អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដី លោក ផៃ ស៊ីផាន បានបញ្ជាក់ជាថ្មីថា ការចាប់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មិនមែនជារឿងនយោបាយនោះទេ ប៉ុន្ដែវាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ដែលមិនចាំបាច់ដកអភ័យឯកសិទ្ធសភានោះ។ ការថ្លែងរបស់លោក ផៃ ស៊ីផាន បែបនេះ ធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយ ស្ដីពី ព្រឹត្តិការណ៍ថ្មីៗ នៅព្រឹកថ្ងៃទី ១៩ខែសីហា នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយស្ដីពី ព្រឹត្តិការណ៍ថ្មីៗជុំវិញការចាប់ខ្លួនសមាជិក ព្រឹទ្ធសភាគណបក្សសម រង្ស៊ី គឺលោក ហុង សុខហួរ និងបញ្ហាសន្តិសុខជាតិ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី នៅថ្ងៃនេះ អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្រ្ដី លោក ផៃ ស៊ីផាន បានលើកឡើងថា ការបញ្ជាឲ្យចាប់ខ្លួន លោក ហុង សុខហួរ ពីសំណាក់លោកនាយករដ្ឋមន្រ្ដីនោះ មិនមែនជារឿងនយោបាយនោះទេ។«គេបញ្ជាក់ហើយជាព្រហ្មទណ្ឌជាក់ស្តែង នៅក្នុងព្រហ្មទណ្ឌជាក់ស្តែងកិច្ចការឃាត់ខ្លួនមិននិយាយពាក់ព័ន្ធនឹងអភ័យឯកសិទ្ធទេ»។
ទាក់ទងទៅនឹងបញ្ហានេះដែរ លោក គឹម សន្តិភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបកស្រាយនៅក្នុងសន្និសីទកាសែត ជាមួយលោក ផៃស៊ីផាន ដែរថា ការចាប់ខ្លួន លោក ហុង សុខហួរ ធ្វើឡើងនៅពេលដែល លោក ហុង សុខហួរ ធ្វើការបកស្រាយ រឿងព្រំដែន រវាងប្រទេសកម្ពុជានិង វៀតណាមខុស នៅលើទំព័រហ្វេកប៊ុក លោក សម រង្ស៊ី កាលពីថ្ងៃទី១២ ខែសីហា២០១៥ កន្លងមក។ លោក គឹម សន្តិភាព លើកឡើងបន្ដថា សំអាងលើអង្គហេតុខាងលើ លោក ហុង សុខហួរ ត្រូវជាប់ទោស ពីបទល្មើសជាក់ស្ដែង តាមបញ្ញត្តិមាត្រា ៨៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលអាជ្ញាធរ មានសមត្ថកិច្ច ស៊ើបអង្កេតករណីខាងលើនេះ អាចចាប់ខ្លួនលោកបានដោយមិនបាច់មានការយល់ព្រមពីព្រឹទ្ធសភា ឬការលើកអភ័យឯកសិទ្ធ ដោយសភា តាមមតិភាគច្រើន ២ភាគ៣នៃសមាជិកព្រឹទ្ធសភាទាំងមូលឡើយ។
ឆ្លើយតបនឹងការលើកឡើងរបស់ លោក ផៃ ស៊ីផាន នេះដែរ លោក ជួង ជូងី មេធាវី ការពារក្ដី ឲ្យលោក ហុង សុខហួរ បានលើកឡើងថា «សម្រាប់ខ្ញុំ ខ្ញុំមើលឃើញច្បាស់ថាវាមិនមែនជាបទល្មើសជាក់ស្តែងទេ ហើយគាត់មានអភ័យឯកសិទ្ធព្រឹទ្ធសភា ដែលទាំងសមត្ថកិច្ច ទាំងប៉ូលីស សហការជាមួយតុលាការ ឃុំខ្លួនសមាជិកព្រឹទ្ធសភា ដែលគាត់នៅមានអភ័យឯកសិទ្ធសភាពនៅឡើយ»។
គួរម្លឹកដែរថា ថ្មីៗនេះ លោកហុង សុខហួរ ដែលជាសមាជិកព្រឹទ្ធសភា និង ជាអ្នកជំនាញព្រំដែន នៃគណបក្សសមរង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោយពីចាប់ខ្លួននៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី ១៥ សីហា ២០១៥ តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ក្នុងការឃុំខ្លួននេះ លោក ហុង សុខហួរ ត្រូវបានតុលាការចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។