ភ្នំពេញ ៖ ស្ថាប័នបោះឆ្នោតបានសម្រេចសុំឱ្យក្រសួងមហាផ្ទៃ សហការគ្នាតាមចាប់ចោរហេកគ័រ (Hacker) ដែលបាន ចូលមកលុកលុយ ទិន្នន័យបញ្ជីបោះឆ្នោត ដែលជាការគម្រាមកំហែងដល់ស្ថាប័នបោះឆ្នោត។
យ៉ាងណាអ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា ខ្លួននឹងបើកការស៊ើបអង្កេតករណីនេះ ពេលទទួលបានពាក្យបណ្តឹង ហើយបង្វែរសមត្ថភាពជននោះ មកបំរើការងាររាជការវិញករណីក្រសួងចាប់បាន។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប មានប្រសាសន៍អ្នកសារព័ត៌មាន នៅថ្ងៃទី១៨ មេសា នេះថា ការសហការជាមួយក្រសួងមហាផ្ទៃតាមចាប់ជនខិលខូល ឬក្រុមចោរហេកគ័រនេះ គឺដើម្បីរក្សា បាននូវបរិយាកាសមុនការបោះឆ្នោតប្រព្រឹត្តបានទៅដោយរលូន។
យ៉ាងណាអ្នកនាំពាក្យរូបនេះបញ្ជាក់ថា គ.ជ.ប បានរក្សាទុកឯកសារបញ្ជីឈ្មោះបោះឆ្នោតនៅទីមានសុវត្ថិភាពល្អប្រសើរ ដែលក្រុមចោរហេកឃ័រមិនអាចចូលលួចទិន្នន័យបានឡើយ។ លោកបន្តថា រឿងនេះក៏មិនបង្កជាបញ្ហាដល់ដំណើរ ការបោះ ឆ្នោត និងលទ្ធផលបោះឆ្នោតនាពេលខាងមុខដែល។
លោក ហង្ស ពុទ្ធា៖« ហ៊ែកឃ័រតែងមកព្រលែងលេង តែយ៉ាងណាក៏ដោយក៏មកបានប៉ះពាល់ដល់បញ្ជីបោះឆ្នោតផ្លូវការ ដែលមានបិទរូបថតនៅក្នុងការរក្សាទុករបស់ គ.ជ.ប ទេ ហើយបញ្ជាក់ថាដែលថា បញ្ជីទាំងនេះយើងបានបោះពុម្ពជា Hard Copy ផ្ញើដល់ឃុំសង្កាត់រួចហើយដែល ហើយអ្វីដែលសារព័ត៌មានបានសង្កេតឃើញផ្សាយក្នុងហ្វេសប៊ុក ដាក់ថាគេលុប គេកែយ៉ាងណា ខ្ញុំសុំបង្វែរចំណាប់ថា តើបញ្ជីនោះមានរូបថតអត់ បានន័យថាអត់ទេដូច្នេះវាមិនមែនទេ!»។
ទាក់ទិនក្នុងរឿងនេះ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វិទ្យុស្រ្តីថា សមត្ថកិច្ចនឹងបើកការស៊ើបអង្កេត ករណីនេះ នៅពេលទទួលបានបណ្តឹងពី គ.ជ.ប។ យ៉ាងណាលោកនាយកឧត្តមសេនយ៍ សុភ័ក្រ បញ្ជាក់ថា ពួកក្រុមចោរ ហ៊ែកឃ័រទាំងនោះមានចំណេះដឹង ហើយមានសមត្ថភាពខ្ពស់ផ្នែកបច្ចេកវិទ្យា ។
អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងមហាផ្ទៃធ្លាប់ចាប់បានចោរ ហេកគ័រ មួយរូបដែលធ្លាប់ចូលលួចទិន្នន័យរបស់ក្រសួង មហាផ្ទៃ។ ដោយមើលឃើញពីសមត្ថភាព និងផលប្រយោជន៍ដែលអាចទាញពីជននោះ ក្រសួងបានសម្រេចនឹងផ្តល់តួនាទី ឱ្យជននោះ ដើម្បីកែខ្លួនហើយយកសមត្ថភាពមកបំរើការងារជូនប្រទេសជាតិ ដែលលោកអះអាងថានឹងយកពួកចូលក្រម ខណ្ឌរដ្ឋដើម្បីជួយការងារបច្ចេកវិទ្យា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ កាលពីថ្ងៃទី ១៣ មេសា បន្ទាប់ពីចោរ Hacker បានចូលបំផ្លាញទិន្នន័យរបស់ គ ជ ប ដែលជាការគំរាមកំហែងលើបញ្ជីបោះឆ្នោត លើស្ថាប័នបោះឆ្នោត។ សេចក្ដីថ្លែង ការណ៍ដដែលបញ្ជាក់ថា ការចូលមកលួចទិន្នន័យពីចោរហេកគ័រនេះ មិនបានសម្រេចឡើយ ព្រោះស្ថាប័នកំពូលរៀបចំការ បោះឆ្នោត មានរបៀបរក្សាទុកឯកសារដោយសុវត្ថិភាព ហើយ Hard Copy ឬច្បាប់ចម្លងនៃទិន្នន័យច្បាប់ដើម បានបញ្ជូនទៅ តាមការិយាល័យបោះឆ្នោតរួចអស់ទៅហើយ។
សូមបញ្ជាក់ថា ហេកគ័រមួយរូបដែលមានឈ្មោះហៅក្រៅថា ចំប៉ា បុរី បានផ្ញើអ៊ីម៉េលព្រមានថា អ្នកមានជំនាញគ្រប់រូបអាច បន្ថែម កែ ឬក៏លុបទិន្នន័យបោះឆ្នោតបាន តាមរយៈវិធីសាស្រ្តបញ្ជូលលេខកូដ ដែលគេហៅថា ‘ SQL injection’ដោយសារ ចន្លោះប្រហោងផ្នែកសន្តិសុខនេះ”។ សារនេះអមដោយតំណភ្ជាប់ (Link) ទៅកាន់វីដេអូក្នុងគេហទំព័រយូធ្យូប ដែលណែនាំ អ្នកចូលមើលអំពីដំណើរការកែបញ្ជីឈ្មោះតាមអ៊ីនធឺណិត ក៏ដូចជាបង្ហាញនូវគន្លឹះមួយចំនួនស្ដីអំពីរបៀបដែលអ្នកជំនាញ អាចដោះស្រាយ “បញ្ហាងាយរងគ្រោះដ៏ធ្ងន់ធ្ងរ” នេះផងដែរ។
យ៉ាងកាលពីខែមករា បញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណិតនេះ ក៏ត្រូវបានគេហ៊ែកចូលដែរ ដោយត្រឹមតែប៉ុន្មាន ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីចាប់ផ្ដើមដាក់ឱ្យដំណើរការ ជាហេតុធ្វើឱ្យនគរបាលបើកការស៊ើបអង្កេតភ្លាម ៗ។ លោក ហង្ស ពុទ្ធា បាន លើកឡើងថា ការវាយប្រហារលើកទី ១ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕