en     km
en     km

អាជ្ញាធរត្រៀមកម្លាំងជាង ៤ ពាន់នាក់ការពារក្រុងភ្នំពេញថ្ងៃចូលឆ្នាំ

Share

ភ្នំពេញ ៖ ស្នងការរងរាជធានីភ្នំពេញ លោក អ៊ុច សុខន ប្រាប់វិទ្យុស្រ្តីថា នៅអំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ នេះ អាជ្ញាធររាជធានីភ្នំពេញបានត្រៀមកម្លាំងប្រមាណ ៤ ពាន់នាក់ដើម្បីការ ពារសុខសុវត្ថិភាព និងទ្រព្យសម្បត្តិជូនពល រដ្ឋ។

សមត្ថិកិច្ចកំពុងយាមនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក។
សមត្ថិកិច្ចកំពុងយាមនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក។

លោក អ៊ុច សុខន បញ្ជាក់ថា តាមមូលដ្ឋាន និងខណ្ឌនីមួយៗក្នុងក្រុងភ្នំពេញ សមត្ថកិច្ចបានត្រៀមដាក់កម្លាំងយ៉ាងហោច ណាស់ឱ្យបាន ៣០០ នាក់ដើម្បីបញ្ជៀសហានិភ័យណាមួយដែលអាចកើតមានជាយថាហេតុ។

ស្របពេលនេះដែលប្រមុខរដ្ឋាភិបាលបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានត្រូវរឹតបណ្តឹងសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋក្នុងរយៈ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។

យ៉ាងណាប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលវិទ្យុស្រ្តីសុំសម្ភាសន៍អ្នកខ្លះបានបញ្ជាក់ថា ពួកគាត់មិនមាន គម្រោងទៅលេងស្រុកនោះទេ ព្រោះខ្លាចចោរលួចទ្រព្យសម្បត្តិ។ ចំណែកពលរដ្ឋខ្លះទៀតថា ពួកគេនឹងទៅលេងស្រុក កំណើត តែនឹងជួលអ្នកមកយាមផ្ទះ។

ជាការកត់សម្គាល់ ករណីចោរកម្មតែងតែកើតមានជារឿយៗក្នុងរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរមូលដ្ឋានត្រូវ រឹតបណ្តឹងការយាមកាមតាមមូលដ្ឋាន ពោលគឺមិនមែនរឹតបណ្តឹងតែថ្ងៃបុណ្យទាននោះទេ។

យ៉ាងណាអាជ្ញាធរស្នើដល់ពលរដ្ឋ មើលការខុសត្រូវ និងត្រូវចាក់សោរផ្ទះឱ្យបានល្អមុនធ្វើដំណើរទៅលេងស្រុកកំណើត៕

Share

ព័ត៌មានទាក់ទង

Image