en     km
en     km

ការ​បែងចែក​ថវិកា​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​ឃុំ​-​សង្កាត់​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​យេ​ន​ឌ័​រ​

Share

ភ្នំពេញ៖ សង្គមស៊ីវិលដែលធ្វើការងារលើការអភិវឌ្ឍន៍ផ្នែកយេនឌ័រ និងបញ្ហាប្រឈមនានានៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា កញ្ចប់ថវិកាដែលថ្នាក់ជាតិដាក់ចុះតាមរយៈក្រសួងស្ថាប័នរបស់រដ្ឋាភិបាល ផ្ដលទៅឱ្យថ្នាក់ក្រោមជាតិ នៅមិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ។

ការលើកឡើងរបស់ប្រធានអង្គការសង្គមស៊ីវិលដែលធ្វើការងារលើការអភិវឌ្ឍន៍ផ្នែកយេនឌ័រដូចនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី “ថវិកាឆ្លើយតបនឹងយេនឌ័រ នៅថ្នាក់ក្រោមជាតិ” នៅសណ្ឋាគារសាន់វេ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៧ នេះ។ 

ngo-2

ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់នោះ កញ្ញា សេង រាសីអ្នកសម្របសម្រួបគម្រោងគណៈកម្មាធិការលើកស្ទួយស្ដ្រីក្នុងវិស័យនយោបាយ (គ.ស.ន) លើកឡើងថា កញ្ចប់ថវិកាដែលថ្នាក់ជាតិផ្ដល់សម្រាប់អភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ ដូចជា ថ្នាក់ឃុំ-សង្កាត់ ថ្នាក់ រាជធានី-ខេត្ត និងថ្នាក់ក្រុង-ស្រុក មិនបានផ្ដល់ទៅដល់ការអភិវឌ្ឍន៍យេនឌ័រឱ្យត្រូវតាមការតម្រូវដែលកើតមានឡើង នោះទេ ។

តាម កញ្ញា សេង រាសី គឺ ថវិកាដែលបានទទួលសម្រាប់ថ្នាក់ឃុំ-សង្កាត់ទៅលើបញ្ហាយេនឌ័រ គឺ មានប្រមាណ ៧.៧ ភាគរយតែប៉ុណ្ណោះ ដែលការណ៍នេះ បើប្រៀបធៀបជាមួយនឹងបញ្ហា គឺ មិនបានជួយដោះស្រាយអ្វីដែលកើតមានឡើងទៅលើជនរងគ្រោះជាស្ដ្រីបាននោះទេ។

កញ្ញា សេង រាសី ៖« ការជួយស្ដ្រីរងគ្រោះផ្សេងៗ ដូចជា សុខភាពមាតា និងទារក បានតិចតួចមែនទែន។ បានន័យថា ថវិកាដែលមានសម្រាប់តែអោយក្រុមប្រឹក្សាឃុំ លោកចុះទៅសួរសុខទុក្ខ ឬថ្លៃធ្វើដំណើរ និងថ្លៃអាហារសម្រន់សម្រាប់រៀបចំអង្គប្រជុំ ប៉ុន្ដែសម្រាប់ស្ដ្រីរងគ្រោះដែលត្រូវការរកជំនួយ មិនមានកញ្ចប់ថវិកាសម្រាប់ជួយពួកគាត់ទេ»។
ទន្ទឹមនឹងនេះដែរ លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ដែរថា បើមើលទៅលើគោលនយោបាយ ឬមើលទៅលើច្បាប់ដែលមានស្រាប់របស់រដ្ឋាភិបាល ដូចជាគោលនយោបាយបញ្ជ្រាបយេនឌ័ររបស់រដ្ឋាភិបាល ផែនការនារីរត័រតនៈគឺសមល្មមដើម្បីទប់ស្កាត់អំពើហិង្សាលើស្ដ្រី។ប៉ុន្ដែគោលនយោបាយទាំងអស់នោះ មិនទាន់បានអនុវត្តឱ្យល្អប្រសើរនៅឡើយទេ ដោយសារតែការយល់ដឹង និងថវិកានៅមានតិចតួចនៅឡើយ។

លោកស្រី រស់ សុភាព៖«បើយើងមើលទៅឃើញថា ដំណើរការ ឬក៏ការអនុវត្តច្បាប់នឹងវានៅមានការខ្វះចន្លោះខ្លាំងមែនទែន ដោយសារការយល់ដឹងរបស់យើងគ្រប់ តាំងពីមេធាវីក៏ដោយ តាំងពីឃុំសង្កាត់ក៏ដោយ។ ចឹងហើយ បានជាយើងអនុវត្តទៅមានការខ្វះចន្លោះ ព្រោះយើងអត់មានថវិកានៅក្នុងការដោះស្រាយ »។

ជុំវិញរឿងនេះដែរ ប្រធានការិយាល័យត្រួតពិនិត្យ និងតាមដានថវិកាឃុំ-សង្កាត់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផន ចាន់រិទ្ធ បានឆ្លើយតបដែរថា កាលពីឆ្នាំ២០១៧ ក្រសួងបានផ្ដល់ថវិកាទៅដល់ឃុំសង្កាត់ ប្រមាណជា ៨រយលានដុល្លារ ហើយថវិកាដែលផ្ដល់ឱ្យទាបបំផុត ១៣០លានដុល្លារ។ប៉ុន្ដែលោកថា ប្រសិនបើក្រុមប្រឹក្សា ឃុំ សង្កាត់ ចង់បានគឺគាត់អាចស្នើសុំមកកាន់ក្រសួងបាន។

លោក ផន ចាន់រិទ្ធ ៖« ជាទូទៅថវិកា យើងអត់អាចធ្វើដាច់ដោយឡែកសម្រាប់យេនឌ័រទេ ទាល់តែគាត់គ្រោងមកទើបយើងទម្លាក់អោយគាត់ ព្រោះថវិកាឥលូវមិនដូចមុន…»។

ជុំវិញរឿងនេះដែរ លោកស្រី Janet Wong ប្រធានអង្គការUNWomen ក៏ជំរុញអោយរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលខិតខំប្រឹងប្រែងរួមគ្នាទៅលើកម្មវិធីបែងចែកថវិកា ការគ្រប់គ្រងហិរញ្ញវត្ថុ ឱ្យមានតម្លាភាព និងភាពច្បាស់លាស់ជាមួយគ្នាផងដែរ ដើម្បីឱ្យបញ្ហាយេនឌ័ថយចុះ។

«ដូច្នេះការរៀបចំថវិកានេះ ផ្អែកទៅលើកម្មវិធីនេះ គឺ ជាទីកន្លែងដែលលោកអ្នកដែលអាចដាក់បញ្ចូលនូវកម្មវិធីគំលាតយេនឌ័រចូលទៅក្នុងកម្មវិធី ថាតើអាចដោះស្រាយបញ្ហាគំលាតយេនឌ័រដូចម្ដេចខ្លះនៅក្នុងកម្មវិធី…»។

នៅក្នុងសិក្ខាសាលានៅថ្ងៃនេះ គឺ ក្រៅពីការពិគ្រោះយោបល់រវាងរដ្ឋាភិបាល ជាមួយនិងអង្គការសង្គមស៊ីវិល ដែលធ្វើការលើស្ទួយស្ដ្រីនៅក្នុងវិស័យនយោបាយហើយនោះ អង្គការសង្គមស៊ីវិល ក៏បានសំនូមពរអោយររាជរដ្ឋាភិបាលជួយធានានូវតម្លាភាពថវិកាថ្នាក់ជាតិដែលមានស្រាប់ ឱ្យឆ្លើយតបទៅតម្រូវការងាររវាងបុរស និងស្ដ្រីអោយស្មើៗគ្នាផងដែរ៕

 

 

Share

Image
Image
Image