ភ្នំពេញ៖នៅទីបំផុត សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលមន្ត្រីរបស់ខ្លួន ប្រាំរូប កំពុងជាប់ឃុំនៅពន្ធនាគារ ដោយសារការពារសិទ្ធិមនុស្ស ត្រូវបានប្រកាសជាបេក្ខជន ក្នុងចំណោមបេក្ខជនបរទេស២រូបទៀត ដើម្បីទទួលពានរង្វាន់ពិភពលោកមួយឈ្មោះថា Martin Ennals Award។
តែយ៉ាងនេះក្ដីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកពានរង្វាន់នោះថា គ្មានន័យទេសម្រាប់កម្ពុជា ។
តាមសេចក្តីប្រកាសព័ត៍មានរបស់ អង្គការសហគមន៍អន្តរជាតិ សិទ្ធិមនុស្ស ករណីរបស់អ្នកទាំងប្រាំរូបនេះ គឺជាការសិក្សាមួយ នាំឱ្យសមាគមអាដហុកបានឆ្លងចូលវគ្គជំរុះផ្ដាច់ព្រ័ត្រដើម្បីទទួលបានពានរង្វាន់នេះ។ អ្នកទទួលពានរង្វាន់ត្រូវដាក់ឱ្យឆ្លងកាត់ចៅក្រមវិនិច្ឆ័យមកពីអង្គការអន្តរជាតិចំនួន១០ មានដូចជា អង្គការ៖ Amnesty International,Human Rights Watch,Human Rights First FIDH – Int’l Federation for Human Rights,World Organisation Against Torture,Front Line Defenders,International Commission of Jurists,EWDE Germany,International Service for Human Rights, HURIDOCS.។
តាមសេចក្តីប្រកាសព័ត៌មានដដែលពានរង្វាន់នេះ គឺជានិមិត្តរូបកម្រិតអន្តរជាតិ ជូនចំពោះជនទាំងឡាយណា ឬ អង្គការទាំងឡាយណាដែលបានការពារបុព្វហេតុសិទ្ធិមនុស្សយ៉ាងសកម្ម។ ក្រៅពីនេះ សេចក្តីថ្លែងការណ៍ បានលើកឡើងអំពីគុណតម្លៃរបស់សកម្មជន ៥រូប នៃសមាគមអាដហុកគឺលោក ណៃ វង់ដា លោក នី សុខា លោក យី សុខសាន្ត លោក ស្រី លឹម មុន្នី និង លោក នី ចរិយា អតីត ប្រធានផ្នែកការពារសិទ្ធិមនុស្សនៃសមាគមអាដហុក ដែលបច្ចុប្បន្នជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ គ.ជ.ប ។
លោក ធន សារាយ ដែលក្នុងនាមជាប្រធានសមាគមអាដហុក បាននិយាយក្នុងសេចក្ដីប្រកាសសព័ត៌មាននេះថា ករណីរបស់អ្នកទាំង ៥រូបនេះ បាននាំឱ្យពួកគេត្រូវបានជ្រើសរើសដល់ វគ្គផ្ដាច់ព័ត្រនេះ។
តែយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មិនបានសាទរដល់ពលរដ្ឋខ្មែរ ឬអង្គការសមាគមអាដហុក ដែលទទូលបានពានរង្វាន់នេះទេ។ លោកប្រាប់វិទ្យុស្ត្រីថា ជនទាំង៥រូបនេះ មានកំហុសផ្លូវច្បាប់ តាមតុលាការឃុំ ខ្លួន ។ សម្រាប់លោក ផៃ ស៊ីផាន ពាន់រង្វាន់នោះ គ្មានន័យនិងគ្មានឥទ្ធិពលអ្វីទេលើតុលាការកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានដដែលពានរង្វាន់នេះ នឹងត្រូវប្រគល់ដល់បេក្ខជនដែល ត្រូវជ្រើសរើសនៅថ្ងៃ ១០ តុលា ឆ្នាំ ២០១៧ នេះ។ ពានរង្វាន់នេះ មានតម្លៃកម្រិតពិភពលោក។
លោក ឯម សុវណ្ណារ៉ា សាស្រា្តចារ្យ វិទ្យាសាស្ត្រនយោបាយ មិនយល់ឃើញ ដូចលោក ផៃ ស៊ីផាន នោះទេ ។ លោកគិតថា ពានរង្វាន់នេះមានតម្លៃជាអន្តរជាតិ ហើយការប្រគល់ពានរង្វាន់ឱ្យអ្នកជាប់ឃុំដោយសារបុព្វហេតុសិទិ្ធមនុស្ស គឺជាការប្រាប់មួយថា អន្តរជាតិមិនឱ្យមានការឃុំខ្លខ្លួនទាំងប្រាំរូបនេះទេ ។
អ្នកការពារសិទ្ធិមនុស្ស ទាំង៥រូបនេះ បានឃុំខ្លួន ដោយសាររឿងនាង ខុម ចាន់តារាទីហៅស្រីមុំ គឺមានរយៈពេលមួយឆ្នាំមកហើយ។ នៅថ្ងៃនេះដែរ អង្គការសិទ្ធិមនុស្សអាមេរិក Human Rights Watch បានចេញសេចក្ដីថ្លែងការណ៍ដោយទាមទារ ឱ្យតុលាការដោះលែង អ្នកទាំង ៥រូបនេះឱ្យមានសេរីភាពវិញដោយអង្គការនេះចាត់ទុកជារឿងអយុត្តិធម៌សម្រាប់ពួកគាត់៕