en     km
en     km

កម្ពុជាសម្រេចមិនជម្លៀសពលករកម្ពុជានៅកូរ៉េខាងត្បូងទេ

Share

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ថ្លែងថាកម្ពុជានឹងមិនមានគោលការណ៍ជម្លៀសពលករកម្ពុជាដែល កំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េនោះទេ ព្រោះសម្តេច សន្និដ្ឋានថា សង្គ្រាមនៅឧបទ្វីបកូរ៉េនឹងមិនអាចកើតឡើងឡើយ។ 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឱ្យពលករ និងក្រុមគ្រួសារ កុំបារម្ភពីការកើតមានសង្គ្រាមនៅឧបទ្វីបកូរ៉េ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឱ្យពលករ និងក្រុមគ្រួសារ កុំបារម្ភពីការកើតមានសង្គ្រាមនៅឧបទ្វីបកូរ៉េ។

ការថ្លែងដូចនេះធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ក្នុងរាជធានីភ្នំពេញ នៅថ្ងៃ ទី២០ មេសា ២០១៧នេះ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានថ្លែងអំពាវនាវដល់ពលករដែលកំពុងធ្វើការងារនៅកូរ៉េខាងត្បូង និងក្រុមគ្រួសារពលករទាំងអស់ កុំមានការព្រួយបារម្ភ នឹងភិតភ័យពីលទ្ធភាពសង្គ្រាមនៅឧបទ្វីបកូរ៉េ ដែលសម្តេចថា ប្រទេសទាំងនេះគឺបានតែកំញើញសាច់ដុំដាក់គា្នតែប៉ុណ្ណោះ។

ហេតុផលមួយទៀតដែរ ដែលនាយករដ្ឋមន្រ្តីសម្រេចមិនឱ្យមានការជម្លៀសពលករខ្មែរ  សម្តេចថា ការជម្លៀសនឹងអាចធ្វើឱ្យពលករកម្ពុជាបាត់បង់ការងារ ព្រោះកូរ៉េខាងត្បូងនឹងយល់ថា កម្ពុជាបានរត់ចោលការងារ ខណៈសង្គ្រាមនៅមិនទាន់កើតមានផង។

នុយក្លេអ៊ែររបស់កូរ៉េខាងជើង
នុយក្លេអ៊ែររបស់កូរ៉េខាងជើង

សម្តេចបន្តទៀតថា ការជម្លៀសណាមួយត្រូវបានការចំណាយ និងមិនមែនជារឿងងាយស្រួលធ្វើនោះទេ ខណៈប្រទេសដទៃដែលមានពលករធ្វើការងារនៅកូរ៉េក៏មិនទាន់ធ្វើការជម្លៀសពលករគេដែរ។

សម្តេចក៏ស្នើឱ្យពលករចាំមើលកាលៈទេសៈជាក់ស្តែង  ហើយស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េត្រូវតាមដានសភាពការណ៍ជាក់ស្តែង។

យ៉ាងណាសម្តែង ក៏បានអំពាវនាវដល់ប្រទេសទាំងនោះឱ្យមានភាពអត់ធ្មត់ ជៀសវាងបង្កសង្រ្គាមណាមួយ ដែលជាក្តីអន្តរាយដល់ពលរដ្ឋស្លូតត្រង់។

បើតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តី ពលករកម្ពុជាដែលកំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េមានប្រមាណ ៤ ម៉ឺននាក់។

ចលនានៃការឆ្ពោះទៅរកការធ្វើសង្រ្គាមនៅលើឧបទ្វីបកូរ៉េកំពុងកើតមានដោយសារតែ អាមេរិកព្រមានវាយប្រហារលើកូរ៉េខាងជើង ប្រសិនបើក្រុងព្យុងយ៉ាបន្ដបាញ់កាំជ្រួចបំពាក់ដោយអាវុធនុយក្លេអ៊ែរទៀតនោះ ។

យ៉ាងនេះក្ដី ក្រុងព្យុងយ៉ាង ព្រមានវិញថា ខ្លួនត្រៀមរួចស្រេចហើយ ដើម្បីធ្វើសង្រ្គាមនុយក្លេអ៊ែរជាមួយអាមេរិក៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង