en     km
en     km

ក្លឹ​ប​អ្នកកាសែត​ចង់ឱ្យ​មានការ​ផ្សព្វផ្សាយ​ព​ត៌​មានបាន​ទូលំទូលាយ​អំពី​ការ​បោះ​ឆ្នោត​(មានសំឡេង)

Share

ភ្នំពេញ៖ដើម្បីឱ្យការផ្សាយព័ត៌មានជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជាកាន់តែទូលំទូលាយ ក្លឹបអ្នកកាសែតកម្ពុជាបានបណ្តុះបណ្តាល អ្នកកាសែត២០រូបមកពីស្ថាប័នផ្សេងៗគ្នារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដលថ្ងៃទី២១ ខែមេសានេះ ។ អ្នកជំនាញកិច្ចការបោះឆ្នោត នៃអង្គការសង្គមស៊ីវិលយល់ស្របរឿងនេះ។លោកសេរីវឌ្ឍនៈរាយការណ៍៖

ccj

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន បន្ថែមលើជំនាញរាយការណ៍ព័ត៌មានអំពីការបោះឆ្នោត ។ មួយវិញទៀត ឱ្យអ្នកសារព័ត៌មានចំណេះដឹង ជំនាញ និងទទួលបានបទពិសោធន៍ថ្មីៗក្នុងការចូលរួមធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីការបោះឆ្នោត នៅឆ្នាំ២០១៧ និងថ្នាក់ជាតិនៅឆ្នាំ២០១៨។

ជាមួយគ្នានេះដែរ ត្រូវលើកកម្ពស់ការយល់ដឹង និងការចូលរួមពីអ្នកសារព័ត៌មាន ក្នុងដំណើរការបោះឆ្នោត ដើម្បីធានាបាននូវការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងតម្លាភាព។

លោក ប៉ែន បូណាប្រធានក្លឹបអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងដំណើរការផ្សព្វផ្សាយអំពីការបោះឆ្នោតនាពេលខាងមុខ។ លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាមូលដ្ឋានក្នុងការសរសេរព័ត៌មានឱ្យបានទូលំទូលាយ និងពង្រឹងចំណេះ ជំនាញអ្នកសារព័ត៌មានកាន់តែខ្លាំងជាងមុន។

លោកបន្ថែមថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ លោករំពឹងថា អ្នកសារព័ត៌មាន នឹងផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោត ស្របតាមវិជ្ជាជីវៈ មិនខុសនិតិវិធី និងច្បាប់ ។

យ៉ាងនេះក្ដី ក្រសួងព័ត៌មាន និង ក្រសួងយុត្តិធម៌កាលពីថ្មីៗនេះ បាន ក្រើនរម្លឹកឱ្យអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់ខ្លួនក្នុងការយកព័ត៌មាន ហើយ ពុំនោះទេ គឺជាលកំហុស ព្រហ្មទណ្ឌករណី ញ៉ុះញុង និងបង្កអសន្តិសុខ។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យ ក្រសួងព័ត៌មាន ដែលមានវត្តមានក្នុងវគ្គនេះផងដែរ បានថ្លែង ដាស់តឿនឱ្យ អ្នកសារព័ត៌មាន ត្រូវបានប្រកាន់វិជ្ជាជីវៈឱ្យម៉ត់ចត់ ដែលលោកថា ប្រព័ន្ធផ្សព្វផ្សាយក៏អាចធ្វើឱ្យមានការភ័ន្តច្រឡំដល់អ្នក ទទួលព័ត៌មាននៅក្នុងការបោះឆ្នោតនេះដែរ។

ចំណែក លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់ ផ្នែកអង្កេត នៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រែលមានប្រសាសន៍ថា អ្នកសារព័ត៌មាន ដែលសកម្មរឿងការងារបោះឆ្នោតគឺជាការជួយបង្កើន ការលើកទឹកចិត្តអ្នកបោះឆ្នោត ឱ្យបានទៅបោះឆ្នោតកាន់តែច្រើន ហើយជួយជំរុញឱ្យ មានតម្លាភាពទៀតផង។

ប្រទេសកម្ពុជា នឹងមានការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី ៤មិថុនា ឆ្នាំ២០១៧នេះ៕

Share

Image
Image
Image