en     km
en     km

បក្ស​ប្រឆាំង​ និង​សង្គម​ស៊ី​វិល​ ត្រៀម​លើក​បញ្ហា​សិទ្ធិ​មនុស្ស​ជាមួយ​ឧបការី​រង​ការ​បរទេស​អា​មេ​រិ​ក​ (​មាន​សំឡេង​)

Share

ភ្នំពេញ៖ ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ប៉ាទ្រិក មើហ្វ៊ី បានមកដល់ប្រទេសកម្ពុជាដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចមួយនៅថ្ងៃអង្គារ ទី២៥ ខែមេសានេះ។ ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបាស៊ីភិក រូបនេះបានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃដដែលនេះ ប៉ុន្តែនៅមិនទាន់មានព័ត៌មានពិស្តារណាមួយជុំវិញជំនួបនេះទេ។

លោកស្រី មូរ សុខហ៊ួរ អនុប្រធានគណបក្សសង្រ្គោះជាតិ
លោកស្រី មូរ សុខហ៊ួរ អនុប្រធានគណបក្សសង្រ្គោះជាតិ

ក្នុងដំណើរទស្សនកិច្ចនេះលោក មើហ្វ៊ី នឹងជួបជាមួយមេដឹកនាំគណបក្សប្រឆាំង ជួបមន្ត្រីសង្គមស៊ីវិលនិងជួបតំណាងវិស័យឯកជន និងត្រូវជួបសន្ទានជាមួយសមាជិក នៃអង្គការគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអាគ្នេយ៍( Young Southeast Asian Leaders Initiative) ផងដែរ។

គណបក្សសង្គ្រោះជាតិគ្រោងនឹងលើកយកបញ្ហាចាប់ខ្លួនតំណាងរាស្ដ្របក្សប្រឆាំង សកម្មជន រួមជាមួយនឹងដំណើរការបោះឆ្នោតនាពេលខាងមុខ មកជជែកពិភាក្សា។ ចំណែកសង្គមស៊ីវិលដែលធ្វើការងារខាងសិទ្ធិមនុស្ស  គ្រោងនឹងលើកយកការឃុំ ខ្លួនមន្ដ្រីការពារសិទ្ធិមនុស្ស និងបញ្ហារំលោភសិទ្ធិមនុស្សនៅរយៈពេលចុងក្រោយនេះ មកជជែក។
ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកធ្វើឡើងក្នុងពេលវេលាមួយ ដែលបរិយាកាសនយោបាយរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្នុងភាពស្រអាប់ ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃនេះថា ពួកខ្លួនគ្រោងនឹងលើកយកបញ្ហាសិទ្ធិមនុស្ស ការចាប់ខ្លួនតំណាងរាស្ត្ររបស់គណបក្សប្រឆាំង និងការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល រួមទាំងបញ្ហានៃការបោះឆ្នោតមកជជែកជាមួយ ឧបការីរងក្រសួងការបរទេសសអាមេរិកលោក ប៉ាទ្រិក មើហ្វ៊ី។
លោក មើហ្វ៊ី បានមកដល់ប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ ហើយបានចាប់ផ្តើមជួបចរចាជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន។ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទ នៃជំនួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិល និងតំណាងគណបក្សប្រឆាំងនោះទេ។

ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ប៉ាទ្រិក មើហ្វ៊ី
ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ប៉ាទ្រិក មើហ្វ៊ី

លោកស្រី មួរ សុខហ៊ួរ អនុប្រធានគបក្សសង្គ្រោះជាតិ បានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ ថា  គណបក្សរបស់លោកស្រីត្រៀមខ្លួនរួចហើយដើម្បីជួបជជែកជាមួយមន្ដ្រីជាន់ខ្ពស់អាមេរិករូបនោះ ជាពិសេសការជជែកអំពីការអនុវត្ដន៍ច្បាប់របស់តុលាការកម្ពុជា ការចាប់ខ្លួនអ្នកតំណាងរាស្ដ្រ  សកម្មជនបក្សសង្គ្រោះជាតិ និងស្នើឲ្យអាមេរិកធ្វើយ៉ាងណាជួយឲ្យបានពេញទំហឹងដល់ដំណើរបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។

«លើសពីនេះទៅទៀតយើងនឹងនិយាយអំពី ការដែលពាក់ព័ន្ធជាមួយនឹងលទ្ធភាពអ្នកតំណាងរាស្ដ្រ ស្ថាប័នឯករាជ្យត្រូវតែឯករាជ្យ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងឡាយ ដូចជា ស្ថាប័នតុលាការ ដែលយើងឃើញថា នៅមានកង្វះខាតច្រើន ដែលធ្វើឲ្យប៉ះពាល់ទៅលទ្ធិប្រជាធិបតេយ្យ»

ដំណើរទស្សនកិច្ចរបស់លោកឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក ប៉ាទ្រិក មើហ្វ៊ី ធ្វើឡើងស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជា កំពុងស្ថិតក្នុងភាពចម្រូងចម្រាស់ដែលរំលេចចេញតាមរយៈការចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមស៊ីវិល។ មានមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិលសរុបជាង ២០នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ផ្សេងៗ។

លោកស្រី មូរ សុខហួរ រំពឹងថា វត្តមានរបស់មន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងជួយឲ្យមានដំណោះស្រាយលើបញ្ហាទាំងនេះ។
ដោយឡែកលោក សំ ច័ន្ទគា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា បញ្ហាចម្បងដែលសមាគមចង់បានដំណោះស្រាយ គឺការផ្ដល់សេរីភាពដល់មន្ដ្រីការពារសិទ្ធិមនុស្សអាដហុកទាំង ៤រូប ដែលរហូតមកដល់ពេលនេះពួកគាត់ បានជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំទៅហើយ។ ក្រៅតែពីរឿងនេះ សមាគមអាដហុក ក៏នឹងលើកយកបញ្ហារំលោភសិទ្ធិនៅកម្ពុជាដើម្បីជជែកជាមួយមន្ដ្រីអាមេរិក ផងដែរ ព្រោះបច្ចុប្បន្ននេះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហាក់រងការគម្រាមកំហែង និងរិតត្បិតកាន់តែខ្លាំង។
«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអាមេរិកនឹងពិភាក្សា ជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ធូរបន្ថយស្ថានភាព ដែលមហាជន ក៏ដូចជាអន្ដរជាតិ មើលឃើញថា កំពុងតែរិតត្បិតនេះ ឲ្យទៅល្អប្រសើរវិញ»

លោក អំ សំអាត មន្រ្ដីជាន់ខ្ពស់អង្គការលីកាដូ
លោក អំ សំអាត មន្រ្ដីជាន់ខ្ពស់អង្គការលីកាដូ

យ៉ាងណាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មិនទាន់អាចបញ្ជាក់ ពីថ្ងៃដែលសមាគមនេះអាចនឹងជួបជាមួយឧបការីរងក្រសួងការបរទេសអាមេរិកបានទេ។
មិនខុសគ្នាដែរអង្គការលីកាដូ ក៏មានរបាយការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្ស ការបំបិទសំឡេងតវ៉ា ការប្រមូលផ្ដុំ ការសម្ដែងមតិ ដើម្បីជជែក ពិភាក្សាជាមួយឧបការីរងក្រសួងការបរទេសអាមេរិកដែរ ក្នុងករណីអង្គការនេះមានឱកាសជួបជាមួយលោក ប៉ាទ្រិក មើហ្វ៊ី។ នេះបើតាមលោក អំ សំអាត មន្ដ្រីស៊ើបអង្គេតជាន់ខ្ពស់ របស់អង្គការលីកាដូ។

«ខ្ញុំសង្ឃឹមថា នឹងជំរុញស្ថានភាពនយោបាយហ្នឹង ទៅរកការដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដូចជា ការរិតបន្ដឹងសិទ្ធិសេរីភាព ការបញ្ចេញមតិ ការជួបជុំ ការប្រមូលផ្ដុំ ហើយនឹងបញ្ហា តុលាការ ប្រព័ន្ធយុត្ដិធម៌ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»
យ៉ាងណាមន្ដ្រីជាន់ខ្ពស់អង្គការលីកាដូ យល់ឃើញថា បញ្ហាសិទ្ធិមនុស្ស គឺជារឿងដែលអន្ដរជាតិតាមដានបំផុត លោកជឿថា ការលើកពីកង្វល់នឹងផលលំបាករបស់សង្គមស៊ីវិលដែលជួបប្រទះលើកនេះអាមេរិកនឹងមិននៅស្ងៀមនោះទេ៕

Share

Image
Image
Image