en     km
en     km

អ្នកនាំពាក្យគ.ជ.ប​ ៖​ គណបក្ស​នយោបាយ​ណា​ទិញ​សន្លឹក​ឆ្នោត​នឹង​មានទោស​(មានសំឡេង)

Share

ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ ថ្ងៃទី៤ មិថុនា គឺ គណបក្សនយោបាយទាំងអស់ហាមទិញសន្លឹកឆ្នោត។ ក្រុមឃ្លាំមើលការបោះឆ្នោត សុំឱ្យមានវិធានការជាក់ស្ដែង។

កញ្ញា ជុំ ជោគជាតាជូនសេចក្ដីរាយការណ៍៖

 

ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងមានរយៈពេល១៤ថ្ងៃ។ ប៉ុន្តែ ច្បាប់បោះឆ្នោតហាមការទិញទឹកចិត្តអ្នកបោះ ឆ្នោត រូបភាពណាក៏ដោយ គឺ រាប់ទាំងថ្ងៃឃោសនា និងថ្ងៃ ស ដែលហាមគណបក្សនយោបាយមិនឱ្យធ្វើអ្វីទាំងអស់រួមទាំងថ្ងៃបោះឆ្នោតផងដែរ។

ប្រជាពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោត។
ប្រជាពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោត។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )មានប្រសាសន៍ដូចនេះ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី FM 102 នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។

នៅក្នុងបទសម្ភាសន៍ខ្លីនោះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ប្រសិនបើនៅថ្ងៃឃោសនាបោះឆ្នោត ឬ ថៃ្ងបោះឆ្នោតក្ដី គ.ជ.ប រកឃើញថា មានគណបក្សនយោបាយប្រើប្រាស់ថវិកា ឬប្រើមធ្យោបាយណាមួយដើម្បីទិញសន្លឹកឆ្នោតពីប្រជាពលរដ្ឋនោះនឹងត្រូវទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រភពពី @CAM photo agency
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រភពពី @CAM photo agency

លោក ហង្ស ពុទ្ធា ៖«ផ្អែកលើភស្ដុតាងដែលមាន ត្រូវចាត់វិធានាការ ។ចឹងផ្អែកទៅលើវិធានការបោះឆ្នោត គឺ ត្រូវតែដាក់ទោសទណ្ឌ»។

ចំណែកលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅថា និចហ្វិចមានប្រសាសន៍ ថា នៅក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត គឺ គណបក្សនយោបាយនិមួយៗត្រូវគោរពច្បាប់បោះឆ្នោត ដោយមិនត្រូវអាងទឹកលុយ និងទិញទឹកចិត្តអ្នកបោះឆ្នោតនោះទេដែលទង្វើនេះ គឺជាការបំពានគោលការណ៍យុត្តិធម៌។

នេះ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការ អព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក ។ថតដោយ កែវ សុខា
នេះ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការ អព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក ។ថតដោយ កែវ សុខា

លោក សំ គន្ធាមី៖«នៅក្នុងកំឡុងពេលឃោសនាបោះឆ្នោត ហើយបើសិនមានសកម្មភាពគណបក្សនយោបាយមួយទឹកសន្លឹកឆ្នោត ចែកអំណោយ ឬក៏ស្អីផ្សេងៗជាអំពើខុសច្បាប់។ វិធីសាស្ដ្រធ្វើអីផ្សេងបានកុំអោយតែទិញសន្លឹកឆ្នោតយើងឃោសនាគោលនយោបាយ កាលណាយើងទិញសន្លឹកឆ្នោត ទិញទឹកចិត្ត វាប៉ះពាល់ដល់ដំណើរការបោះឆ្នោតមួយដែរ»។

ទន្ទឹមនឹងនេះដែរ លោក កង សាវ៉ាង មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល មានប្រសាសន៍ដែរថា ប្រសិនបើមានការទិញទឹកចិត្តប្រជាពលរដ្ឋអោយបោះឆ្នោត គឺ គណបក្សនយោបាយផ្សេងអាចប្ដឹងតវ៉ាទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីជួយដោះស្រាយផងដែរ។

 លោក កង សាវ៉ាង មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល ។ រូបភាពពីហ្វេសប៊ុក Savang Korn។

លោក កង សាវ៉ាង មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល ។ រូបភាពពីហ្វេសប៊ុក Savang Korn

លោក កង សាវ៉ាង ៖«ក្នុងករណីមានការរកឃើញថា មានការទិញទឹកចិត្ត មានការអំណោយផ្សេងៗនៅក្នុងការឃោសនាបោះឆ្នោត គឺ គេហាមហើយបើសិនមានករណីនេះ គណបក្សនយោបាយអាចប្ដឹងតវ៉ាទៅគ.ជ.ប»។

តាមក្រមសីលធម៌សម្រាប់មន្ដ្រីបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ត្រង់ឧបសម្ព័ន្ធទី២ ចំនុចទី៦ ត្រង់ ៦.៥ បាននិយយាថា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បេក្ខជន ភ្នាក់ងារគណបក្សនយោបាយហាមធ្វើការគំរាមកំហែង បំភិតបំភ័យ ឬលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬសន្យាបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយ។

ជាមួយគ្នានេះ ចំនុច ៦.៦ បាននិយាយថា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហាមផ្ដល់អំណោយជាថវិកា ឬជាសម្ភារដែលជារង្វាន់លើកទឹកចិត្ត ទោះបីតាមមធ្យោបាយ ឬរូបភាពណាក៏ដោយដល់ស្ថាប័ន អង្គការ ឬបុគ្គលណាម្នាក់ ក្នុងគោលបំណងទិញទឹកចិត្តអ្នកបោះឆ្នោត ក្នុងរយៈពេលឃោសនាបោះឆ្នោត ថ្ងៃស និងថ្ងៃបោះឆ្នោត។

តាមក្រមសីលធម៌របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  និងភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតដដែល ប្រសិនបើគណបក្សនយោយបាយណាមួយ ឬ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយណាមួយ បានប្រព្រឹត្តផ្ទុយនឹងអំពើហាមប្រាមនូវចំនុចខាងលើ នឹងត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀន ទៅ ២០លានរៀល ។ ដោយឡែកមាត្រា ១៤៣ បានចែងថា ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬ និងត្រូវផាកពិន័យជាប្រាក់ ១០លានរៀល ទៅ ៣០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀត ចំពោះគណបក្សនយោបាយណាដែលបានប្រព្រឹត្តអំពើល្មើសដូចបានចែងក្នុងមាត្រា ១៤២ ខាងលើ៕

Share

Image
Image
Image