en     km
en     km

Comfrel​ គ្រោង​ដាក់​អ្នក​សង្កេតការណ៍​ជា​ស្ដ្រី​ ៣០០​នាក់​

Share

ភ្នំពេញ៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា ហៅកាត់ Comfrel បានលើកឡើងថា នៅថ្ងៃខាងមុខនេះ អង្គការមានផែនការដាក់អ្នកសង្កេតការណ៍ជាស្ដ្រី ៣០០នាក់ដើម្បីឃ្លាំមើលការឃោសនាបោះឆ្នោតថ្ងៃបោះឆ្នោតនិងថ្ងៃផ្ទៀងផ្ទាត់សន្លឹកឆ្នោត ។ នេះបើតាមមន្ដ្រីនៃអង្គការខុមហ្វ្រែលដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧នេះ។

comfrel-02

 

លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល បានលើកឡើងក្នុងសន្និសីទនេះថាការដាក់ស្ត្រីទាំង ៣០០នាក់ ជាអ្នកសង្កេតការណ៍នេះ គឺ ការងារចំបងមួយ ដើម្បីលើកទឹកចិត្តស្រី្តក្នុងការងារបោះឆ្នោត។

លោកស្រី សឺកេត សិរីលក្ខណ៍ ៖ «យើងមានផែនការរួមគ្នាមួយជាមួយគណៈកម្មាធិការលើកស្ទួយស្ដ្រីក្នុងវិស័យនយោបាយ ហើយក្នុងក៏មានអង្គការជាច្រើន ហើយយើងក៏សហការជាមួយ ស៊ីដ ដាក់អ្នកសង្កេតការណ៍ជាស្ដ្រី ៣០០នាក់ សម្រាប់សង្កេតការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត »។

លោកស្រី សឺកេត សិរីលក្ខណ៍បញ្ជាក់បន្ថែមទៀតថា អ្នកសង្កេតការណ៍ជាស្ដ្រី ៣០០នាក់ នោះអាចនឹងដាក់នៅតាមឃុំ -សង្កាត់របស់ពួកគាត់ ហើយនៅក្នុងឃុំមួយៗអាចនឹងមានស្ដ្រីជាអ្នកសង្កេតការណ៍ចំនួន ២នាក់ ។

តាមលោកស្រី កន្លងមក Comfrel បានដាក់អ្នកសង្កេតការណ៍នៅតាមតំបន់គោលដៅចំនួន១១ ដែលរួមមាន៖ ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង មណ្ឌលគិរី ព្រៃវែង កណ្ដាល ក្រចេះ និងខេត្តព្រះវិហារ ។

លោកស្រី សឺកេត សិរីលក្ខណ៍៖ « កន្លងមកយើងតែងតែសង្កេតការណ៍ខ្លួនឯង ដោយឡែកសម្រាប់ការបោះឆ្នោតលើកនេះ យើងធ្វើការសហការណ៍ធំមួយជាមួយនិងអង្គការផ្សេងៗ ក្រុមការងារស្ដ្រី ដើម្បីឱ្យសម្លេងរបស់យើងឱ្យបានលឺសុះសាយនិងឱ្យបានរកឃើញកាន់តែច្រើនរួមគ្នា»។

តាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គណបក្សសង្គ្រោះជាតិបានដាក់បេក្ខភាពស្ត្រីឈរឈ្មោះសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាងគេ។ ហើយតាមពីក្រោយដោយបេក្ខភាពស្ត្រីមកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសព្វថ្ងៃ។

គណបក្សប្រឆាំងនេះមានស្ត្រីឈរឈ្មោះសរុប ៦២៨៣នាក់ និងកណបក្សប្រជាជន មានចំនួន ៥៥៥៧នាក់ ។

ក្នុងសន្និសីទនេះ  អង្គការ Comfrel បានបញ្ជាក់ថា ការដាក់ស្ត្រីជាអ្នកសង្កេតការណ៍នេះ គឺដើម្បីបង្ហាញសាធារណជនឱ្យដឹងពីសម្លេងរបស់ស្ដ្រី និងអ្វីដែលស្ដ្រីបានចូលរួម រួមទាំងការចូលរួមលុបបំបាត់ចោលនូវអ្វីដែលមជ្ឈដា្ឋនមួយចំនួនធ្លាប់បានលើកឡើងថា ស្ដ្រីចូលរួមនយោបាយមិនបានដូចបុរស និងស្ដ្រីមិនសូវចូលរួមក្នុងសកម្មភាពសង្គមជាដើម៕

Share

Image
Image
Image