ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣២ ផ្នែកសេរីភាពសារព័ត៌មាននៅឆ្នាំ២០១៧នេះ។ របាយការណ៍របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters without Borders) ដែលចេញផ្សាយនៅថ្ងៃពុធ ទី២៦ បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះចំនួន ៤លេខបើធៀបនឹងឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ សេរីភាពសារព័ត៌មានកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់១២៨។
អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ ពីសំណាក់រដ្ឋាភិបាល។ ជាមួយគ្នាដែរ រដ្ឋាភិបាលកម្ពុជា បានរឹតត្បិតសារព័ត៌មានឯករាជ្យ។ ហើយជាញឹកញាប់ពួកគេ ត្រូវបានចោទពីបទបរិហាកេរ្តី៍ និងបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលជាដើម។
អង្គការដដែលបន្ថែមថា ភ្លាមៗបន្ទាប់ឃាតកម្មលើលោក កែម ឡី សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ខេមបូឌាដែលី និងសារព័ត៌មានដ៏ទៃទៀតទទួលរងការរិះពីនាយករដ្ឋមន្ត្រីកម្ពុជា និងរងការគម្រាមកំហែងពីជនអនាមិក៕