loader

តំណាងរាស្ត្រ CNRP បដិសេធការចោទថា បានឆ្លើយទម្លាក់កំហុសលើ លោក ជុន ច័ន្ទបុត្រ(មានសំឡេង)

ភ្នំពេញ ៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប បានចូលបំភ្លឺក្នុងនាមជាសាក្សីរួចរាល់ហើយ ពាក់ព័ន្ធករណីដែល តុលាការសង្ស័យថា លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ ថាបានបន្លំខ្លួនចូលពន្ធនាគារ។

តំណាងរាស្រ្តលោក ឡុង រី បានចូលបំភ្លឺកាលពីថ្ងៃម្សិលមិញ និងលោកស្រី មួរ សុខហួរ ចូលបំភ្លឺនៅថ្ងៃនេះ ដែលសុទ្ធតែ បដិសេធមិនផ្តល់ព័ត៌មាន ថាខ្លួនបាននិយាយដោះបន្ទុក ឬដាក់បន្ទុកបន្ថែមឱ្យលោក ជុន ច័ន្ទបុត្រ នោះទេ។

យ៉ាងណាមន្រ្តីមួយរូបបង្ហើបប្រាប់សារព័ត៌មានមួយថា តំណាងរាស្រ្តទាំងពីរសុទ្ធតែផ្តល់សក្ខីកម្មដាក់បន្ទុកបន្ថែមលើ លោក ជុន ច័ន្ទបុត្រ។

ស្តាប់សំឡេង៖
លោកស្រី មួរ សុខហួរ ចូលបំភ្លឺក្នុងនាមសាក្សីនៅសាលាដំបូងរាជធានីភ្នំពេញករណីលោកជន ច័ន្ទបុត្រ។
លោកស្រី មួរ សុខហួរ ចូលបំភ្លឺក្នុងនាមសាក្សីនៅសាលាដំបូងរាជធានីភ្នំពេញករណីលោក ជុន ច័ន្ទបុត្រ។

តំណាងរាស្រ្តពីររូបមកពីគណបក្សសង្គ្រោះជាតិគឺលោក ឡុង រី និងលោកស្រី មួរ សុខហួរ ដែលតុលាការរាជធានីភ្នំពេញ កោះបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារបស់ លោក ជុន ច័ន្ទបុត្រ សុទ្ធតែអះអាងថា ខ្លួនបាននិយាយ ពាក្យពិតទៅកាន់តុលាការ។

យ៉ាងណាពាក្យពិតរបស់តំណាងរាស្រ្តទាំងពីរ គឺមិនត្រូវបានប្រាប់ឱ្យអ្នកសារព័ត៌មានដឹងទេ ដោយអះអាងថា សំណុំរឿងនេះ កំពុងសិ្ថតក្រោមនីតិវិធីស៊ើបអង្កេត។

ទាំងតំណាងរាស្រ្ត និងមេធាវីការពារតំណាងរាស្រ្ត ក៏បដិសេធមិនឆ្លើយសំនួរអ្នកសារព័ត៌មានដែលសួរថា តើតំណាងរាស្រ្ត ទាំងពីរបានជួយនិយាយសម្រាលបន្ទុក ឬដាក់បន្ទុកបន្ថែមលើលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ យ៉ាងណានោះទេ។

លោក ជន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ។
លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ។

លោកស្រី មួរ សុខហួរ ដែលបានចូលបំភ្លឺនៅតុលាការថ្ងៃនេះ និយាយថាលោកស្រី បានចូលបំភ្លឺតាមកាតព្វកិច្ច ហើយលោក ស្រីបាននិយាយពាក្យពិតទៅកាន់ចៅក្រមស៊ើបសួរ។ លោកស្រីមិនបានប្រាប់ពីចំម្លើយរបស់លោកស្រីក្នុងតុលាការនោះទេ ដោយបង្វែរសំនួរនេះទៅឱ្យមេធាវីរបស់ខ្លួន។

លោកស្រី មួរ សុខហួរ៖« ខ្ញុំបានមកបំពេញកាតព្វកិច្ចរបស់ខ្ញុំតាមដីការកោះនៅតុលាការក្រុងភ្នំពេញ ហើយចំលើយខ្ញុំទាំង ប៉ុន្មានគឺខ្ញុំនិយាយការពិត»។

លោក សំ សុគង់ មេធាវីការពារក្តីឱ្យតំណាងរាស្រ្តទាំងពីរនិយាយថា ព្រះរាជអាជ្ញារងបានសាកសួរពាក់ព័ន្ធករណីមួយចំនួន ជុំវិញជនសង្ស័យ ហើយលោកមេធាវី បានបដិសេធមិនបង្ហើបប្រាប់ថា កូនក្តីរបស់លោកបានឆ្លើយអ្វីនោះដែល ក្រោមហេតុ ផលថា សំណុំរឿងនេះកំពុងស៊ើបអង្កេត។

លោក សំ សុគង់៖«ដំណាក់កាលនេះជាដំណាក់កាលស៊ើបអង្កេតបឋម ហើយបើកាលណាយើងយកចម្លើយ យកអង្គហេតុ មកនិយាយពេលនេះវាប៉ះពាល់ដំណើរការស៊ើបអង្កេតរបស់តុលាការ អញ្ចឹងខ្ញុំសូមសិទ្ធិមិនឆ្លើយនោះទេ»។

លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក នី ចរិយា
លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក នី ចរិយា

វិទ្យុស្រ្តីមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ជុន ច័ន្ទបុត្រ នោះទេនៅថ្ងៃនេះដោយលោកថា ជាប់រវល់ប្រជុំ។

បើទោះបីតំណាងរាស្រ្ត និងមេធាវីសុំសិទ្ធិមិនបង្ហាញចម្លើយយ៉ាងណាក្តី តែនៅថ្ងៃទី២៨ មេសានេះ អង្គភាពសារព័ត៌មាន Fresh News បានចុះផ្សាយសម្តីមន្រ្តីមួយរូប ដែលមិនដឹងថាមន្ត្រីរបស់ស្ថាប័នណាមួយនោះ  និយាយថា តំណាងរាស្រ្តទាំង ពីរ គឺលោកស្រី មួរ សុខហួរ និងលោក ឡុង រី សុទ្ធតែបានផ្តល់ចម្លើយដាក់បន្ទុកបន្ថែមលើជនសង្ស័យលោក ជុន ច័ន្ទបុត្រ។

Fresh News ថាមន្រ្តីដែលបានទម្លាយនោះប្រាប់ថា ចម្លើយការពិតរបស់តំណាងរាស្ត្រទាំងពីរ នឹងអាចធ្វើឲ្យជនសង្ស័យ ជុន ច័ន្ទបុត្រ ជាប់ពន្ធនាគារតែម្តងនៅថ្ងៃដែលចូលមកបំភ្លឺ។

ឆ្លើយតបក្នុងរឿងនេះ លោកស្រី មួរ សុខហួរ ជាភាគីសាក្សីក្នុងសំណុំរឿងនេះប្រាប់វិទ្យុស្រ្តី ដោយសុំមិនធ្វើការអត្ថាធិប្បាយ ថា លោកស្រី និងលោក ឡុង រី បាននិយាយសម្រាលបន្ទុក ឬដាក់បន្ទុកលើលោក ជុន ច័ន្ទបុត្រ នោះទេ។

តែយ៉ាងណាលោកស្រី មួរ សុខហួរ មានការសោកស្តាយចំពោះ ការទម្លាយចម្លើយពីសំណាក់មន្រ្តីតុលាការមែននោះ។

លោកស្រី មួរ សុខហួរ៖ «ដូច្នេះអ្វីដែលគ្មានអ្នកណាដឹង គួរមិនមានសារព័ត៌មានណាមកអះអាងថា ខ្ញុំបានថាអ្វីថាអ្វីទេ ខ្ញុំ បដិសេធទាំងអស់។

ដូច្នេះគ្មានអ្នកណាដឹងទេ ហើយបើមន្រ្តីតុលាការបានមកនិយាយរបៀបហ្នឹងក៏ខ្ញុំសុំមេត្តា ឱ្យរក្សានូវអ្វីដែលជានីតិវិធីដែរ។»

កាលពីពេលថ្មីៗនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់អ្នកសារព័ត៌មានថា រាល់ការបន្លំខ្លួនចូលក្នុង ពន្ធនាគារ ជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់សង្គម ដែលនាំឱ្យតុលាការអាចឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃសាកសួរ ករណីរកឃើញភស្តុតាងពាក់ព័ន្ធថាជាបទល្មើសព្រហ្មទណ្ឌ។

តែរឿងនេះលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ បានច្រានចោលការចោទប្រកាន់ដែលថា លោកបានក្លែងបន្លំឈ្មោះ និងតួនាទី ក្នុងចេតនាទុច្ចរិតដើម្បីចូលយកព័ត៌មានក្នុងពន្ធនាគារ។

កាលពីម្សិលមិញ វិទ្យុអាស៊ីសេរីចេញសេចក្ដីថ្លែងការណ៍តបដោយលើកឡើងថា លោក ហួត វុទ្ធី អនុប្រធានស្ថានីយវិទ្យុ ប្រចាំប្រទេសកម្ពុជា មិនមានទោសកំហុសទេ ហើយថា អ្នកសារព័ត៌មានរូបនេះមិនតក់ស្លុតនឹងការគាបសង្កត់របស់រដ្ឋាភិ បាលឡើយ។

សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា វិទ្យុអាស៊ីសេរីនឹងបន្តធ្វើសេចក្តីរាយការណ៍ដោយ “ក្លាហាន និងមោះមុត” ក្នុងដំណើរ ឆ្ពោះទៅរកការបោះឆ្នោតឃុំ សង្កាត់នៅខែមិថុនាខាងមុខ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x