en     km
en     km

តើ​កម្ពុជា​ និង​អា​មេ​រិ​ក​គួរ​ដោះស្រាយ​វិបត្តិ​នៃ​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​អា​មេ​រិ​ក​បែប​ណា​? (មានសំឡេង)

Share

ភ្នំពេញ៖ចាប់តាំងពីដើមឆ្នាំ២០១៧នេះមក រាជរដ្ឋាភិបាលកម្ពុជាបានប៉ុនប៉ងម្តងហើយម្តងទៀតឲ្យសហរដ្ឋអាមេរិកឈប់បញ្ជូនពលរដ្ឋខ្មែរ ដែលមានទោសត្រឡប់មកកម្ពុជាវិញ។ មូលហេតុដោយសារពួកគេខ្វះហេដ្ឋារចនាសម្ពន្ធ័សម្រាប់ការតាំងលំនៅថ្មី។

imigran
ក្រៅពីបញ្ហាបំណុលដែលកម្ពុជាជំពាក់អាមេរិកក្នុងរបបលោកសេនាប្រមុខ លន់ នល់  អំឡុងទសវត្សឆ្នាំ១៩៧០ ហើយដែលកម្ពុជាកំពុងទាមទារឲ្យទីក្រុងវ៉ាស៊ីនតោនលប់ចោលបំណុលនេះ។ បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែស្វែងរកការដោះស្រាយចំណោទមួយទៀតជាមួយសហរដ្ឋអាមេរិក។ នោះគឺចំណោទពីការធ្វើមាតុភូមិនិវត្តន៍នៃពលរដ្ឋកម្ពុជាដែលជាប់ទោសឧក្រិដ្ឋពីសហរដ្ឋអាមេរិកវិញ។

ចាប់តាំងពីដើមឆ្នាំ២០១៧នេះមក ប្រទេសកម្ពុជាបានទទូចម្តងហើយម្តងទៀតឲ្យសហរដ្ឋអាមេរិកពិចារណាលើផែនការបញ្ជូនពលរដ្ឋខ្មែរត្រឡប់មកប្រទេសកម្ពុជាវិញ។ហើយកម្ពុជាទាមទារឲ្យមានការចរចា និងធ្វើវិសោធនកម្មកិច្ចព្រមព្រាងស្តីពីការបញ្ជូនពួកគេមកកម្ពុជាវិញ។

ជាថ្មីម្តងទៀតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះបានអំពាវនាវដល់សហរដ្ឋអាមេរិកឲ្យឈប់បញ្ជូនពលរដ្ឋខ្មែរដែលមានទោសឧក្រិដ្ឋទាំងនោះមកកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

មូលហេតុនៃការទាមទាររបស់សម្តេចហ៊ុន សែន មិនខុសពីការបង្ហាញពីទឡ្ហីករមុនៗនោះទេ។ ពោលគឺពលរដ្ឋទាំងនេះ មិនដែលមកជាន់ដីស្រុកខ្មែរសូម្បីតែមួយដង ពួកគេមិនចេះនិយាយភាសាខ្មែរ។បន្ថែមពីនោះទៀតការបញ្ជូនពួកគេមកវិញប្រៀបដូចជាដាក់ទណ្ឌកម្មពួកគេបន្ថែមមួយកម្រិតទៀតដោយសារតែអ្វីៗគឺពួកគេត្រូវចាប់ផ្តើមឡើងវិញទាំងអស់។
ប៉ុន្តែបើទោះជាមានសំណើរពីកម្ពុជាក៏ដោយ ក៏សហរដ្ឋអាមេរិកបានបន្តបញ្ជូនពលរដ្ឋទាំងនោះមកកម្ពុជាបន្ថែមទៀតកាលពីខែមុន។ដូច្នេះក្នុងរយៈពេលជាងដប់ឆ្នាំចុងក្រោយនេះ អាមេរិកបានបញ្ជូនពលរដ្ឋកម្ពុជាដែលជាប់ពិរុទ្ធត្រឡប់មកកាន់ស្រុកកំណើតពួកគេវិញជាង៥០០នាក់ហើយ។ ជាបឋមយើងគួរក្រឡេកមើលថាហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនចង់រក្សាពលរដ្ឋខ្មែរទាំងនោះ។

វាទំនងជាមិនពិបាកយល់ទេថាប្រទេសនិមួយៗមិនចង់ឲ្យមានរូបភាពអាក្រក់ដិតដាមក្នុងប្រទេសរបស់ខ្លួនទេ។ ការចាប់បញ្ជូនពលរដ្ឋខ្មែរដែលមានពិរុទ្ធភាពមកកាន់ប្រទេសកម្ពុជាវិញមានន័យថាអាមេរិកត្រូវការបោសសំអាតជនជាតិដទៃដែលមិនគោរពច្បាប់ចេញពីទឹកដីរបស់ខ្លួន។ អាមេរិកដែលជាប្រទេសបើកទ្វារទទួលប្រជាពលរដ្ឋស្របច្បាប់ពីបរទេសឲ្យទៅតាំងលំនៅលើទឹកដីរបស់ខ្លួន ប៉ុន្តែអាមេរិកមិនរក្សាទុកពលរដ្ឋបរទេសទាំងនោះឲ្យស្ថិតនៅកកូរកកាយ បង្កភាពវឹកវរឬបង្កភាពច្របូកច្របល់ផ្លូវច្បាប់ក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ។ និយាយឲ្យចំគឺអាមេរិកមិនចង់ឈឺក្បាលព្រោះតែជនជាតិដទៃដែលទទួលបានភាពអនុគ្រោះឲ្យរស់នៅទឹកដីរបស់ខ្លួននោះទេ។

ប៉ុន្តែនៅផ្នែកម្ខាងទៀតគេអាចមើលឃើញថាអាមេរិកក៏ជាប្រទេសពើងទ្រូង មិនខ្ចីស្តាប់ប្រទេសតូចតាច ដូចជាកម្ពុជានេះ។ ហេតុផលបានបង្ហាញថាកម្ពុជាបានទទូចឲ្យមានការចរចាឡើងវិញជាច្រើនដងមុននឹងសម្រេចបញ្ជូនពលរដ្ឋខ្មែរមកកាន់កម្ពុជាវិញ ប៉ុន្តែទីបំផុតអាមេរិកនៅតែបញ្ជូនពលរដ្ឋខ្មែរចុងក្រោយមកដដែល ខណៈដែលការចរចានៅមិនទាន់ចាប់ផ្តើមឡើងវិញនៅឡើយ។ សំដីមួយម៉ាត់របស់អាមេរិកគឺថាប្រទេសនិមួយៗមានភារកិច្ចទទួលយកពលរដ្ឋរបស់ខ្លួនវិញ។ ដោយឈរលើទស្សនៈនេះអាមេរិកលែងត្រូវការស្តាប់ហេតុផលអ្នកដទៃឲ្យបានច្រើនទៀតហើយ។ ហើយអាមេរិកត្រូវប្រមូលផ្តុំដោយពលរដ្ឋដែលងាយនិយាយស្តាប់គ្នា និងត្រូវគោរពច្បាប់របស់អាមេរិក។

ប៉ុន្តែអាកប្បកិរិយានេះក៏បានបង្ហាញដែរថា អាមេរិកបានសម្លឹងមកកម្ពុជាដោយចុងភ្នែកនិងការពារហេតុផលរបស់ខ្លួនច្រើនជាង។ ទោះជាយ៉ាងណាត្រង់ចំណុចនេះ គេក៏អាចសម្លឹងឃើញថាកម្ពុជាក៏មានចំណុចទន់ជ្រាយមួយចំនួនក្នុងការតស៊ូមតិជាមួយសហរដ្ឋអាមេរិក។ជាមួយគ្នានោះកម្ពុជាខ្វះភាពបទបែនទៀតផង។

ទន់ជ្រាយដោយសារតែកម្ពុជាមានហេតុផលដដែលៗនិងមិនទាន់គ្រប់គ្រាន់ក្នុងការទាញយកការពិចារណារបស់សហរដ្ឋអាមេរិក។ហើយកម្ពុជាមិនព្រមប្រើប្រាស់ជំហររឹងត្អឹងរបស់សហរដ្ឋអាមេរិកដើម្បីទាញយកប្រយោជន៍មកវិញ។ ត្រង់ចំណុចនេះគេមិនអាចប្រឆាំងនឹងជំហរអាមេរិកដែលដាច់ខាតត្រូវតែបញ្ជូនពលរដ្ឋកម្ពុជាដែលជាប់ចោទពីបទឧក្រិដ្ឋមកកម្ពុជានោះទេ។ ប៉ុន្តែគេត្រូវរុញទូកបណ្តោយទឹក ហើយស្នើឲ្យអាមេរិកទទួលខុសត្រូវចំពោះការតាំងលំនៅថ្មីរបស់ពលរដ្ឋទាំងនោះរហូតដល់ពួកគេធ្វើសមាហរណកម្មក្នុងសង្គមកម្ពុជាបានជាស្ថាពរ។

កម្ពុជាគួរយល់ថាខ្លួនជាប្រទេសតូចដែលមានឥទ្ធិពលតិចតួច។ដូច្នេះកម្ពុជាត្រូវប្រើប្រាស់សិល្បៈក្នុងវិធីសាស្ត្រដោះស្រាយច្រើនជាងការប្រឈមទល់មុខត្រង់ៗដោយម៉ឺងម៉ាត់ខ្លាំងពេក។ ជាក់ស្តែងកម្ពុជាគួរដកស្រង់បទពិសោធន៍ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់នៅប្រទេសអូស្ត្រាលីមកកាន់កម្ពុជា សំរាប់ដោះស្រាយបញ្ហាពលរដ្ឋខ្មែរដែលត្រូវបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា។ បទពិសោធន៍នោះគឺប្រទសអូស្ត្រាលីបានផ្តល់មូលនិធិមួយចំនួនដើម្បីផ្តល់ភាពលំនឹងក្នុងការតាំងលំនៅថ្មី។ ក្នុងនោះរួមមានការយកចិត្តទុកដាក់ក្នុងការផ្តល់លំនៅថ្មីនិងការបណ្តុះបណ្តាលជាដើម។ ដូច្នេះអាមេរិក គួរតែទទួលខុសត្រូវឲ្យបានច្រើនក្នុងការបញ្ជូនពលរដ្ឋខ្មែរដែលមានទោសមកកម្ពុជា៕

Share

Image
Image
Image