en     km
en     km

ដើមឆ្នំា ២០១៧ មនុស្សស្លាប់ក្នុងគ្រោះធម្មជាតិមានជិត ២០នាក់(មានសំឡេង)

Share

ភ្នំពេញ ៖ យ៉ាងហោចណាស់ពលរដ្ឋជិត ២០ នាក់បានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយធម្មជាតិដែលបង្កទ្បើង      ដោយ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ នៅដើមឆ្នាំ ២០១៧ នេះ។

 

សត្វមួយចំនួនបានងាប់ក្នុងគ្រោះរន្ទះបាញ់។
សត្វមួយចំនួនបានងាប់ក្នុងគ្រោះរន្ទះបាញ់។

 រយៈពេល ៤ ខែដើម ឆ្នំា ២០១៧ នេះមានប្រជាពលរដ្ឋស្លាប់ដោយគ្រោះធម្មជាតិចំនួន ១៦នាក់ក្នុងនោះមនុស្ស ២ នាក់ស្លាប់ ដោយសារខ្យល់កន្រ្តាក់ និងមនុស្ស ១៤ នាក់ស្លាប់ដោយរន្ទះបាញ់ ។

នេះបើតាមអ្នកនំាពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ឱ្យដឹងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៧ នេះ។

លោក កែវ វី បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្តីដឹងនៅថ្ងៃទី ៣០ ខែមេសា ឆ្នំា២០១៧នេះថា ត្រឹមខែមករា រហូតមកដល់ថ្ងៃទី ២៥ ខែមេសា ឆ្នំា២០១៧ បញ្ហាខ្យល់ព្យុះ ខ្យល់កន្រ្តាក់ កើតទ្បើង ៦៦លើក បង្កឱ្យ មនុស្ស ២នាក់ស្លាប់ និងរងរបួស ១៧នាក់ ហើយផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន ១៩៤ ខ្នងរងការខូចខាត។

ដោយទ្បែកប្រជាពលរដ្ឋដែលស្លាប់ដោយសាររន្ទះបាញ់មានចំនួន ១៤នាក់ ក្នុងនោះមានស្រី ៦នាក់ ចំណែករបួស ១៥នាក់ ហើយគោក្របី ១៩ ក្បាលបានងាប់។

ការណ៍នេះលោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់លាយទ្បំខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ផងដែរ។ លោក កែវ វី «ធម្មតាការកើតមានជាខ្យល់ព្យុះ ខ្យល់អី ក្នុងរយៈពេល ខែ ៤ គឺជារយៈពេលមួយ ដែលកើតមានច្រើនដោយសារការវាផ្លាស់ប្តូរដូវការពីរដូវប្រាំង ទៅវស្សាហ៍គឺហេតុការណ៍ផ្គររន្ទះវាកើតមានច្រើន»។

រូបគំរូស្តីពីបំរាមមិនឱ្យជ្រកក្រោមដើមឈើពេលមេឃភ្លៀង។
រូបគំរូស្តីពីបំរាមមិនឱ្យជ្រកក្រោមដើមឈើពេលមេឃភ្លៀង។

 ទាក់ទងក្នុងរឿងនេះ អ្នកនំាពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានផ្តល់ជាអនុសាសន៍ថា ដើម្បីកាត់ បន្ថយអត្រាអ្នកស្លាប់ដោយសាររន្ទះបាញ់ ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលឃើញមេឃរកកល់ភ្លៀង គឺត្រូវរត់ទៅរក កន្លែងទីមានសុវត្ថិភាពជ្រក ដូចជាក្នុងផ្ទះ ឬអគារជាដើម។ ករណីបើពលរដ្ឋកំពុងនៅក្នុងស្រែ ឬចំការដែលមានទឹក ពលរដ្ឋ ត្រូវចាកចេញទៅរកកន្លែងដែលស្ងួតហើយអង្គុយចោងហោង យកដៃក្តោបស្លឹកត្រចៀកដោយធ្វើយ៉ាងណាឱ្យដងខ្លួនទាប ជាដើម។ ធ្វើដូចនេះគឺអាចបញ្ជៀសបានមិនឱ្យរន្ទះបាញ់ចំ។

លោក ចាន់ យុត្ថា មានប្រសាសន៍បន្តទៀតថា «ហើយហាមជ្រកនៅក្រោមដើមឈើមួយទៀតគ្រឿងអេទ្បិចត្រូនិចផ្សេងៗ ដូចជាទូរស័ព្ទ ឬកូនវិទ្យុ និយាយរួមគ្រឿងដែលមានឆ្លងអគ្គីសនីត្រូវតែបិទ ប្រសិនបើដៃយើងកាន់លោហៈដូចជាដំដែក ឬក៏កណ្តៀវ ពូថៅ វត្ថុអ្វីជាលោហៈបោះវាអោយឆ្ងាយពីខ្លួនរបស់យើង »។

 គិតត្រឹម ៤ ខែដើមកាលពីឆ្នំា ២០១៦ គ្រោះមហន្តរាយធម្មជាតិបានកើតទ្បើង ៤៦លើក ក្នុងរាជធានី ខេត្តចំនួន១៦។ ផ្ទះពល រដ្ឋចំនួន ២២០ ខ្នង និងទ្រព្យសម្បត្តិ ត្រូវដួលរលង និងខូចខាត។ ចំណែកពលរដ្ឋស្លាប់ដោយសារ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ចំនួន ៤ នាក់ របួស ១៧នាក់។ ចំណែកមនុស្សស្លាប់ដោយសាររន្ទះបាញ់ មានចំនួន ៨នាក់ របួស ១៥នាក់ ងាប់គោ ក្របី ១ ក្បាល៕

Share

ព័ត៌មានទាក់ទង

Image