en     km
en     km

កម្ពុជា​វាយ​ប្រហារអាមេរិក​រឿង​ចង់ផ្តួល​រំលំ​គណបក្ស​ប្រជាជន​

Share

ភ្នំពេញ ៖ កម្ពុជាចេញមុខបកស្រាយចំពោះអ្វីដែលខ្លួនហៅថា ប្រទេសបរទេសមួយចំនួនកំពុងព្យាយាមមួលបង្កាច់ការ ពិតរបស់ខ្លួន និងចង់ផ្តួលរំលំរបបគ្រប់គ្រងសព្វថ្ងៃដែលដឹកនាំដោយគណបក្សប្រជាជនកម្ពូជា។

ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះក្រសួងការបរទេសកម្ពុជាហាក់ដូចជាចង់ចោទប្រកាន់សហរដ្ឋអាមេរិកថា អាមេរិកស្ថិត នៅពីក្រោយខ្នងសេណារីយោបែបនេះ។

សេតវិមានសហរដ្ឋអាមេរិក។
សេតវិមានសហរដ្ឋអាមេរិក។

ប្រទេសកម្ពុជាបាននចោទប្រកាន់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារទី១១ខែមេសានេះថាអាមេរិកបាននៅពីក្រោយខ្នងផែនការផ្តួលរំលំរដ្ឋាភិបាលប្រទេសណាមួយដែលខ្លួនមិនពេញចិត្ត។

ក្នុងសេចក្តីស្រាយបំភ្លឺកម្រាស់១៧ទំព័រដែលមានចំណងជើងថា «ប្រាប់ពីការពិត» ជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង ក្រសួងការបរទេសកម្ពុជាអះអាងថាអាមេរិកបានប្រើទាំង«មូលនិធិរាប់ពាន់លានដុល្លារនិងអង្គការក្រៅរដ្ឋាភិបាល» ជាមធ្យោបាយរុញច្រានផ្តួលអំណាចប្រទេសទាំងនោះ។

ប្រទេសទាំងនោះដែលក្រសួងការបរទេសកម្ពុជាផ្តល់ឧទាហរណ៍មានដូចជាប្រទេសអ៊ុយក្រែននិងប្រទេសហុនឌុយរ៉ាស់ ជាដើម។

ដោយនិយាយយោងមិនចំៗពេកថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលអាមេរិកត្រូវផ្តួលរំលំដែរនោះ ក្រសួងការ បរទេសបានលើកឡើងថា«ជាច្រើនឆ្នាំមកហើយដែលកម្ពុជាបានទទួលរងយុទ្ធនាការកាន់តែខ្លាំងឡើងដឹកនាំដោយរដ្ឋាភិ បាលនិងអង្គការបរទេសមួយចំនួនដែលចង់បានការផ្លាស់ប្តូររបបនៅកម្ពុជា។» ហើយក្រសួងការបរទេសចាត់ទុកថានោះ គឺជា«យុទ្ធនាការពោរពេញទៅដោយការភូតកុហក មួលបង្កាច់និងការបំប៉ោងបញ្ហា។»

បញ្ហាដែលកម្ពុជាយល់ថាត្រូវរដ្ឋាភិបាលបរទេសយកមកបំភ្លៃ ជាពិសេសទំនងជានិយាយយោងទៅដល់សហរដ្ឋអាមេរិក នោះ រួមមានបញ្ហាដែលកម្ពុជាចាត់ទុកថាជាបញ្ហារសើបដូចជា បញ្ហានយោបាយ ច្បាប់ស្តីពីគណបក្សនយោបាយ បញ្ហាដីធ្លី បញ្ហាប្រពន្ធ័តុលាការ អំពីបញ្ហាសេរីភាពបញ្ចេញមតិ ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល បញ្ហាគណបក្សប្រឆាំងនិងបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រូបភាពការវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងនៅមុខរដ្ឋសភា យ៉ាងឃោឃៅ។
រូបភាពការវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងនៅមុខរដ្ឋសភា យ៉ាងឃោឃៅ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្រសួងការបរទេសខ្មែរបានបកស្រាយមួយចំណុចម្តងៗលើបញ្ហារសើបទាំងនេះ។ មានជា អាទិ៍ ក្រសួងការបរទេសបកស្រាយថាការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមិនមែនសំដៅកៀបសង្កត់លើបក្សប្រឆាំងនោះទេ ប៉ុន្តែគឺដើម្បី«ការពារគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។ មួយវិញទៀតទាក់ទងនឹងផ្លូវតុលាការក្រសួងការ បរទេសបានលើកយកមកបកស្រាយថាការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សនិងអ្នកនយោបាយបក្សប្រឆាំងគឺដើម្បីកម្រិតឲ្យមានការគោរពច្បាប់ឲ្យបានត្រឹមត្រូវ។ក្រៅពីនោះក្រសួងការបរទេសក៏បានលើកពីលំហនៃ សេរីភាពបញ្ចេញមតិ និង សេរី ភាពសារព័ត៌មាន សេរីភាពក្នុងការបង្កើតសមាគមផងដែរ។

ស្ថានទូតអាមេរិកមិនទាន់ឆ្លើយតបបែបណានៅឡើយរហូតមកទល់នឹងល្ងាចថ្ងៃអង្គារនេះនៅពេលដែលវិទ្យុស្ត្រី បានព្យា យាមផ្ញើសារទាក់ទង។ ដោយឡែកស្ថានទូតជប៉ុននៅកម្ពុជាលើកឡើងថាខ្លួនមិនមានតួនាទីឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនេះទេ។

ក្រុមមន្ត្រីគណបក្សប្រឆាំងមិនលើកទូរសព្ទ័ឡើយនៅរសៀលថ្ងៃនេះ។

ដោយឡែក លោក ចាន់ វិបុល អ្នកឃ្លាំមើលស្ថានការណ៍សង្គមកត់សំគាល់ថា រដ្ឋាភិបាលកម្ពុជាតែងតែច្រាលចោលនូវការ លើក ឡើង ឬរបកគំឃើញ ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ខ្លួន។ លោក ចាន់ វិបុល និយាយការពារសហរដ្ឋ អាមេរិកថា ប្រទេសនេះមិនមានចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះទេ។

«ខ្ខ្ញុំមិនព្យាយាមការពារសហរដ្ឋអាមេរិកទេ  ប៉ុន្តែប្រសិនបើរដ្ឋាភិបាលនោះ នៅតែបន្តគាប់សង្កត់ ខ្ញុំយល់ថាការដាក់សម្ពាធ ផ្នែកការទូតដើម្បីជំរុញឱ្យរដ្ឋាភិបាលធ្វើការពិចារណា ដើម្បីឱ្យរដ្ឋាភិបាលពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និតីរដ្ឋ ពុំ មែនជាកំហុសឆ្គងដែរ។ ព្រោះការដាក់សម្ពាធហ្នឹងវាស្ថិតក្រោមក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិដែលត្រូវធានាអំពីការ គោរពនូវបញ្ហាទាំងអស់នោះ»។

ទោះជាបែបនេះក្តីក្រសួងការបរទេសព្រមានថាការដាក់កំហុសមកលើខ្លួន ការរិះគន់ ការដាក់ឲ្យនៅឯកាឬការគំរាមដាក់ ទណ្ឌកម្មសេដ្ឋកិច្ច មិនមែនជាដំណោះស្រាយសំរាប់កម្ពុជានោះទេ។ ជាមួយគ្នានេះប្រទេសកម្ពុជាបានទទូចឲ្យមានដំណោះស្រាយស្វែងរកប្រជាធិបតេយ្យភាវូបនីយកម្មប្រកបដោយសន្តិភាពនិងការយោគយល់គ្នា៕

Share

ព័ត៌មានទាក់ទង

Image