ថ្មីៗនេះមានការចាប់ខ្លួនសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី គឺលោកហុង សុខហួរ តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចោទប្រកាន់សមាជិកព្រឹទ្ធសភារូបនោះថា ក្បត់ជាតិ ក្រោយពីលោកបានសម្ដែងមតិក្នុងការបង្ហាញផែនទីមួយថា សន្ធិសញ្ញា១៩៧៩ រវាងកម្ពុជា និងវៀតណាម ជាសន្ធិសញ្ញារំលាយព្រំដែនចាស់ ហើយបោះបង្គោលព្រំដែនថ្មី។
នៅពេលចាប់ខ្លួនសមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិ ដោយមិនបានដកអភ័យឯកសិទ្ធិជាមុននោះ ក្រុមអ្នកច្បាប់ និងអង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល បានហៅការចាប់ខ្លួននោះថា ធ្វើឡើងដោយខុសច្បាប់ ខុសនីតិវិធី ព្រោះគេចាត់ទុកថា នោះជាការបញ្ចេញមតិ មិនមែនជាបទល្មើសជាក់ស្ដែង ដែលអាចឲ្យអាជ្ញាធរចាប់ខ្លួន ដោយមិនចាំបាច់ដកអភ័យឯកសិទ្ធិជាមុននោះទេ។
ប៉ុន្តែករណីនេះ មន្ត្រីរដ្ឋាភិបាលបកស្រាយថា ជាបទល្មើសជាក់ស្ដែង ដែលសមត្ថកិច្ចអាចចាប់ខ្លួនដោយមិនបាច់ដកអភ័យឯកសិទ្ធិ។
ចង់ដឹងថា តើស្ថាប័នណាដែលមានតួនាទីក្នុងការបកស្រាយច្បាប់ សូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកណុល ដារ៉ា និងលោកសូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយដូចតទៅ៖