ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ ថ្ងៃទី៤ មិថុនា គឺ គណបក្សនយោបាយទាំងអស់ហាមទិញសន្លឹកឆ្នោត។ ក្រុមឃ្លាំមើលការបោះឆ្នោត សុំឱ្យមានវិធានការជាក់ស្ដែង។
កញ្ញា ជុំ ជោគជាតាជូនសេចក្ដីរាយការណ៍៖
ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងមានរយៈពេល១៤ថ្ងៃ។ ប៉ុន្តែ ច្បាប់បោះឆ្នោតហាមការទិញទឹកចិត្តអ្នកបោះ ឆ្នោត រូបភាពណាក៏ដោយ គឺ រាប់ទាំងថ្ងៃឃោសនា និងថ្ងៃ ស ដែលហាមគណបក្សនយោបាយមិនឱ្យធ្វើអ្វីទាំងអស់រួមទាំងថ្ងៃបោះឆ្នោតផងដែរ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )មានប្រសាសន៍ដូចនេះ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី FM 102 នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។
នៅក្នុងបទសម្ភាសន៍ខ្លីនោះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ប្រសិនបើនៅថ្ងៃឃោសនាបោះឆ្នោត ឬ ថៃ្ងបោះឆ្នោតក្ដី គ.ជ.ប រកឃើញថា មានគណបក្សនយោបាយប្រើប្រាស់ថវិកា ឬប្រើមធ្យោបាយណាមួយដើម្បីទិញសន្លឹកឆ្នោតពីប្រជាពលរដ្ឋនោះនឹងត្រូវទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់។
លោក ហង្ស ពុទ្ធា ៖«ផ្អែកលើភស្ដុតាងដែលមាន ត្រូវចាត់វិធានាការ ។ចឹងផ្អែកទៅលើវិធានការបោះឆ្នោត គឺ ត្រូវតែដាក់ទោសទណ្ឌ»។
ចំណែកលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅថា និចហ្វិចមានប្រសាសន៍ ថា នៅក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត គឺ គណបក្សនយោបាយនិមួយៗត្រូវគោរពច្បាប់បោះឆ្នោត ដោយមិនត្រូវអាងទឹកលុយ និងទិញទឹកចិត្តអ្នកបោះឆ្នោតនោះទេដែលទង្វើនេះ គឺជាការបំពានគោលការណ៍យុត្តិធម៌។
លោក សំ គន្ធាមី៖«នៅក្នុងកំឡុងពេលឃោសនាបោះឆ្នោត ហើយបើសិនមានសកម្មភាពគណបក្សនយោបាយមួយទឹកសន្លឹកឆ្នោត ចែកអំណោយ ឬក៏ស្អីផ្សេងៗជាអំពើខុសច្បាប់។ វិធីសាស្ដ្រធ្វើអីផ្សេងបានកុំអោយតែទិញសន្លឹកឆ្នោតយើងឃោសនាគោលនយោបាយ កាលណាយើងទិញសន្លឹកឆ្នោត ទិញទឹកចិត្ត វាប៉ះពាល់ដល់ដំណើរការបោះឆ្នោតមួយដែរ»។
ទន្ទឹមនឹងនេះដែរ លោក កង សាវ៉ាង មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល មានប្រសាសន៍ដែរថា ប្រសិនបើមានការទិញទឹកចិត្តប្រជាពលរដ្ឋអោយបោះឆ្នោត គឺ គណបក្សនយោបាយផ្សេងអាចប្ដឹងតវ៉ាទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីជួយដោះស្រាយផងដែរ។
លោក កង សាវ៉ាង ៖«ក្នុងករណីមានការរកឃើញថា មានការទិញទឹកចិត្ត មានការអំណោយផ្សេងៗនៅក្នុងការឃោសនាបោះឆ្នោត គឺ គេហាមហើយបើសិនមានករណីនេះ គណបក្សនយោបាយអាចប្ដឹងតវ៉ាទៅគ.ជ.ប»។
តាមក្រមសីលធម៌សម្រាប់មន្ដ្រីបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ត្រង់ឧបសម្ព័ន្ធទី២ ចំនុចទី៦ ត្រង់ ៦.៥ បាននិយយាថា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បេក្ខជន ភ្នាក់ងារគណបក្សនយោបាយហាមធ្វើការគំរាមកំហែង បំភិតបំភ័យ ឬលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬសន្យាបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយ។
ជាមួយគ្នានេះ ចំនុច ៦.៦ បាននិយាយថា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហាមផ្ដល់អំណោយជាថវិកា ឬជាសម្ភារដែលជារង្វាន់លើកទឹកចិត្ត ទោះបីតាមមធ្យោបាយ ឬរូបភាពណាក៏ដោយដល់ស្ថាប័ន អង្គការ ឬបុគ្គលណាម្នាក់ ក្នុងគោលបំណងទិញទឹកចិត្តអ្នកបោះឆ្នោត ក្នុងរយៈពេលឃោសនាបោះឆ្នោត ថ្ងៃស និងថ្ងៃបោះឆ្នោត។
តាមក្រមសីលធម៌របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតដដែល ប្រសិនបើគណបក្សនយោយបាយណាមួយ ឬ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយណាមួយ បានប្រព្រឹត្តផ្ទុយនឹងអំពើហាមប្រាមនូវចំនុចខាងលើ នឹងត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀន ទៅ ២០លានរៀល ។ ដោយឡែកមាត្រា ១៤៣ បានចែងថា ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬ និងត្រូវផាកពិន័យជាប្រាក់ ១០លានរៀល ទៅ ៣០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀត ចំពោះគណបក្សនយោបាយណាដែលបានប្រព្រឹត្តអំពើល្មើសដូចបានចែងក្នុងមាត្រា ១៤២ ខាងលើ៕