en     km
en     km

Human Rights Watch ទាមទារឲ្យ​ដោះលែងមន្ត្រីអាដហុក ខណៈតុលាការសម្រេចឃុំខ្លួន ៦ ខែបន្ត(មានសំឡេង)

Share

ភ្នំពេញ ៖ អង្គការ Human Rights Watch  បានអំពាវនាវនៅថ្ងៃទី ២៧ មេសានេះ ឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមន្ត្រី សិទ្ធិមនុស្សចំនួនប្រាំរូបដែលកំពុងជាប់ឃុំឃាំ«ជាបន្ទាន់»។ ការអំពាវនាវធ្វើឡើងចំខួបគម្រប់មួយឆ្នាំគត់ នៃការឃុំខ្លួន មន្ត្រីសិទ្ធិមនុស្សទាំងប្រាំ។ តែយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ បានសម្រេចពន្យារបន្តឃុំខ្លួនទាំង ៥ ចំនួនប្រាំមួយ ខែបន្តទៀត។

រូបមន្រ្តីអាដហុកចេញពីតុលាការ ក្រោយពីតុលាការសម្រេចបន្តឃុំខ្លួន៦ខែទៀតលើមន្រ្តីទាំង ៥ នាក់ នៅថ្ងៃទី២៧ មេសា នេះ។
រូបមន្រ្តីអាដហុកចេញពីតុលាការ ក្រោយពីតុលាការសម្រេចបន្តឃុំខ្លួន៦ខែទៀតលើមន្រ្តីទាំង ៥ នាក់ នៅថ្ងៃទី២៧ មេសា នេះ។

អង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅក្រុងញូយ៉ក សហរដ្ឋអាមេរិក ទទូចនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការចោទប្រកាន់មន្រ្តីសិទ្ធិមនុស្ស និងមន្រ្តី គ.ជ.ប នេះគឺជាការចោទប្រ កាន់ខុស និងមាន«ចរឹតនយោបាយ»។

បើទោះបីមានការអំពាវនាវ និងថ្កោលទោសជារឿយៗពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជុំវិញករណីឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សនេះយ៉ាងណាក្តី តែមន្រ្តីរដ្ឋាភិបាលអះអាងថា ការឃុំខ្លួននេះធ្វើឡើងស្របតាមនិតីវិធីច្បាប់។

ទៀតសោតនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យារពេលបន្តឃុំខ្លួនជាលើកទី ២ លើមន្រ្តីសិទ្ធិមនុស្ស និងមន្រ្តី គ.ជ.ប ទាំង ៥ រូបរយៈពេល ៦ខែបន្តទៀត ក្រោមហេតុផល រក្សាទុកជនជាប់ចោទ ទុកជូនតុលាការចាត់ការតាមនិតីវិធីរបស់តុលាការ និងរក្សាជនជាប់ចោទដើម្បីស៊ើបសួរឱ្យបានល្អិតល្អន់សព្វគ្រប់។នេះបើតាម លោកមេធាវី សុំសុគង់ ។

ដើរចេញពីបន្ទប់សវនាការ ក្នុងសំលៀកបំពាក់អ្នកទោសពណ៌ស្លាទុំ ដៃទាំង២ត្រូវជាប់ឃ្នោះ មន្រ្តីសិទ្ធិមនុស្សបានស្រែកប្រាប់អ្នកសារព័ត៌មានថា ការពន្យារពេលឃុំខ្លួននេះដោយគ្មានការជំនុំជម្រះគឺជារឿងអយុត្តិធម៌ខ្លាំងណាស់ ហើយពួកគាត់ស្នើឱ្យពលរដ្ឋចេញទៅបោះឆ្នោតទាំងអស់គ្នាដើម្បីផ្លាស់ប្តូរឱ្យមានយុត្តិធម៌សង្គម។

ក្រុមមេធាវីការពារក្តីឱ្យមន្រ្តីអាដហុក និងមន្រ្តីគ.ជ.ប លើកឡើងថា ការបន្តឃុំខ្លួនទាំង៥ នាក់ គឺមិនមានការចាំបាច់នោះទេ ព្រោះការស៊ើបសួររបស់ចៅក្រមស៊ើបមិនមានភាពជឿនលឿនដើម្បីជាប្រយោជន៍ក្នុងការស៊ើបនោះទេ។ មេធាវីលោក សំ សុគង់ និយាយថា ការឃុំខ្លួនកូនក្តីខ្លួនក្នុងរយៈពេលយូរដូច្នេះគឺជាការរំលោភសិទ្ធិ ដែលតាមច្បាប់ជនជាប់ចោទត្រូវតែទទួលការកាត់ក្តីឱ្យបានឆាប់រហ័ស។

លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក នី ចរិយា
លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក នី ចរិយា

មេធាវីលោក សំ សុគង់៖«ការឃុំខ្លួនជនត្រូវចោទគ្រាន់តែសម្រាប់សវនាការ ក៏វាមិនមែនជារឿងមួយល្អដែរ គឺវាប៉ះពាល់ទៅដល់សិទ្ធិជនជាប់ចោទ ដែលជនជាប់ចោទត្រូវទទួលការសាវនាការឱ្យបានឆាប់រហ័ស»។

ទាក់ទងការអំពាវនាវរបស់អង្គការ Human Rights Watch ឱ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស និងមន្រ្តី គ.ជ.ប នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌និយាយថា លោកចង់ឱ្យអង្គការ Human Rights Watch ផ្តល់មេធាវីការពារមន្រ្តីសិទ្ធិទាំងនោះដើម្បិតតាំងតាមផ្លូវច្បាប់ ជាងជាការចេញសេចក្តីថ្លែងដែលមិនបានផ្តល់ផលប្រយោជន៍ជូនជនជាប់ចោទ។

មន្ត្រីការពារសិទ្ធិមនុស្សទាំងប្រាំរូបរួមមាន លោកណៃ វ៉ង់ដា លោក នី សុខា លោកយី សុខសាន លោកស្រី លឹម មុន្នី និងអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក លោកនី ចរិយា ដែលក្រោយមកត្រូវជ្រើសតាំងជាអគ្គលេខាធិការរងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្រុមមន្រ្តីទាំងនេះត្រូវចាប់ខ្លួននៅថ្ងៃទី២៨មេសាឆ្នាំ២០១៦ក្រោមបទចោទប្រកាន់អំពីការសូកប៉ាន់សក្សីទាក់ទងនឹងសំណុំរឿងសំណុំរឿងនាងខុម ចាន់តារាទី ហៅស្រីមុំ ជាមួយលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

អង្គការ Human Rights Watch បានឲ្យដឹងថា មន្ត្រីទាំងប្រាំរូបនេះកំពុងស្ថិតជាបេក្ខ ជនក្នុងបញ្ជីឈ្មោះផ្តាច់ព្រ័ត្រ ដែលត្រូវទទួលពានរង្វាន់ម៉ាទីន អែនណល (Martin Ennals Award) ឆ្នាំ២០១៧។ គឺជាពានរង្វាន់ធំផ្នែកសិទ្ធិមនុស្ស ដែលមានតម្លៃដូចជាពានរង្វាន់ណូបែលដែរ៕

 

Share

Image
Image
Image