ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខសកម្មជន និងអ្នកគាំទ្របក្សក្នុងអង្គសមាជនៅថ្ងៃទី ២៥ មេសា នេះ លោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ប្រកាសថា បក្សរបស់លោកកំពុងតែត្រៀមខ្លួនធ្វើដំណើរទៅរកការបោះឆ្នោតដោយត្រឹមត្រូវមួយ ហើយបក្សមិនបង្កសង្គ្រាមជាមួយបរទេសជិតខាង ទោះបីចាញ់ឬឈ្នះក្តី។ ការលើកឡើងនេះ ទំនងចង់ឆ្លើយតបទៅនឹង ប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃចន្ទថា មានមនុស្សមួយចំនួនចង់បានសង្គ្រាមជាមួយប្រទេស ជិតខាង។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា បក្សកំពុងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដោយបក្ស បញ្ជៀសឱ្យបាននូវការកុំប្រមាថគ្នា ការបង្កហិង្សា និងជម្លោះជាមួយប្រទេសជិតខាង។ លោក កឹម សុខា បន្តទៀតថា គណ បក្សសង្គ្រោះជាតិក៏មិនធ្វើរដ្ឋប្រហារ មិនបង្កសង្គ្រាម និងជម្លោះផ្សេងៗដើម្បីទៅផ្លាស់អំណាចឡើយ។
លោក កឹម សុខា៖«យើងមិនមែនផ្លាស់ប្តូរតាមរយៈរដ្ឋប្រហារ តាមរយៈសង្គ្រាម តាមរយៈបដិវត្តន៍ឬតាមរយៈអំពើហិង្សាណាមួយជាដាច់ខាត។ គណបក្សសង្គ្រោះជាតិជ្រើសរើសយកការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត ដោយឆ្លុះបញ្ចាំងពីឆន្ទះពិតប្រាដករបស់ពលរដ្ឋជាម្ចាស់ឆ្នោត»។
ជាងនេះទៀតលោក កឹម សុខា ក៏បានបង្ហាញពីប្រភពសមាសភាពមនុស្សក្នុងបក្សថា គឺសុទ្ធសឹងជាមនុស្សមានបទពិសោធន៍ការងារជាអ្នកតស៊ូមតិ ដែលមិនមានបទពិសោធន៍ជាអ្នកធ្វើសឹកសង្គ្រាមនោះទេ។
បើទោះបីសារនយោបាយនេះមិនបានសំដៅឱ្យចំបុគ្គលណាមួយក្តី តែសារនេះទំនងចង់ឆ្លងឆ្លើយទៅនឹងប្រសាសន៍របស់សម្តេច ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ ដែលសម្តេចលើកឡើងថា មានអ្នកចង់បានសន្តិភាព ហើយក៏មានអ្នកចង់បានជម្លោះជាមួយប្រទេសជិតខាង។
សាស្រ្តាចារ្យវិទ្យានយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការលើកឡើងពីការមិនបង្កសង្គ្រាមដោយលោក កឹម សុខា គឺជាយុទ្ធសាស្រ្តមួយល្អមួយដើម្បីគៀងគរសំឡេងឆ្នោតពីពលរដ្ឋ។
លោកបន្តថា ការពិតគណបក្សប្រឆាំងមិនមានកម្លាំងសម្រាប់ទៅផ្តួលរំលំរដ្ឋាភិបាលដើម្បីដណ្តើមអំណាចនោះទេ។លោក ឯម សុវណ្ណារ៉ា៖«យន្តការខ្លះយើងប្រើពាក្យសង្គ្រាមវាអត់ល្អចំពោះពលរដ្ឋនោះទេ។ ចំណុចទី២ លោក កឹម សុខា ប្រើការគៀងគរជិតបោះឆ្នោតផង កុំឱ្យពលរដ្ឋមានការបារម្ភរឿងសុខសុវត្ថិភាព ឬការបោះឆ្នោតមានការកើតសង្គ្រាម នេះជាការការឆ្លើយតបដើម្បីគៀងគរតាមបែបប្រជាធិបតេយ្យ រកសំឡេងឆ្នោត រកសំឡេងគាំទ្រ។
តាមការបកស្រាយរបស់អ្នកវិភាគមួយចំនួន គឺការកើតសង្រ្គាម អាចមកពី កត្តាមួយគឺមេទ័ពមួយចំនួន មិនព្រមទទួលស្គាល់លទ្ធផល បោះឆ្នោត ហើយ ការពារអំណាច របស់បក្សដែលចាញ់ឆ្នោត ។តែ យ៉ាងនេះ អាចទាញឱ្យមានការចូលអន្តរាគមន៍ជាថ្មីទៀត របស់កងទ័ពអង្គការសហប្រជាជាត៕