en     km
en     km

សហរដ្ឋអាមេរិក​ បដិសេធការចោទប្រកាន់របស់​រដ្ឋាភិបាលកម្ពុជា(មានសំឡេង)

Share

ភ្នំពេញ ៖ ពីរថ្ងៃក្រោយពីរដ្ឋាភិបាលកម្ពុជាបានចេញរបាយការណ៍ចោទប្រកាន់ទៅសហរដ្ឋអាមេរិកថា បាននៅពីក្រោយ ខ្នងចេតនាផ្តួលរំលំខ្លួននោះ ទីក្រុងវ៉ាស៊ីនតោនបានឆ្លើយតបថាខ្លួនមិនដែលមានចេតនាបែបនោះទេ។

តាមរយៈស្ថានទូតរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ អាមេរិកបានរៀបរាប់ថា ជំនួយរបស់ខ្លួនសំរាប់កម្ពុជាគឺដើម្បី ពង្រឹងលទ្ធិ ប្រជាធិបតេយ្យគ្មានបំណងអ្វីផ្សេងទេ។

វិមានប្រធានាធិបតីអាមេរិក នៅវ៉ាស៊ីនតោន។
វិមានប្រធានាធិបតីអាមេរិក នៅវ៉ាស៊ីនតោន។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់ថា សហរដ្ឋអាមេរិក នៅពីក្រោយខ្នង ផែនការផ្តួលរំលំរដ្ឋាភិបា លប្រទេសណាមួយដែលខ្លួនមិនពេញចិត្ត តាមរយៈការផ្តល់ជំនួយទៅអង្គការសង្គមស៊ីវិល និង គណបក្សប្រឆាំង។

ស្ថាទូតអាមេរិកប្រចាំប្រទេសកម្ពុជា បដិសេដដូចនេះ ពីរថ្ងៃបន្ទាប់ពី រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានហៅថាប្រទេសបរទេសមួយចំនួន កំពុងព្យាយាមមួលបង្កាច់ការពិតរបស់ខ្លួន និងចង់ផ្តួលរំលំរបបគ្រប់គ្រងសព្វ ថ្ងៃដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោក ដេវីត ជូសា(David Josar) អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិក បានប្រាប់វិទ្យុស្រ្តីតាមសាអេឡិកត្រូនិក ឬអ៊ីម៉ែល នៅថ្ងៃពុធទី១៣ ខែមេសានេះ សហរដ្ឋអាមេរិកមិនធ្វើការបែងចែកប្រទេសណាជាប្រទេសណានោះទេ ប៉ុន្តែអាមេរិកគាំទ្រ គោល ការណ៍ប្រជាធិបតេយ្យ«មិនមែនគាំទ្រគណបក្សនយោបាយណាមួយជាពិសេសនោះទេ»។

កាលពីថ្ងៃទី ១១ខែមេសា ក្នុងសេចក្តីស្រាយបំភ្លឺកម្រាស់១៧ទំព័រដែលមានចំណងជើងថា «ប្រាប់ពីការពិត» ជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង ក្រសួងការបរទេសកម្ពុជា បានអះអាងថាអាមេរិកបានប្រើ«មូលនិធិរាប់ពាន់លានដុល្លារ និងអង្គការ ក្រៅរដ្ឋាភិបាល» ជាមធ្យោបាយរុញច្រានផ្តួលអំណាចប្រទេសណាដែលខ្លួនមិនពេញចិត្ត។

សេតវិមានសហរដ្ឋអាមេរិក។
សេតវិមានសហរដ្ឋអាមេរិក។

ដោយនិយាយយោងមិនចំៗពេកថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលអាមេរិកត្រូវផ្តួលរំលំដែរនោះ ក្រសួងការ បរទេសកម្ពុជាបានលើកឡើងថា«ជាច្រើនឆ្នាំមកហើយដែលកម្ពុជាបានទទួលរងយុទ្ធនាការកាន់តែខ្លាំងឡើងដឹកនាំដោយរដ្ឋាភិបាលនិងអង្គការបរទេសមួយចំនួន ដែលចង់បានការផ្លាស់ប្តូររបបនៅកម្ពុជា។» ហើយក្រសួងការបរទេសចាត់ទុកថា នោះគឺជា«យុទ្ធនាការពោរពេញទៅដោយការភូតកុហក មួលបង្កាច់និងការបំប៉ោងបញ្ហា។»

អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិកលោក ដេវីត ជូសា (David Josar) មិនបានបដិសេធការផ្តល់ជំនួយដល់ គណបក្ស នយោបាយនានានោះទេ។

លោកបញ្ជាក់ជាអាទិ៍ថាថ្មីៗនេះសហរដ្ឋបានផ្តល់ជំនួយឥតសំណងសំរាប់រយៈពេលពីរឆ្នាំដើម្បីធានាដល់ប្រតិបត្តិការរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្គមស៊ីវិលនិងគណបក្សនយោបាយដើម្បីបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា។

អ្នកការទូតដដែល បានលើកពីមោទនភាពនៃ«ភាពជាដៃគូយូរអង្វែង»ជាមួយរដ្ឋាភិបាលនិង«ប្រជាជនកម្ពុជា» ដើម្បីបង្កើន លទ្ធភាពផ្តល់សេវាកម្មសុខាភិបាលដល់ប្រជាជន ការកែលម្អជីវភាពរស់នៅតាមជនបទ គាំទ្រសិទិ្ធមនុស្ស ការពារបរិស្ថាន និងការសម្រេចបាននូវគោលដៅសំខាន់ៗជាច្រើនទៀត ដែលប្រជាជនកម្ពុជាយកចិត្តទុកដាក់។»

បន្ថែមពីនោះទៀត លោក ដេវីត ជូសា(David Josar) បន្តថាសហរដ្ឋអាមេរិក«រង់ចាំបន្តកិច្ចពិភាក្សាជាមួយរាជរដ្ឋាភិបាល កម្ពុជានៅគ្រប់កម្រិតទាំងអស់ដើម្បីពង្រីក»ទំនាក់ទំនងនៃប្រទេសទាំងពីរ។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ យល់ឃើញថាការចោទប្រកាន់របស់រដ្ឋាភិបាលដែលទំនងជាសំដៅទៅ លើសហរដ្ឋអាមេរិកនោះរឿងខុសឆ្គងមួយ។

លោកកត់សំគាល់ថារដ្ឋាភិបាលកម្ពុជា វាយប្រហារទៅលើសហរដ្ឋអាមេរិកនៅពេលនេះ ដោយសាររដ្ឋាភិបាលបរាជ័យ ក្នុង ការស្នើឱ្យសហរដ្ឋអាមេរិកលុបបំណុលកាលពីសម័យសាធារណៈរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់។

«រដ្ឋាភិបាលហ្នឹងចូលចិត្តតែជំនួយរបស់ភាគីចិន ឬក៏ភាគីកុម្មុយនីសណាដែលជួយផ្នែកយោធា ទាហានមកបង្រ្កាប ការតស៊ូ ការតវ៉ារបស់ពលរដ្ឋដែលតស៊ូមតិដោយអហិង្សា ប៉ុន្តែចំពោះជំនួយរបស់ប្រទេសមហាអំណាចសេរី ជួយមកអង្គការសង្គម ស៊ីវិលលើវិស័យការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដែលមិនជួយលើកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន គឺចោទប្រកាន់គេ ដាក់កំហុសគេ លាបពណ៌គេតែម្តង។»

កាលពីថ្ងៃចន្ទ័ លោក ចាន់ វីបុល អ្នកឃ្លាំមើលស្ថានការណ៍សង្គម លើកឡើងស្រដៀងគ្នាដែរថាប្រទេសមហាអំណាច «ទាំងអស់មិនបានយកឱកាសប្រើប្រាស់អង្គការសង្គមស៊ីវិលនិងមូលធន»ដើម្បីផ្តួលរំលំប្រទេសកម្ពុជាទេ៕

Share

ព័ត៌មានទាក់ទង

Image