en     km
en     km

ពលរដ្ឋមកពីខេត្តកណ្ដាល និងស្វាយរៀងតវ៉ាសុំឱ្យរដ្ឋាភិបាលជួយផ្ដល់ដីកម្មសិទ្ធិ(មានសំឡេង)

Share

ភ្នំពេញ ៖ កាលពីព្រឹក ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧ ពលរដ្ឋមកពីខេត្តស្វាយរៀង និង ខេត្តកណ្ដាលបានឡើងមករាជ ធានីភ្នំពេញ ដោយពួកគេ តវ៉ាសុំ រាជរដ្ឋាភិបាល ជួយ ផ្ដល់កម្មសិទ្ធក្នុងការកាប់ដីដែលពួកគាត់ថា មានការរំលោភយក ពីមន្ទីរ ធនធានទឹក និងឧតុនិយម ស្រុកស្វាយជ្រុំ  ពី ក្រុមហ៊ុនមួយនៅតំបន់នោះនិង សុំប្ដឹងមេឃុំម្នាក់ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាលករណីក្លែងឯកសារបន្លំកាន់កាប់ដី។  

ស្ថាប័នរបស់រដ្ឋដែលពួកគេបានដាក់ពាក្យបានទទួលយកការតវ៉ានេះ ដោយសន្យាដោះស្រាយ ។

រូបពលរដ្ឋមកតវ៉ានៅក្រសួងដែនដី
រូបពលរដ្ឋមកតវ៉ានៅក្រសួងដែនដី

ពលរដ្ឋដែលមកពី ស្រុករមាសហែក និងស្រុកស្វាយជ្រុំខេត្តស្វាយរៀង រួមនឹងពលរដ្ឋមកពី ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មានគ្នា ជិត៣០០នាក់ ។ពួកគាត់ទាមទារសុំឱ្យសម្ដេចហ៊ុនសែន ជួយ ផ្ដល់កម្មសិទិ្ធកាន់កាប់ស្របច្បាប់ ខណៈពួកគេចោទថា មានការរំលោភដីពួកគេ ដែលពួកគាត់ពឹងអាស្រ័យដើម្បី ប្រកបកសិកម្ម ។

ពលរដ្ឋចំនួន ៨២ គ្រួសារ មានទំហំដី ៣៩,៦៦ហិចតា ដែលរស់នៅភូមិ ចេកសំរោង ឃុំ ឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយ រៀង ពួកគាត់ស្មើសុំ ឲ្យសម្ដេច ជួយកាត់ឃ្វៀលដី ចេញពីមន្ទីរ ធនធានទឹក និងឧតុនិយម នឹងចេញប័ណ្ណកម្មសិទ្ធិ ជួនពួក គាត់។

អ្នកស្រី  ពេជ្រ យ៉ា  អាយុ ៦១ឆ្នាំ មកពី ភូមិធ្នួង ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ អ្នកស្រី  ពេជ្រ  យ៉ា ជាស្ដ្រីមេ ម៉ាយ មានកូនប្រាំនាក់ របររកស៊ីប្រចាំថ្ងៃរបស់លោកស្រី  គឺ ស្រែចំការ ។ អ្នកស្រីបាន រៀបរាប់ដោយ ទឹកភ្នែកដោយសារការ ពុំមានដីប្រកបរបរកសិកម្ម។

អ្នកស្រី  ពេជ្រ យ៉ា ៖ «ចា៎ ខ្ញុំមកនេះ ដើម្បីសុំទាមទារដីនៅមាត់ព្រែកជ្រៃ ដែលគេកំពុងសាងសង់ទំនប់ស្ពាន ហើយដីខ្ញុំនៅក្នុង ហ្នឹងច្រើន ។  ហើយចឹងខ្ញុំបង្កបង្កើនដីនៅកន្លែងហ្នឹង ស្រូវអង្ករហូបនៅកន្លែងហ្នឹង ដល់ពេលគេសាងចឹង ខ្ញុំអត់មានស្អីហូបទេ ថ្ងៃអនាគត»។

ទន្ទឹមនឹងនេះដែរ អ្នកស្រី ប៉ុល សេត រស់នៅក្នុងភូមិ នឹងអ្នកស្រី ពេជ្រ យ៉ាដែរ  អ្នកស្រីមានប្រសាសន៍ថា  ដីរបស់គាត់ ១ ហិក តាកន្លះ ក៏ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍មួយនៅទីនោះចាក់ដីលប់ទំនប់ ជិតដីស្រែគាត់ផងដែរ។

ស្រ្ដីអាយុ ៦២ឆ្នាំ  ប៉ុល សេត បានបន្ដ ទៀតថា ៖«ហើយឥលូវវាគ្មានអីធ្វើទេ បានត្រឹមតែតវ៉ា ក្រែលោបានអីខ្លះ ជីវភាពប្រជា ពលរដ្ឋមានអី មានតែទឹក ហើយបើអីហូប ហូបតែទឹកទៅបានអីធ្វើស្រែកើត…» ។

តាមអ្នកស្រី កែន ហឿន ក្រោយពីក្រុមហ៊ុនចាប់ផើ្ដមអភិវឌ្ឍន៍លើដីស្រែរបស់គាត់ ជីវភាពរបស់គាត់កាន់តែដុនដាប ។ តាម អ្នកស្រី កែន ហឿន ៖«មានរំពឹងអីទេ ទទេរ រំពឹងតែកំលាំងតាធ្វើសំណង់ ជំពាក់លុយរដ្ឋ លុយអីទៀត

តាមអ្នកស្រី កែន ហឿន ដីស្រែរបស់គាត់មានកន្លះហិកតា។ អ្នកស្រី បានស្នើសុំឱ្យរដ្ឋាភិបាលជួយដោះស្រាយក្នុងរឿងនេះ ផងដែរ។

គួររម្លឹកថា នៅក្នុងការតវ៉ារបស់ពលរដ្ឋជិត ៣០០នាក់ នោះ ក៏មានពលរដ្ឋមកឃុំមួយ នៃស្រុក រមាសហែក ខេត្តស្វាយរៀង ៤៤០ គ្រួសារបាន ទាមទារសុំ រាជរដ្ឋាភិបាលជួយកាន់កាប់ដី ៦៧០ និហិចតា និងសុំចេញប័ណ្ណកម្មសិទ្ធ ដីធ្លីស្របច្បាប់។

ស្របពេលនេះដែរ ពលរដ្ឋតំណាង ១៤ គ្រួសាររស់នៅ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលដោយពួកគេ សុំប្តឹង ពីឈ្មោះ ណៃ ចន់ឌី មេឃុំបឹងខ្យាង ពីបទក្លែងបន្លំឯកសារកាន់កាប់ដី។

គួរបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ការដាក់ញត្តិនៅទីស្ដីការគណៈរដ្ឋមន្រ្ដី  ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ពលរដ្ឋ ក៏បានធ្វើដំណើរឆ្ពោះទៅកាន់ក្រសួងកសិកម្ម ដើម្បីដាក់ញត្តិសុំកិច្ចអន្ដរាគមន៍ ផងដែរ។

យ៉ាងណានៅថ្ងៃនេះវិទ្យុស្ត្រីមិនអាចសុំការ ឆ្លើយតប ពីមន្ត្រីមន្ទីរស្រុក ស្វាយជ្រុំ និង ពីលោកណៃ ចន់ឌី មេឃុំបឹងខ្យាង ស្រុក កណ្ដាលស្ទឹងបានទេ ដោយពុំមានប្រភពដើម្បីទាក់ទងចំពោះការចោទប្រកាន់របស់ ពលរដ្ឋដែលឡើងមកតវ៉ាទាំងនោះទេ ៕

Share

Image
Image
Image