en     km
en     km

សម្ដេច​ហ៊ុន​សែន​ ៖​អា​មេ​រិ​ក​គួរ​ស្រាវជ្រាវ​ច្បាស់លាស់​សិន​ មុន​វាយប្រហារ​ប្រទេស​ណាមួយ​(មានសំឡេង)

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានថ្លែងថាការដែលអាមេរិកវាយប្រហារលើ ប្រទេសស៊ីរី គឺជាការបង្កប្រតិកម្មព្រោះការវាយប្រហានេះ ក្រោមហេតុផលមិនច្បាស់លាសករណីចោទ កងទ័ពស៊ីរី ប្រើអាវុធគីមី ខណៈដែលសម្ដេច ទទូចឱ្យអាមេរិក ដើរទៅរកតុចរចាបញ្ហាកូរ៉េខាងជើងជាជាងធ្វើសង្គ្រាម។អ្នកវិភាគយល់ស្របតាមជំហររបស់ ប្រមុខ រដ្ឋាភិបាល កម្ពុជា។កញ្ញា ជុំជោគជាតា រាយការណ៍៖

លោក ហ៊ុន សែន ក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាមានចំណងជើងថា: “អភិបាលកិច្ចប្រទេសចិន” ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបភាពពីហ្វេសប៊ុក ហ៊ុន សែន

បើទោះជាមិនមែនជាសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក៏ដោយ តែកម្ពុជាជាប្រទេសមួយនៃសមាជិករបស់អង្គការ សហប្រជាជាតិ គឺកម្ពុជា មានសិទ្ធិនៃការបញ្ចេញ យោបល់ក្នុងរឿងនេះ ដែលចង់ឃើញអាមេរិក មានការពិចារណា មុននឹងចោទហើយ ប្រហារ លើ ប្រទេសណាមួយក្រោមហេតុផល ដូចករណីប្រទេសស៊ីរី។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅថ្ងៃទី ២០ ខែ  មេសា ឆ្នាំ២០១៧ នេះ។

នៅក្នុងពិធីនេះ សម្ដេច បានលើកឡើងដូចនេះ៖ «រឿងនៅស៊ីរីខុសគ្នា បាញ់ទៅ៥៩គ្រាប់ មានប្រតិកម្មនៅក្នុងកម្រិតណាមួយ បន្ទាប់ពីការប្រើប្រាស់អាវុធគីមី ហើយអាវុធគីមីនេះទៀតសោតក៏មិនច្បាស់ថាអ្នកណាជាអ្នកប្រើ វាទាមទារឱ្យមានការសិក្សាឱ្យច្បាស់។ តើអ្នកណាប្រើអាវុធគីមីនេះ របបអាសាដនៅដាមាក ជាអ្នកប្រើឬក៏អាវុធគីមីនេះ ដូចដែរព័ត៌មាននិយាយថា កងទ័ពរបស់ស៊ីរីទម្លាក់គ្រាប់បែកមែនប៉ុន្ដែមិនមានជាគ្រាប់បែកដែលមានជាតិគីមីទេ ។ តែទម្លាក់ទៅត្រូវឃ្លាំងនៃអាវុធគីមីនេះ ចឹងអ្នកណាជាអ្នកប្រើអាវុធគីមីពិតប្រាកដនៃអាវុធប្រល័យលោកនេះ? »។

ចំណែកករណីប្រទេសកូរ៉េខាងជើងវិញ។ជាថ្មីសម្ដេចក៏សង្ឃឹមដែរថា អ្នកពាក់ព័ន្ធនឹងស្វះស្វែងរកវិធី សាស្ដ្រដើម្បីសុវត្ថិភាពនៅឧបទ្វីបកូរ៉េ តាមរយៈការចរចា ៦ភាគីឡើងវិញ ឬមធ្យោបាយណាផ្សេងទៀតដែលជាមធ្យោបាយ សន្ដិវិធី។

សម្ដេច ហ៊ុន សែន ៖ «ហើយសម្រាប់បញ្ហាឧបទ្វីបកូរ៉េ យើងនៅតែបន្ដអំពាវនាវឱ្យមានការអត់ធ្មត់ កុំប្រើប្រាស់កំលាំង គ្មានអ្នកឈ្នះនោះទេ មានតែអ្នកចាញ់តែប៉ុណ្ណោះ បើសិនជាសង្គ្រាមកូរ៉េផ្ទុះឡើង អ្នកចាញ់ពិតប្រាកដ គឺអ្នកជិតខាងតែម្ដង។ សង្ឃឹមថា នឹងស្វះស្វែងរកនូវវិធីសាស្ដ្រ ដើម្បីសុវត្ថិភាពនៅឧបទ្វីកូរ៉េ តាមរយៈបើការចរចា ៦ភាគីឡើងវិញ ឬមធ្យោបាយណាផ្សេងទៀតដែលជាមធ្យោបាយសន្ដិវិធី»។

ស្របគ្នានេះដែរ អ្នកវិភាគនយោបាយ គាំទ្រការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល កម្ពុជា។

លោក ឯម សុវណ្ណារ៉ាសាស្ដ្រចារ្យវិទ្យាសាស្ដ្រនយោបាយ យល់ឃើញថា ការលើកឡើងរបស់នាយករដ្ឋមន្ដ្រី គឺជាការថ្កោលទោសទៅលើទង្វើ ឬក៏សកម្មភាពអន្ដរជាតិ នៃមហាអំណាចធំៗដែលរំលោភបំពានទៅលើប្រទេសតូចតាច។

លោកគាំទ្រទស្សនៈនេះ ព្រោះមេដឹកនាំមួយ ឬប្រទេសមួយមិនថា តែជាប្រទេសតូច ឬប្រទេសធំនោះទេគឺមានសិទ្ធិអំណាចស្មើគ្នានៅក្នុងការបញ្ចេញមតិ ហើយមានសិទ្ធិ លើកឡើង និងទាមទារឱ្យបណ្ដាប្រទេសទាំងអស់គោរពទៅតាមគោលការណ៍ច្បាប់។

លោក ឯម សុវណ្ណារ៉ា៖ «អាមេរិកគឺជាសមាជិកមួយ ហើយជាទូទៅប្រទេសមហាអំណាច កាលណាមានកិច្ចការអ្វីៗក្នុងការសម្រេចចិត្ត ឬក៏ដាក់ទណ្ឌកម្មទៅលើប្រទេសណាមួយ សមាជិកអង្គការសហប្រជាជាតិគេធ្វើការកោះប្រជុំ ក្រុមប្រឹក្សាសន្ដិសុខ ដើម្បីសម្រេច ឬក៏មានវិធានការ ។ ប៉ុន្ដែ កន្លងមកកិច្ចការដែលសហរដ្ឋអាមេរិកធ្វើនៅស៊ីរី ឬក៏អាហ្គានីស្ថាន ទម្លាក់គ្រាប់បែកនេះ គឺ មិនពាក់ព័ន្ធជាមួយការសម្រេចរបស់អង្គការសហប្រជាជាតិទេ គឺអាមេរិកធ្វើឡើងដោយឯកតោភាគី» ។

នៅពេលដែលសហរដ្ឋអាមេរិកវាយប្រហារទៅលើកងទ័ពនៃប្រទេសស៊ីរី ដោយចោទថា ទម្លាក់គ្រាប់បែកទៅលើជនស៊ីវិលដោយអាវុធគីមីនោះ ឃើញថា មានប្រទេសជាច្រើនគាំទ្រអាមេរិកក្នុងនោះ ប្រទេសឥណ្ឌូនេស៊ីជាសមាជិកសមាគមអាស៊ានក៏បានគាំទ្រផងដែរ។

ប៉ុន្ដែមានប្រទេសតិចតួចប៉ុណ្ណោះដែលប្រឆាំងអាមេរិក ក្នុងនោះមានរុស្ស៊ី អៀរង់ កូរ៉េខាងជើង។ សម្រាប់កម្ពុជា គឺ ក្រសួងការបរទេសមិនបានបញ្ចេញទស្សនៈអ្វីទេ នៅពេលនោះ ។

កម្ពុជាធ្លាប់ឈរជាបេក្ខភាព សមាជិកមិនអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខនេះដែរ ប៉ុន្ដែមិនបានជាប់ឆ្នោតទេ ដោយសារពេលនោះ កម្ពុជាមានរឿងចម្រូងចម្រាស់ច្រើនទាក់ទងនឹងការគោរពសិទ្ធិមនុស្ស៕

 

Share

ព័ត៌មានទាក់ទង

Image