ជនសង្ស័យក្នុងការបន្ទុះគ្រាប់បែកនៅកន្លែងទីសក្ការៈអីរាវ៉ាន (Erawan) ដ៏ល្បីនៅក្នុងប្រទេសថៃដែលបានធ្វើឲ្យមនុស្សស្លាប់ ២០ នាក់ហើយនឹងបង្ករបួសស្នាម ១២០នាក់ទៀតកាលពីល្ងាចថ្ងៃច័ន្ទទី១៧ ខែសីហា នេះ អាចបង្កឡើងដោយជនបរទេស។ នេះបើតាមដីការចាប់ខ្លួនកាលពីថ្ងៃពុធរបស់តុលាការថៃ ។
លោក កាសីម ភូសូវ៉ាន់ (Kasem Pooksuwan) ក្នុងវ័យ ៤៧ ឆ្នាំដែលជាអ្នករត់ម៉ូតូប្រមាណពីរឆ្នាំ បានប្រាប់ CNN ឲ្យដឹងថា លោកបានដឹកជនសង្ស័យនោះ ប៉ុន្តែបន្តិចក្រោយមកក៏ស្រាប់តែមានហេតុការណ៍ផ្ទុះគ្រាប់បែកកើតឡើង។ លោក ភូសូវ៉ាន បានឲ្យដឹងថា មានបុរសម្នាក់បានជិះម៉ូតូជាមួយគាត់ ខណៈនោះដែរ បុរសនោះកំពុងនិយាយទូរស័ព្ទដោយប្រើភាសាដែលគាត់ស្តាប់ពុំយល់។ បុរសនោះមិនបាននិយាយជាមួយគាត់ទេ ដោយគ្រាន់តែបង្ហាញក្រដាស់មួយសន្លឹកដែលមានឈ្មោះទីតាំងចំណតកណ្តាលទីក្រុងដែលសរសេរជាភាសាអង់គ្លេស បន្ទាប់មកលោកក៏ដាក់បុរសនោះចុះនៅឧទ្យានលម្ពីនី (Lumpini) ដោយគិតថា បុរសនោះមិនសមជាជនជាតិថៃទេ។
លោក ភូសូវ៉ាន មានប្រសាសន៍ថា៖ «នៅពេលដែលខ្ញុំដាក់គាត់ចុះ គាត់មើលទៅបុរសនោះមានសភាពស្ងៀមស្ងាត់ដូចភ្ញៀវធម្មតា មិនប្រញាប់ទៅណាសោះ»។ លោកក៏បន្ថែមទៀតថា ជនសង្ស័យនោះមិនមែនជាជនជាតិថៃទេ បើទោះបីជាលោកមិនបានឃើញមុខមាត់ពេញលេញរបស់បុរសនោះក៏ដោយ ក៏លោកគ្រាន់តែចាំថាបុរសនោះមានចង្កាវែងនិងស្បែកសប៉ុណ្ណោះ។
ប៉ូលីសថៃ បានរាយការណ៍ថា ការផ្ទុះនេះ គឺបង្កឡើងដោយគ្រាប់បែកបំពង់ដែលអ្នកស៊ើបអង្កេតគិតថា វាជាឧបករណ៍ដែលអាចបង្កើតឡើងនៅក្នុងប្រទេស ព្រោះថាមួយចំណែកធំនៃធាតុផ្សំ ដូចជាបំពង់ជាដើម គឺត្រូវបានផលិតនៅក្នុងប្រទេសថៃ។
ប៉ូលីសថៃបានថ្លែងបន្តថា ពួកគេមិនទាន់ដឹងពីអត្តសញ្ញាណនៃជនសង្ស័យនេះនៅឡើយទេ ប៉ុន្តែបច្ចុប្បន្នគេគ្រាន់តែដឹងថា អ្នកប្រព្រឹត្តិនោះគឺជាជនបរទេស។ មន្ត្រីប៉ូលីសថៃកំពុងតែព្យាយាមតាមប្រមាញ់បុរស ដែលបានដាក់កាតាបនៅក្រោមបង់តាមទីសាធារណៈនៅក្នុងទីសក្ការៈបូជាអីរាវ៉ាន ហើយដើរចេញទៅ តែបន្តិចក្រោយមកការផ្ទុះក៏កើតឡើង។
នៅក្នុងវីដេអូឃ្លាំមើល បានបង្ហាញឲ្យដឹងថាជនសង្ស័យនោះ ពាក់អាវពណ៌លឿងនិងពាក់វ៉ែនតាខ្មៅ អង្គុយនៅបង់សាធារណៈនៅក្នុងទីសក្ការៈបូជាអំឡុងម៉ោង ៦ និង ២៥ នាទី កាលពីថ្ងៃច័ន្ទហើយបានលាក់នូវកាបូបនៅពីក្រោមបង់នោះ។
ប៉ូលីសថៃជឿថាជនសង្ស័យនោះបានយកគ្រាប់បែកដែលមានគ្រោះថ្នាក់បំផុតទៅកាន់ទីកន្លែងសំខាន់របស់រាជធានីថៃ ដែលមានការជួយយ៉ាងតិចពីរនាក់ទៀត គឺម្នាក់ពាក់អាវដៃខ្លីពណ៌ក្រហម ហើយម្នាក់ទៀតជាមួយនឹងអាវយឺតពណ៌ខ្មៅ ដែលអ្នកទាំងពីរឈរនៅពីមុខជនសង្ស័យដែលកំពុងតែលួចដាក់កាតាបដែលមានគ្រាប់បែកនោះ។ លុះបន្តិចក្រោយមកក៏មានការបន្ទុះគ្រាប់បែកកើតឡើង។
យោងតាមលោក ប៊ប ប៊ែរ (Bob Baer) ជាអ្នកវិភាគផ្នែកសុវត្ថិភាពនិងការស៊ើបការណ៍ជាសម្ងាត់បានចង្អុលបង្ហាញឲ្យឃើញដែរថា គ្រាប់បែកនោះគឺមានលក្ខណៈមិនធម្មតាដោយសារតែវាអាចសម្លាប់បានជាច្រើននាក់ ហើយបង្កនូវការខូចខាតយ៉ាងក្រាស់ក្រៃ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា (Prayuth Chan-Ocha) បានអំពាវនាវកាលពីថ្ងៃពុធ ឲ្យស្វែងរកជនសង្ស័យនោះទៅបង្ហាញខ្លួនឲ្យអាជ្ញារធរ។ លោកបានបន្តទៀតថា លោកខ្លាចថាជនសង្ស័យនោះអាចនឹងត្រូវបាត់ខ្លួនដោយគេសម្លាប់ ដូច្នេះហើយប្រសិនបើគេចង់មានសុវត្ថិភាព ដាច់ខាតត្រូវតែចូលខ្លួនចុះចាញ់។
គួរបញ្ជាក់ផងដែរថា ប្រាក់រង្វាន់មួយលានបាត ស្មើនឹង ២៨០០០ដុល្លា នឹងត្រូវបានផ្តល់ឲ្យអ្នកដែលអាចផ្តល់ពត៌មានពិតប្រាកដដល់ប៉ូលីសដើម្បីចាប់ខ្លួនជនសង្ស័យនេះបាន៕