en     km
en     km

សង្គម​ស៊ី​វិល​ ស្វាគមន៍​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ​ ស្ដ្រី​កើនឡើង​ (មានសំឡេង)

Share

ភ្នំពេញ៖ សង្គមស៊ីវិលបង្ហាញការសាទរ គណបក្សនយោបាយចំនួនពីរនៅកម្ពុជាដែលបាន ដាក់បេក្ខភាពជាស្ដ្រីច្រើនជាងគេក្នុងការបោះឆ្នោតក្រុមប្រក្សាឃុំ។ ប៉ុន្តែសង្គមស៊ីវិលទាំងនោះ មិនទាន់អាចដាក់ទំនុកចិត្ដទាំងស្រុងបានទេ ថាស្ដ្រីនឹងបានទទួលតំណែងជាសមាជិក្រុមប្រឹក្សាឃុំ បានច្រើនជាង ៣០ភាគរយឬយ៉ាងណា។

លោកស្រី ធីតា ឃឹះ
លោកស្រី ធីតា ឃឹះ

តាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គណបក្សសង្គ្រោះជាតិបានដាក់បេក្ខភាពស្ត្រីឈរឈ្មោះសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ច្រើនជាងគេ។ ហើយតាមពីក្រោយដោយបេក្ខភាពស្ត្រីមកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសព្វថ្ងៃ។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ ធ្វើការងារលើកកម្ពស់សិទ្ធស្ដ្រី បង្ហាញក្ដីសាទរចំពោះគណបក្សនយោបាយដែលបានប្រឹងប្រែងដាក់បេក្ខភាពស្ដ្រីបានច្រើនបែបនេះ។  ទោះជាបែបនេះក្តី លោកស្រី ធីរា ឃឹះ នៅមានមន្ទិលនៅឡើយថាស្ត្រីអាចនឹងជាប់ឈ្មោះភាគច្រើនឬយ៉ាងណា។  «បោះទោះជាមានចំនួនស្ដ្រីច្រើនក៏ពិតមែន ប៉ុន្ដែយើងអត់ទាន់ដឹងថា ស្ដ្រីជាប់មែនទែនទៅ នឹងដល់៣០ភាគរយឬអត់ តែយើងដឹងថា ចំនួនស្ដ្រីក្នុងអាណត្ដិនេះគឺកើនឡើង»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងចាប់ផ្ដើមនៅថ្ងៃទី០៤ មិថុនា ពោលគឺ នៅមិនដល់ពីរខែទៀតទេ។ មានគណបក្សចំនួន១២ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ។ តាមសេចក្ដីជូននដំណឹងរបស់ គ.ជ.ប មានតែគណបក្សនយោបាយពីរ ប៉ុណ្ណោះដែលមានលទ្ធភាព ដាក់បេក្ខជនក្រុមប្រឹក្សាឃុំ ទូទាំងប្រទេស គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
គណបក្សប្រជាជនកម្ពុជា មានបេក្ខជនទាំងពេញសិទ្ធិនិងបេក្ខជនបម្រុងសរុបចំនួន ៣ម៉ឺន ៣ពាន់ ២៧៦នាក់ ក្នុងនោះស្រី្ដមានចំនួន ៥៥៥៧នាក់។
ដោយឡែកគណបក្សសង្គ្រោះជាតិ មានបេក្ខជនសរុបទាំងពេញសិទ្ធិនិងបម្រុងចំនួន ២ម៉ឺន ៦ពាន់ ៩០នាក់។ក្នុងនោះបេក្ខនារីមានចំនួនរហូត ៦ពាន់ ២រយ ៨៣នាក់។
លោកស្រី ធីរា ឃឹះ សង្កត់ថា បើពលរដ្ឋពិតជាចង់បានថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋានដែលគិតគួរពីសុខទុក្ខ ប្រជាពលរដ្ឋពិតប្រាកដ ពលរដ្ឋគួរសម្លឹងមើលពីបេក្ខភាពជាស្ដ្រីឲ្យបានច្រើនជាងបុរស។

លោក សំ គន្ធាមី
លោក សំ គន្ធាមី

លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និកហ្វិច គាំទ្រចំពោះការលើកឡើងរបស់នាយិកាអង្គការសីលការ។ លោកថា ជាក់ស្ដែងស្ដ្រីគឺជាបុគ្គលដែលមានភាពស្វាហាប់មុតមាំ គោរពពេលវេលាបានល្អប្រសើរជាងបុរស ដឹងពីសុខទុក្ខ និងតម្រូវការរបស់ស្ដ្រី បុរស និងកុមារបានច្រើនជាងបុរស។ «បើស្ដ្រីធ្វើជាមេឃុំ ចៅសង្កាត់ ឬក្រុមប្រឹក្សា ស្ដ្រីគាត់ធ្វើការបំរើផលប្រយោជន៍ប្រជាពលរដ្ឋ បំរើផលប្រយោជន៍សហគមន៍គាត់ច្រើនជាង គាត់ជួយដល់ស្ដ្រីគ្នាគាត់ កុមារ ទីពីរស្ដ្រីគាត់ធ្វើការជាប់ជាងបុរស គឺគោរពពេលវេលា ហើយការងារគាត់ម៉ឺងម៉ាត»។
ទន្ទឹមនឹងនេះ នាយកប្រតិបត្ដិអង្គការ និចហ្វិច ក៏លើកទឹកចិត្ដដល់គណបក្សនយោបាយឲ្យខិតខំបន្ដទៀត ដើម្បីដាក់បេក្ខភាពជាស្ដ្រីក្នុងតំណែងសំខាន់ៗរបស់រដ្ឋ។ ជាងនេះលោកក៏សំណូមពរដល់ស្ដ្រីផ្ទាល់ ត្រូវតែបង្កើនភាពក្លាហ៊ានរបស់ខ្លួន ដើម្បីធ្វើជាអ្នកដឹកនាំ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕

Share

Image
Image
Image