en     km
en     km

សង្គម​ស៊ី​វិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ថវិកា​លើ​វិស័យ​អប់រំ​ (​មាន​សំឡេង​)

Share

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលគ្រោងនឹងបើកយុទ្ធនាការមួយដើម្បីស្នើឲ្យរដ្ឋាភិបាលបង្កើនថវិកាជាតិសំរាប់ជំរុញគុណភាពវិស័យអប់រំ។

យុទ្ធនាការនេះនឹងធ្វើឡើងនៅតាមបណ្តាខេត្តមួយចំនួន ដោយសារក្រុមអង្គការសង្គមស៊ីវិលទាំងនេះមើលឃើញថាថវិកាជាតិសម្រាប់ក្រសួងអប់រំមិនអាចធានាដល់គុណភាពនិងសម្ថភាពនៃការអប់រំនៅកម្ពុជានៅឡើយទេ។

លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល
លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល

យុទ្ធនាការនេះនឹងធ្វើឡើងនៅក្នុងខេត្តចំនួនប្រាំរួមមានខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តឧត្តមមានជ័យ កំពង់ឆ្នាំង និងខេត្តព្រះវិហារ សម្រាប់រយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី២៦ ខែមេសា ស្អែកនេះរហូតដល់ថ្ងៃទី២៩ ខែមេសា។ អង្គការក្រៅរដ្ឋាភិបាលចំនួនជាងដប់នឹងដឹកនាំធ្វើវេទិកាពិភាក្សាមួយជាមួយភាគីពាក់ពន្ធ័ រួមទាំងរំលេចសារសំខាន់ៗដែលបង្ហាញតម្រូវការនៃការបង្កើនថវិកាជាតិសម្រាប់ការអប់រំ។ គឺជាយុទ្ធនាការដើម្បីទាមទារឱ្យរដ្ឋាភិបាលបង្កើនថវិកាទៅលើវិស័យអប់រំឱ្យបាន២០% នៃវិកាជាតិសរុប ឬុ៤ភាគនៃGDP។

លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល បានថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី២៥ ខែមេសា នេះថាបច្ចុប្បន្ននេះថវិកាសម្រាប់សាលារៀននីមួយៗនៅតែមានការខ្វះខាត។ សាលាខ្លះ នៅតែខ្វះសម្ភារៈសម្រាប់រៀន និង បង្រៀនដែលធ្វើឱ្យការសិក្សារបស់សិស្សគ្មានគុណភាព។

ក្នុងការបែងចែកថវិកាជាតិសម្រាប់ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានគម្រោងចំណាយ ចំនួន ២,៣៨៣,៦៧៣លានរៀល ឬស្មើនឹង ១៨,៣% នៃចំណាយចរន្តថវិកាជាតិ។ ក្នុងនោះថវិកាជាង៨១ភាគរយគឺជាចំណែកចំណាយសម្រាប់បុគ្គលិកសិក្សា។
លោក ជិន ច័ន្ទវាសនា លើកឡើងថាការចំណាយជាង ៨០ភាគរយនៃថវិកាសរុបរបស់ក្រសួងអប់រំសម្រាប់ចំណាយលើបៀវត្សគ្រូបង្រៀននឹងធ្វើឲ្យប៉ះពាល់ដល់គុណភាពអប់រំហើយលោកចង់ឲ្យមានការបន្ថែមថវិកាជាតិលើការធ្វើឱ្យប្រសើរឡើងសម្រាប់កម្មវិធីអប់រំ។

នាយកប្រតិបត្តិអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល ពន្យល់បន្ថែមថា ដោយសារតែថវិកាមិនមានគ្រប់គ្រាន់ សាលាខ្លះ នៅតែបន្តរៃអង្គាសលុយ ពីសិស្ស ឬអាណាព្យាបាលសិស្ស។ «ស្នើសុំទៅមាតាបិតាសិស្ស ដើម្បីជួយជាវិភាគទាន ក្នុងការយកទៅបង់ថ្លៃភ្លើង អាហ្នឹងយើងមើលឃើញថា លោកគ្រូ អ្នកគ្រូ ក៏ដូចជានាយកសាលាមួយចំនួន គឺមិនមែនគាត់មានគំនិតខូចទេ គឺគ្រាន់តែគាត់ចង់ឱ្យសិស្សចេះ អញ្ចឹងគាត់រិះរកគ្រប់មធ្យោបាយ»។

លោក ជិន ច័ន្ទវាសនា បញ្ជាក់ថាក្រុមអង្គការសង្គមស៊ីវិលចង់ឃើញថា នៅត្រឹមឆ្នាំ២០១៣០ មិនមានកុមារណាម្នាក់ត្រូវផាត់ចេញពីការអប់រំ ហើយពួកគេទទួលបានកាអប់រំប្រកបដោយសមធម៌ និងគុណភាព។

អ្នកស្រី ណុប សុខា តំណាងសហគមន៍មកពីខេត្តកោះកុង
អ្នកស្រី ណុប សុខា តំណាងសហគមន៍មកពីខេត្តកោះកុង

អ្នកស្រី ណុប សុខា តំណាងសហគមន៍មកពីខេត្តកោះកុង មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនេះដែរថាមានសិស្សប្រមាណ ២០០នាក់ កំពុងសិក្សាក្នុងសាលានៃសហគមន៍របស់អ្នកស្រី។ អ្នកស្រីបន្តថា កញ្ចប់ថវិកាដែលសាលានៅសហគមន៍អ្នកស្រីទទួលបានគឺមិនទាន់គ្រប់គ្រាន់នោះទេ។  «ប៉ុន្តែដូចខ្ញុំជម្រាបអញ្ចឹងថាវាតិចតួច អញ្ចឹងមិនអាចមានថវិកាហ្នឹងទូលំទូលាយ យកមកធ្វើអ្វីថា យើងចង់ធ្វើអ្វីបានទេ សាលា តូចទាប»។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន មិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕

Share

Image
Image
Image