ភ្នំពេញ ៖ គឺជាការទស្សទាយប្រកបដោយការជឿជាក់ សម្តេចនាយកដ្ឋមន្ត្រីហ៊ុន សែន បានទាយទុកជាមុនថានឹងមិន មានសង្គ្រាមណាមួយកើតឡើងនៅឧបទ្វីបកូរ៉េនោះទេ។
ដោយឡែកអ្នកវិភាគនៅមានការខ្វែងគំនិតគ្នាលើចំណុចនេះនៅឡើយ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថានឹងមិនមានការបញ្ជូនពលករកម្ពុជាចេញពីប្រទេសកូរ៉េខាង ត្បូងនោះទេ។
«សង្គ្រាមនៅ(ឧបទ្វីប)កូរ៉េ មិនកើតទេ។ជឿខ្ញុំទៅ។»
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទស្សទាយយ៉ាងជឿជាក់លើការវិភាគផ្ទាល់ខ្លួនរបស់លោក។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រ័មួយក្នុងរាជធានីភ្នំពេញសម្តេចហ៊ុន សែន អះអាងថាលទ្ធភាពផ្ទុះសង្គ្រាមនៅលើឧបទ្វីបកូរ៉េ មានមិនដល់ ១ ភាគរយទេ។
សម្តេច ហ៊ុន សែន៖«សង្គ្រាមកូរ៉េលទ្ធភាពកើតមានត្រឹមតែកម្រិត ០,១ ចំណែក ៩៩,៩៩ %លើសអាច ៩៩ហ្នឹងទៀតវាអត់ មានទេជឿខ្ញុំទៅ»។
សម្តេច ហ៊ុន សែន ចាត់ទុកថាបញ្ហាចម្រូងចម្រាស់នៅឧបទ្វីបកូរ៉េគ្រាន់តែជាការបង្អួតសាច់ដុំដាក់គ្នាដើម្បីបង្ហាញ សព្វាវុធ តែប៉ុណ្ណោះ។សម្តេចហ៊ុន សែន វិភាគថា ការផ្ទុះសង្គ្រាមណាមួយនឹងធ្វើឲ្យជប៉ុននិងប្រទេសកូរ៉េខាងត្បូងជាអ្នកខាតបង់។ ត្រង់ចំណុចនេះហើយដែលធ្វើឲ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញមុនបើកការវាយប្រហារតាមផ្លូវយោធាទៅលើទីក្រុង ព្យុង យ៉ាង។
សម្តេច ហ៊ុន សែន៖«ការបង្អួតគ្នាលើបញ្ហាអាវុធ វាមិននាំទៅដល់សង្គ្រាមនោះទេ រឿងវាមិនចប់លើការវៃគ្នាគេទេ ភាពខ្ទីខ្ទាំ វាកើតមាននៅឯកូរ៉េខាងត្បូង និងជប៉ុនឯណ្ណោះទេ។ អញ្ចឹងសហរដ្ឋអាមេរិកត្រូវពិចារណាម៉ត់ចត់ ទៅលើជម្រើសនេះ»។
ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េបានកើតឡើងក្នុងរយៈពេលចុងក្រោយនេះនៅពេលដែលប្រទេសកូរ៉េខាងជើងបានដាក់ផែនការបាញសាកល្បងគ្រាប់មីស៊ិល ខណៈដែលសហរដ្ឋអាមេរិកចាប់ផ្តើមវាយប្រហារទៅលើប្រទេសស៊ីរី។ ខណៈនោះអាមេរិក ក៏បានគំរាមក្រុងព្យុងយ៉ាងដែរថាខ្លួននឹងវាយប្រហារទៅលើរបបកុម្មុយនិស្តកូរ៉េខាងជើងផងដែរបើរបបគ្រប់គ្រងមួយនេះធ្វើការសាកល្បងគ្រាប់មីស៊ីលនោះ។
ការគំរាមរបស់ក្រុងវ៉ាស៊ីនតោនដែលបានធ្វើឲ្យមានកង្វល់ជាច្រើនអំពីការផ្ទុះសង្គ្រាមនៅជ្រោយកូរ៉េទាំងពីរ។
លោកអ៊ូ វីរៈ នាយកអង្គការវេទិកាអនាគតស្តីពីកម្ពុជាបានធ្វើការវិភាគស្របគ្នាទៅនឹងការលើកឡើងរបស់សម្តេចនាយករដ្ឋ មន្ត្រីហ៊ុន សែន ខាងលើនេះដែរ។
លោក អ៊ូ វីរៈ៖«បើយើងមើលមែនទែនគឺចិនមិនចង់ឱ្យកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរដែរ ដោយសារអញ្ចឹងខ្ញុំមើលទៅ ចិនមិនអនុញ្ញាតឱ្យកូរ៉េខាងទៅជ្រុលពេក ហើយមិនចង់ឱ្យអាចមេរិកបង្កសង្គ្រាមនៅកូរ៉េខាងជើងដូចគ្នា ព្រោះអីយើងត្រូវចង់ ថា កូរ៉េខាងជើងនៅជាប់ផ្ទះជាមួយនឹងចិន ព្រមទាំងរុស្ស៊ី ផងដែរ។ ដូច្នេះខ្ញុំថា ចិនដែលមានឥទ្ធិពលលើកូរ៉េជើងគ្មានឆន្ទៈ ក្នុងអនុញ្ញាតឱ្យកូរ៉េខាងជើងបង្កព្យុះភ្លៀងនៅតំបន់នោះទេ អញ្ចឹងខ្ញុំទាយថាគ្មានសង្គ្រាមនោះទេ»។
ដោយឡែកលោកបណ្ឌិត ចាន់ វិបុល អ្នកសិក្សាពីអភិបាលកិច្ចនិងប្រជាធិបតេយ្យនៅមន្ទិលអំពីការកើតសង្គ្រាមជាយថា ហេតុនៅឧបទ្វីបកូរ៉េនេះនៅឡើយ។
លោកបណ្ឌិត ចាន់ វិបុល៖«នៅក្នុងទិដ្ឋភាពនយោបាយបែបនេះខ្ញុំយល់ថា ប្រូបាបប៊ីលីតេនៃសង្គ្រាម គឺអាចកើតឡើងខ្ពស់ ក្នុងការកើតឡើង បានន័យថាគោលនយោបាយនេះគឺដោយសារឥទ្ធិពលនៃបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសពីរគឺចិន និងសហ រដ្ឋមេរិក ហើយគោលនយោបាយអន្តរជាតិមួយទៀតគឺរុស្ស៊ី។ អញ្ចឹងយើងមើលពីប្រវត្តិ ហើយយើងមើលនិន្នាការនេះភាព ដែលអាចផ្ទុះអាវុធនេះគឺខ្ពស់»។
ទោះជាយ៉ាងណាសម្តេច ហ៊ុន សែន បានអំពាវនាវជាថ្មីម្តងទៀតឲ្យ«មានការអត់ធ្មត់និងបញ្ចៀសការប្រើកម្លាំងយោធា ហើយបើកការចរចា៦ភាគីឡើងវិញ»ដើម្បីដោះស្រាយការគំរាមកំហែងនៅឧបទ្វីបកូរ៉េនេះ។
ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានស្នើសុំឲ្យពលករខ្មែរនៅកូរ៉េខាងត្បូង និងឱពុកម្តាយរបស់ពួកគេ កុំ ព្រួយបារម្ភក្នុងស្ថានភាពបច្ចុប្បន្ន ដោយសម្តេចអះអាងថារាជរដ្ឋាភិបាលកម្ពុជាតាមដានសភាពការណ៍តានតឹងនៅឧបទ្វីប កូរ៉េយ៉ាងដិតដល់។ ហើយកម្ពុជានៅមិនទាន់សម្រេចចិត្តបញ្ជូនពលករកម្ពុជាត្រឡប់មកមាតុភូមិវិញទេនៅក្នុងពេលនេះដោយសារហានិភ័យពីការផ្ទុះសង្គ្រាមនៅមានកម្រិតទាប។ ម្យ៉ាងវិញទៀតការរក្សាពលករកំពុងធ្វើការនៅ ប្រទេសកូរ៉េខាងត្បូងគឺដើម្បីមុខមាត់កូរ៉េ និងដើម្បីរក្សានិរន្តភាពការងារដល់ពលការទាំងនោះ៕