ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នៅថ្ងៃអង្គារនេះបានថ្លែងអំណរគុណច្រើនថែមទៀត ដល់រដ្ឋាភិបាលចិន ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងនៅរយៈពេលចុងក្រោយ ដែលសម្ដេចថាប្រទេសទាំងមានទំនងល្អនឹងគ្នាតាំង ពី រាប់រយឆ្នាំមកហើយ។ សម្ដេចបានថ្លែងដូចនេះ ក្នុងពិធីផ្សព្វផ្សាយសៀវភៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែល មាន ចំណងជើងថា «ស៊ី ជិនពីង ៖ អភិបាលកិច្ចប្រទេសចិន» ។
ស្ថិតក្នុងភាពញញឹម និងមោទនភាពខណៈប្រទេសមានការអភិវឌ្ឍគ្រប់វិស័យ ដែលមួយផ្នែកធំបានមកពីការផ្ដល់ជំនួយ និង ប្រាក់កម្ចីពីមហាមិត្តចិន សម្ដេច ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍដ៏ខ្លាំងនៃប្រទេសកម្ពុជានាពេលនេះ គឺដោយសារចំនង ទាក់ទង ល្អផូរផង់ទ្វេភាគីជាមួយប្រទេសចិន។
ក្នុងសន្ទរកថានេះហើយ ដែលសម្ដេចបានឱ្យដឹងថា ជំនួយ និងប្រាក់កម្ចី ពីប្រទសចិន បានកើនឡើង ៤២០០លានដុល្លារ អាមេរិក បើគិតដល់ដើមឆ្នាំនេះ។
ដោយសារជំនួយនឹងប្រាក់កម្ចី មានចំនួនច្រើនបន្តិចក្ដី ក៏នាំឱ្យកម្ពុជាទទួលបានកម្លាំងសមិទ្ធិផល វិនិយោគពីក្រុមហ៊ុនមកពី ប្រទេសចិន កើនឡើងជាលំដាប់ ហើយបានឈានដល់ ៥១០០ លានដុល្លារអាមេរិកដែលសម្ដេច បញ្ចាក់ដូចនេះ។
ថ្លែងនៅចំពោះមុខវត្តមាន ឯកអគ្គរដ្ឋទូតចិន នៅវិមានសន្តិភាព សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងពី ចំណងទាក់ទង កម្ពុជាទ្វេភាគីដែលកាន់តែរឹងមាំ ហើយភាពរឹងមាំនេះហើយ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងមានកិត្តិស័ព្ទលើ ឆាកអន្តរជាតិ ។ សម្ដេចបញ្ជាក់ថា តាមរយៈនេះ ធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជាលំដាប់រហូតដល់ ៤៨០០ លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៦។
ចំពោះអ្នកជំនាញសេដ្ឋកិច្ចវិញ យល់ស្របថា កម្ពុជាមានការអភិវឌ្ឍខ្លាំងចុងក្រោយនេះគឺ ពិតជាបានមកពីជំនួយរបស់ចិន។ លោក គី សេរីវឌ្ឍ បណ្ឌិតសេដ្ឋកិច្ចនិងជាអ្នកស្រាវជ្រាវនៅរាជ្យបណ្ឌិតសភា មានប្រសាសន៍ថា ក្នុងរយៈមួយទសវត្សចុង ក្រោយនេះ ហើយជាពិសេស ប៉ុន្មានឆ្នាំមកនេះ កម្ពុជាបានទទួលជំនួយពីចិនខ្ទង់មួយពាន់លានដុលា្លរហើយ ជំនួយនេះ ហើយជួយធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
តែបើតាមអ្នកវិភាគ និងអ្នកសង្កេតការណ៍អ្វីដែលប្រទេសចិន ផ្ដល់ជំនួយ និងប្រាក់កម្ចី ដ៏ច្រើនសន្ធឹកសន្ធាប់នៅពេលចុង ក្រោយនេះក៏អាចមកពីជំហរនយោបាយការបទេសកម្ពុជា មានភាពលម្អៀងទៅរកចិនខុសពីប្រក្រតី ខណៈកម្ពជា សម្រេច សុំឱ្យក្រុងវ៉ាស៊ីនតោន ផ្ដាច់ជំនួយយោធារបស់អាមេរិកសម្រាប់ប្រទេសកម្ពុជា៕