែលមានចម្រុះ តំណាងមកពីគ្រប់ទ្វីបទាំងអស់នេះ គេមកចុះមើលស្ថានការណ៍នៃការបោះឆ្នោតឃុំសង្កាត់របស់យើង នៅថ្ងៃទី៤ មិថុនានេះ យើងនឹងមាន គណៈប្រតិភូដឹកនាំដោយប្រធានអ្នកប្រជាធិបតេយ្យនិយមកណ្តាល មកមើលដោយផ្ទាល់ពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយជាសាក្សីរស់បន្ទាប់ពីការបោះឆ្នោតកន្លងមក ដែលកម្ពុជាប្រឹងប្រែងរៀបចំខ្លួន ដោយជោគជ័យ»។
មានគណបក្សនយោបាយចំនួន១២ បានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
រហូតមកទល់ពេលនេះមានអ្នកសង្កេតការណ៍ជាតិសរុប ចំនួន២ម៉ឺន៥៤០នាក់បានចុះឈ្មោះចូលរួមសង្កេតការណ៍ និងឃ្លាំមើលការបោះឆ្នោត។ ក្រៅពីនោះមានអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានចុះឈ្មោះមានមកពីស្ថានទូតមួយចំនួនក្នុងរាជធានីភ្នំពេញនិ ងមកពីសហគមន៍អឺរ៉ុប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណោៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្វាគមន៍ចំពោះការមកសង្កេតការណ៍ដោយផ្ទាល់ របស់ក្រុមបេសកជននៃអ្នកប្រជាធិបតេយ្យ និយមកណ្តាល តំណាងឱ្យទ្វីបទាំង៤ ខាងលើនេះ។
«សង្ឃឹមថាពួកគាត់នឹងផ្តល់យុត្តិធម៌ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចាត់ចែងការបោះឆ្នោត និងផ្តល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ព្រមទាំងគណបក្សនយោបាយដែលប្រកួតប្រជែងផងដែរ ផ្អែកទៅលើការសង្កេតការណ៍របស់ពួកគាត់»។ មានពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជិត៨លាននាក់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងត្រូវចំណាយថវិកាអស់ជាង៥០លានដុល្លារអាមេរិក៕