en     km
en     km

បទវិភាគ៖ គណបក្សថ្មី បង្កើត​ឡើង​ក្នុង​គោល​ដៅ​កំទេច​បក្ស​ប្រឆាំង​ឬ​?

Share

ក្នុង​រយៈ​ចុង​ក្រោយ​នេះ ការ​បង្កើត​គណ​បក្ស​ថ្មី​ជា​បន្ត​បន្ទាប់ ត្រូវ​បាន​អ្នក​វិភាគ​នយោ​បាយ​ អ្នក​តាម​ដាន​ស្ថាន​ការណ៍​សង្គមនិង​អ្នក​​នយោ​បាយ​យល់​ឃើញ​ផ្សេង​ៗ​គ្នា​។ អ្នក​ខ្លះ​យល់​ថា​ ការ​បង្កើត​​គណ​បក្ស​ថ្មី​គឺ​ជា​សិទ្ធិ​សេរី​ភាព​នយោ​បាយ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​ ខ្លះ​ទៀត​យល់​ថា​ ការ​បង្កើត​បក្ស​ថ្មី ​គឺ​មាន​បំណង​កំទេច​ គណ​បក្សប្រឆាំង​ដែល​កំពុង​មាន​ប្រជា​ប្រិយ​ភាព​។​

ត​ទៅ​នេះ​ សូម​ស្តាប់​បទ​វិភាគ​របស់​លោក រ៉ឹម ភារី អ្នក​យក​ព័ត៌​មាន​របស់​ ​WMC​៖​

សំឡេង៖

នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ ការ​បង្កើត​គណ​បក្ស​នយោបាយ​គឺ​ជា​រឿង​ធម្មតា​​ពី​ព្រោះ​​ការ​ដឹក​នាំ​តាម​បែប​ប្រជា​ធិតេយ្យ ​គឺ​តម្រូវ​ឲ្យ​មាន​គណ​បក្ស​ច្រើន​ក្នុង​ការ​ប្រកួត​ប្រជែង​​គ្នាដើម្បី​ឈាន​ទៅ​ដឹក​នាំ​រដ្ឋា​ភិ​បាល​។ មិន​ខុស​គ្នា​ទេ​ កម្ពុជា​បាន​បង្កើត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ា​រីស​នៅ​ថ្ងៃ​ទី​២៣ ​តុលា ឆ្នាំ​១៩៩១ ដែល​នាំ​ឲ្យ​ការ​បោះឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ឆ្នាំ​១៩៩៣ និង​បង្កើត​បាន​រដ្ឋ​ធម្មនុញ្ញ​នៅ​ឆ្នាំ​១៩៩៣ ដោយ​ទទួល​យក​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​និង​អនុវត្ត​នយោបាយ​តាម​ប្រព័ន្ធ​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​។

នៅ​ក្នុង​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ ការ​បោះ​ឆ្នោត​និង​មាន​ពហុ​បក្ស គឺ​ជា​ធាតុ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ដឹក​នាំ​តាម​ប្រព័ន្ធ​ប្រជា​ធិតេយ្យ​។ ការ​ដឹក​នាំ​តាម​បែប​ប្រជា​ធិបតេយ្យ​គឺ​ ជា​ការ​ដឹក​នាំ​មួយ​ដែល​​យក​ប្រជា​ពលរដ្ឋ​ជា​អធិ​បតី​ ព្រោះ​សិទ្ធិ​​និង​អំណាច​ត្រូវ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​ពល​រដ្ឋ។

564334_3294185516874_1334885991_32512325_38011636_n

មែន​ទែន​ទៅ​ ការ​បង្កើត​គណ​បក្ស​គឺ​យន្ត​ការ​ប្រជា​ធិបតេយ្យ​ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​អ្នក​ជ្រើស​មួយ​​ក្នុង​ចំណោម​បក្ស​ទាំង​អស់​ទៅ​ដឹក​នាំ​រដ្ឋ​។ ការ​ធ្វើ​បែប​នេះ​ គឺ​ចៀស​វាស​ការ​កាន់​អំណាច​តែ​បក្ស​មួយ​ដែល​ផ្ទុយ​នឹង​របប​ប្រជា​ធិបតេយ្យ​។ ការ​ប្រកួត​ប្រជែង​ផ្នែក​គោល​នយោ​បាយ​របស់​គណ​បក្ស ​គឺ​ជា​រឿង​គួរ​ឲ្យ​អប​អរ​​ព្រោះ​ការ​ខិត​ខំ​ស្វែង​រក​ប្រជា​ប្រិយ​ភាព​របស់​អ្នក​នយោ​បាយ គឺ​ធ្វើ​ឲ្យ​ប្រជា​ជាតិ​រីក​ចម្រើន​ តាម​រយៈ​ការ​កសាង​ស្នា​ដៃ​នា​នា ​ដើម្​បីទាក់​ទាញ​ការ​គាំ​ទ្រ​ពី​ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់​ឆ្នោត​។​

ការ​បង្កើត​គណ​បក្ស​ គឺ​ជា​ការ​ប្រមូល​អ្នក​ដែល​មាន​គំនិត​ស្រ​ដៀង​គ្នា​ អ្នក​ដែល​មាន​មនោគមន៍​វិជ្ជា​​ស្រដៀង​គ្នា​ ​និង​អ្នក​ដែល​មាន​ប្រយោជន៍​ស្រដៀង​គ្នា​ ដើម្បី​បង្កើត​​ប្រព័ន្ធ​គណ​បក្សដែល​ជា​ស្ថាប័ន ​នយោ​បាយ​ដែល​មាន​គោល​បំណង​ទៅ​ដឹក​នាំ​ប្រទេស​។​ ការ​បង្កើត​គណ​បក្ស​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ ​គឺ​ទាមទារ​លក្ខខណ្ឌ​​ច្រើន​ទាំង​ធន​ធាន​មនុស្ស​ ហិរញ្ញ​វត្ថុ អ្នក​ដឹក​នាំ អ្នក​ការ​ទូត​ទាំង​ក្នុង​ប្រទេស​​និង​ក្រៅ​ប្រទេស​ជា​ដើម​ ពោល​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​។ ប្រសិន​បើ​គណ​បក្ស​ណា​ដែល​​​បង្កើត​ឡើង​មិន​មាន​​លក្ខណៈ​​សម្បត្តិ​គ្រប់​គ្រាន់​ នោះ​ប្រជា​ពល​រដ្ឋ​នឹង​មិន​ផ្តល់​ការ​គាំ​ទ្រ​នោះ​ទេ​ព្រោះ​ពល​រដ្ឋ​យល់​ថា​ បក្ស​ទាំង​នោះ​គ្មាន​សមត្ថ​ភាព​​ទៅ​ដឹក​នាំ​រដ្ឋា​ភិបាល​។​

ដោយ​ឡែក​នៅ​កម្ពុជា ការ​បង្កើត​គណ​បក្ស​នយោ​បាយ​មុន​ការ​បោះ​ឆ្នោត​គឺ​រឿង​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​នោះ​ទេ​ ​មិន​ភ្ញាក់​ផ្អើល​ពី​ព្រោះ​ថា កន្លង​មក​កម្ពុជា​ធ្លាប់​មាន​គណ​បក្សច្រើន​លើស​លប់​ ស្រប​ពេល​កម្ពុជា​មាន​ប្រជា​ជន​មិន​ដល់​១៦​លាន​នាក់​ផង​នោះ​។ ​

គិត​ដល់​ត្រឹម​ឆ្នាំ​២០១៥​នេះ គណ​បក្ស​នយោ​បាយ​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​១០​​។​ ជា​ការ​​ពិត​ ​ការ​បង្កើត​គណ​បក្ស ​គឺ​សិទ្ធិ​សេរីភាព​​នយោ​បាយ​ ​តែ​អ្វី​ដែល​អ្នក​នយោបាយ​ ​ខ្មែរ​មួយ​ចំនួន ​ទៅបង្កើត​គណ​បក្ស​គឺ​​ជារឿង​គួរ​​​ឲ្យ​​អស់​សំណើច​។ គួរ​ឲ្យ​ចង់​សើច​ពី​ព្រោះ​ថា​ ឲ្យ​ដល់​ពេលជិត​​បោះ​ឆ្នោត មាន​គណ​បក្ស​ជា​ច្រើន​បង្កើត​ឡើង​ព្រោង​ព្រាត​។​ តែ​ក្រោយ​ការ​បោះ​ឆ្នោត​ មិន​ដឹង​បាត់​​ទៅ​ណា​អស់​ទេ​។ អ្នក​ខ្លះ​បង្កើត​គណ​បក្ស​នយោបាយ​ ​ទុក​ធ្វើ​កេរ​មរតក អ្នក​ខ្លះ​ទៀត​បង្កើត​ គណ​បក្ស​ទុក​ជា​អនុស្សាវរីយ៍​ ​ពី​ព្រោះ​ការបង្កើត​បក្ស​ ​ដោយ​គ្មាន​គោល​ការណ៍​ច្បាស់​លាស់​ គ្រាន់​តែ​សរសេរ​គោល​នយោ​បាយ​ក៏​មិន​ចេះ​សរសេរ​ឲ្យ​បាន​ល្អ​ ដើម្បី​យក​ទៅ​ឃោសនា​ផង​។ គណ​បក្ស​ខ្លះ​គ្មាន​ទស្សន​វិ​ស័យ គ្មាន​ធន​ធាន​មនុស្ស គ្មាន​ការ​គាំ​ទ្រ​និង​គ្មាន​គំនិត​អភិវឌ្ឍ​ប្រទេស​យ៉ាង​ដូច​ម្តេច​ផង​ ចេះ​តែ​បង្កើត​ឲ្យបាន​។​

ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ការ​បង្កើត​គណ​បក្សថ្មី​ៗ​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​រួម​មាន​ គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ដែល​កើត​ឡើង​ពី​ក្រុម​បណ្ឌិត​បញ្ញវន្ត​​ដែល​ដឹក​នាំ​ដោយ​លោក​ យ៉េង​វីរៈ គណ​បក្ស​អំណាច​ខ្មែរ​របស់​លោក សួន សេរី​រដ្ឋា គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ ដឹក​នាំ​ដោយ​លោក​ ម៉ម សូ​ណង់​ដូរ​។ និង​ថ្មី​ៗ​នេះ អ្នក​ស្រី​ ឡាក់​ សុ​ភាព ដែល​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រឆាំង​ ​ក៏​គ្រោង​នឹង​បង្កើត​បក្ស​មួយ​ទៀត​ឈ្មោះ​ថា​ គណ​បក្ស​ខ្មែរ​សាម​គ្គី​។ គណ​បក្ស​ទាំង​បួន​នេះ មិន​ដូច​​ទាំង​ស្រុង​នឹង​ការ​បង្កើត​បក្ស​ពី​មុន​ៗ​នោះ​ទេ​ ពោល​គឺ​មាន​គណ​បក្សពីរ​ដែល​ធ្លាប់​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​គឺ​គណ​បក្ស​របស់​លោក ម៉ម សូណង់ដូរ និង​គណ​បក្ស​របស់​ អ្នក​ស្រី​ឡាក់ សុភាព​។ ​

ការ​បង្កើត​គណ​បក្ស​ថ្មី​នេះ គឺ​បន្ទាប់​មាន​ការ​មិន​ពេញចិ​ត្ត​នឹង​ការ​ដឹក​នាំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​ដែល​ជា​បក្ស​មិន​ទាន់​បាន​ធ្វើ​រដ្ឋា​ភិបាល ​និង​ជា​គណ​បក្ស​ប្រឆាំង​យ៉ាង​ស្រួច​ស្រាល់​ដែល​ធ្វើឲ្យ​គណ​បក្ស​កាន់​អំណាច​ព្រឺ​ក្បាល​ កាល​​ពី​ការ​បោះ​ឆ្នោត​ជាតិ​២០១៣​កន្លង​ទៅ​។ ក្រុម​បណ្ឌិត​ទាំង​នោះ មាន​លោក​កែម ឡី និង​លោក យ៉ង់ សាំង​កុមារ ដែល​ផ្តួច​ផ្តើម​បង្កើត​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​ដោយ​សារ​តែ​ខឹង​សម្បារ​ ​នឹង​​គណ​បក្ស​សង្គ្រោះ​ជាតិ​​ដែល​បង្កើត​គណ​បក្ស​ដោយ​គ្មាន​ប្រជា​ធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស​។ ចំណែក​លោក​ ម៉ម​ សូណង់ដូរ គឺ​បង្កើត​បក្ស​ដោយ​លើក​មូល​ហេតុ​ដែល​លោក​ខឹង​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ​ដើរ​ចូល​សភា ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​២០១៣​។ ​រី​ឯ​លោក​ សួន សេរី​រដ្ឋា ​កើត​ឡើង​ពី​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​។ រី​ឯ​អ្នក​ស្រី​ ឡាក់ សុភាព បង្កើត​បក្ស​ថ្មី​ដោយ​ខឹង​នឹង​រឿង​គណ​បក្ស​ប្រឆាំង​ ដេញ​ខ្លួន​ចេញ​ពី​គណ​បក្ស​ដោយ​សារ​និយាយ​ពី​អំពើ​ពុក​រលួយ​​និង​ការ​បែក​បាក់​ផ្ទៃ​ក្នុង​បក្ស​សង្គ្រោះ​ជាតិ​។ ទាំង​នេះ​ជា​ជ្រុង​មួយ​នៃ​មូល​ហេតុ​ដែល​គណ​បក្ស​ថ្មី​នេះ​ បង្កើត​គណ​បក្ស​។

ការ​បង្កើត​បក្ស​ថ្មី​មិន​ជា​រឿង​ចម្លែក​របស់​អ្នក​នយោ​បាយ​ខ្មែរ​នោះ​​ទេ ព្រោះកន្លង​មក​ ​លោក​ សម​ រង្ស៊ី ក៏​ធ្លាប់​ជ្រក​​កោន​ក្នុង​គណ​បក្ស​ហ៊្វុន​ស៊ីន​ប៉ិច​ កាល​ពី​អាណត្តិ​ទី​​១ បន្ទាប់​មក​ក៏​បាន​បង្កើត​គណ​បក្ស​ថ្មី​មួយ​ឈ្មោះ​ថា​ គណ​បក្ស​ជាតិ​ខ្មែរ​ក្រោយ​មក​បង្កើត​គណ​បក្ស​ដោយ​ដាក់​​ឈ្មោះ​ខ្លួន​ឯង​ គឺ​គណ​បក្សសមរង្ស៊ី និង​ចុង​ក្រោយ​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​។ ឯ​លោក​ កឹម សុ​ខា ចេញ​ពី​គណបក្ស​សេរី​និយម​ព្រះ​ពុទ្ធ​សាសនា​ ​មក​បង្កើត​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បន្ទាប់​មក​ក៏​បង្កើត​គណ​បក្ស​សិទ្ធិ​មនុស្ស​និង​ចុង​ក្រោយ​មក​ ​ធ្វើ​ជា​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​។ ចំណែក​លោក ខឹម វា​សនា ក៏​ធ្លា​ប់មាន​ជីវិត​នយោ​បាយ​ជា​មួយ​គណ​បក្សសមរង្ស៊ី ទី​បំផុត​ក៏​រត់​មក​បង្កើត​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជា​ធិបតេយ្យ​។

ការ​បង្កើត​គណ​បក្ស​ថ្មី គឺ​ជា​សេរី​ភាព​នយោ​បាយ​នៅ​ពេល​ក្រុម​មួយ​ចង់​ធ្វើ​​នយោ​បាយ​ ជួយ​ប្រទេស​​ដោយ​មិន​ពេញ​ចិត្ត​នឹង​គណបក្សដែល​មាន​ជា​ធរ​មាន​ស្រាប់​។ ទោះ​យ៉ាង​ណាក៏​ដោយ​ ក៏ការ​​បង្កើត​​គណបក្ស​ គឺ​គួរ​ត្រូវ​មាន​គោល​​ការណ៍​និង​ទិស​ដៅ​ច្បាស់​លាស់​ ​ប្រ​មូល​ធន​ធាន​មនុស្ស​ឲ្យ​បាន​​គ្រប់​​គ្រាន់ ​ដោយ​មាន​អ្នក​រៀប​ចំ​យុទ្ធ​សាស្រ្ត​ មាន​​អ្នក​ស្វែង​រក​ហិរញ្ញវត្ថុ​ ​មាន​​​អ្នក​​ដឹក​នាំ មាន​អ្នក​សរសេរ​គោល​នយោបាយ​ មាន​អ្នក​វោហា​សាស្រ្ត​ ​មាន​សកម្ម​ជន​ស្មោះ​ត្រង់​ មាន​ទស្សន​វិស័យ​ និង​យល់​ច្បាស់​ពី​ស្ថាន​ភាព​ប្រទេស​ជាតិ​។​ មិន​មែន​បង្កើត​ឲ្យ​តែ​បាន​ ពេល​ចប់​បោះ​ឆ្នោត​រលាយ​ទៅ​ជា​មួយ​នោះ​ទេ​ ធ្វើ​បែប​នេះ​ វា​អា​សោធ​កេរ្តិ៍​ឈ្មោះ​ទៅ​ថ្ងៃ​ក្រោយ​។

ជា​ការ​ពិត​ អ្នក​នយោ​បាយ​ខ្មែរ​មាន​ជំងឺ​នយោ​បាយ​ដែល​ពិបាក​នឹង​ព្យាបាល​ ​ជំងឺ​អញ​និយម​ មាន​តែ​គំនិត​ខ្លួន​ដែល​ត្រូវ​ គំនិត​ក្រៅ​ពី​ខ្លួន​សុទ្ធ​តែ​ខុស​ត្រង់​នេះ​ ឬ​ខុស​ត្រង់​នោះ​។ ​ផ្នត់​គំនិត​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​អ្នក​នយោបាយ​មួយ​ចំនួន​ធំ​ បង្កើត​គណ​បក្ស​ជា​ហូរ​ហែរ​ ដូចហែរ​កឋិន​ទៅ​វត្ត​អញ្ចឹង​។ អ្នក​នយោបាយ​ខ្លះ​ បង្កើត​គណ​បក្ស​គ្មាន​គោល​នយោ​បាយ​ច្បាស់​លាស់​ គណ​បក្ស​ខ្លះ​បង្កើត​ឡើង​ដើម្បី​តាម​ប្រមាញ់​គណ​បក្ស​ដែល​ធ្លាប់​ជា​ជម្រ​ករបស់​ខ្លួន​ ឯ​គណ​បក្សខ្លះ​ទៀត​បង្កើត​ឡើង​ ដោយ​មាន​មាន​អំនួត​ថា​ខ្លួន​ជា​បណ្ឌិត​ដែល​ល្បី​ឈ្មោះ​ ហើយ​បង្កើត​បក្ស​ដោយ​គ្មាន​គោល​នយោ​បាយ​ច្បាស់​លាស់​ គ្មាន​ទិស​ដៅ​ គ្មា​នធន​ធាន​មនុស្ស​គ្រប់​គ្រាន់​ តែ​ស្មាន​ថា​ខ្លួន​ល្បី​យល់​ថា​ ពល​រដ្ឋ​ច្បាស់​ជា​គាំ​ទ្រ​ខ្លួន​។ ​

ទី​បំផុត​គណ​បក្ស​នយោ​បាយ​ទាំង​នោះ​ បាន​ក្លាយ​ជា​ឧបករណ៍​របស់​គណ​បក្ស​កាន់​អំណាច​ដោយ​ មិន​ដឹង​ខ្លួន​។ ជា​ការ​ពិត​ ចង់​ឬ​មិន​ចង់​ ការ​បង្កើត​គណ​បក្ស​តូច​ៗ​កាន់​តែ​ច្រើន​ស្រប​ពេល​ដែល​ចំនួន​ ពល​រដ្ឋ​មាន​កាន់​តែ​តិច​និង​មាន​ការ​យល់​ដឹង​មាន​កម្រិត​ផង​នោះ​ ច្បាស់​ណាស់​ពលរដ្ឋ​នឹង​ងាក​ទៅ​គាំទ្រ​អ្នក​នេះ​បន្តិច​ អ្នក​នោះ​បន្តិច ទី​បំផុត​គណបក្ស​ប្រឆាំង​នឹង​បាត់​បង់​ការ​គាំទ្រ​ដោយ​សារ​គណបក្ស​តូច​ៗ​ តាម​រយៈ​រូប​មន្ត​ពុះ​ចែក​មណ្ឌល​របស់​រដ្ឋា​ភិបាល​​​។​ មក​ដល់​ពេល​នេះ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​តែ​ផ្តើម​កែ​ទម្រង់​ តែ​គណបក្ស​ប្រឆាំង​ កំពុង​​ត្រូវ​​អ្នក​​គាំ​ទ្រ​និង​​គណ​​បក្ស​​ថ្មី​ៗ​​ វាយ​ទាំង​ថ្ងៃ​ទាំង​យប់​យ៉ាង​ដំណំ​។ បើ​ស្ថាន​ភាព​នៅ​របៀប​នេះ​ទៀត​ សំឡេង​បក្ស​ប្រឆាំង​នឹង​ថម​ថយ​ជា​ស្វ័យ​​ប្រវត្តិ ពោល​គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ក្លាយ​ជា​គណ​បក្ស​ប្រឆាំង​ជា​រៀង​រហូត​ គ្មាន​ឳកាស​បាន​ឡើង​ដឹក​នាំប្រទេស​នោះ​ទេ​។​

តែ​យ៉ាង​ណា​ក៏​ដោយ​ ស្ថាន​ការណ៍​ប្រែ​ប្រួល​មិន​ទៀង​ មិន​ទៀង​ពី​ព្រោះ​ថា ​គណ​បក្ស​ប្រឆាំង​ធ្លាប់​ប្រើ​យុទ្ធ​សាស្រ្ត​ស្រែក​អំពាវ​នាវ​ឲ្យ​មាន​ការ​រួប​រួម​ ដើម្បី​វាយ​គូរ​ប្រកួត​ឲ្យ​ដួល​ក្នុង​រយៈ​មួយ​ព​ព្រិច​ភ្នែក​។ មុន​ដំបូង​មិន​ទាន់​រួម​គ្នា​ គណ​បក្ស​ទាំង​ពីរ​បាន​វាយ​ប្រហារ​គ្នា​ខ្លាំង​ៗ​ ដើម្បី​ដណ្តើម​ប្រជា​ប្រិយ​ភាព តែ​ពេល​ប្រមូល​បាន​អ្នក​គាំទ្រ​ច្រើន ក៏​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​ធ្វើ​ឲ្យ​គូរ​ប្រកួត​នឹក​ស្មាន​មិន​ដល់​។ ការ​រួម​គ្នា​របស់​ គណ​បក្ស​ សម រង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ​២០១២ គឺ​ឧទាហរណ៍​ដែល​អាច​ឲ្យ​យើង​យល់​បាន​។ ការ​ប្រើ​យុទ្ធ​សាស្រ្ត​នេះ ធ្វើ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​កាន់​អំណាច​ដុះ​ស្នឹម​ ភ័យ​ស្ទើរ​លួស​ព្រលឹង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​។ កាល​ណោះ​ គណ​​បក្ស​សង្គ្រោះ​ជាតិ​មាន​​ការ​គាំទ្រ​ពី​ពល​រដ្ឋ​ភ្លូក​ទឹក​ភ្លូក​ដី​ ដែល​ទទួល​បាន​សំឡេង​ក្នុង​សភា​ចំនួន​៥៥​អាសនៈ​។ រូប​មន្តដែល​គណ​បក្ស​ប្រឆាំង​ប្រើ​គឺ​ អា​តូច​មិន​ឈ្នះអា​ធំ​ តែ​បើ​អាតូច​ផ្តុំ​ អា​ធំ​ប្រាកដ​ជា​រត់​ដោយ​សារ​អា​តូច​។​ បើ​ស្ថាន​ការណ៍​បែប​នេះ​កើត​ឡើង​មែន​ គណ​បក្ស​ប្រឆាំង​នឹង​មាន​វាសនា​ទៅ​ដឹក​នាំ រដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​ផ្លាស់​ប្តូរ​ប្រវត្តិសាស្រ្ត​កម្ពុជា​ជាង​៣០​ឆ្នាំ​នេះ​៕

Share

Image
Image
Image