ភ្នំពេញ៖សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ស៊ា ម៉ៅ លើកទ្បើងថាច្បាប់ ស្តីពីគណបក្សនយោបាយដែលទើបប្រកាសឱ្យប្រើនាពេលថ្មីៗនេះក្រសួងមហាផ្ទៃអាចចាត់វិធាន ការរដ្ឋបាលប្ដឹងទៅតុលាការកំពូល។ តែអ្នកនយោបាយថា ក្រសួងមិនមានវិធានការហួសដែន សមត្ថកិច្ចទេ។
ការថ្លែងនេះធ្វើទ្បើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីខ្លឹមសារវិសោធកម្មនៃច្បាប់គណបក្សនយោបាយ ព្រឹកថ្ងៃទី ១០ មេសា ឆ្នំា២០១៧។
គណបក្សនយោបាយទំាងទ្បាយណាដែលមានកំហុសធ្ងន់ធ្ងរក្រសួងមហាផ្ទៃមានសិទ្ធិប្តឹងទៅតុលាការ កំពូលដើម្បីរំលាយគណបក្សនោះ។ នេះបើតាមវិសោធនកម្មច្បាប់ថ្មីស្តីពីគណបក្សនយោបាយ។ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីខ្លឹមសារវិសោធនកម្មនៃច្បាប់គណបក្សនយោបាយ លោក ស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថាច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបធ្វើវិសោធនកម្មមានគោលបំណងការពារកិត្យានុភាពជាតិ នៃនីតិរដ្ឋរបស់កម្ពុជា។ លោក ស៊ា ម៉ៅ សង្កត់ធ្ងន់ថាច្បាប់នេះបានផ្តល់សិទ្ធិឱ្យក្រសួងមហាផ្ទៃប្តឹងទៅតុលាការកំពូលករណីបក្សនយោបាយណាមួយបង្កើតឱ្យមានកំហុសធ្ងន់ធ្ងរ។ តែលោកមិនបានបញ្ជាក់ទេថាកំហុសធ្ងន់ធ្ងរណាមួយដែលផ្ដល់អំណាច ឱ្យក្រសួងប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សដែលធ្វើខុសនោះទេ។
លោក ស៊ា ម៉ៅ ៖«ចំនុចសំខាន់គឺយើងបន្ថែមបទបញ្ញាត្តិហាមឃាត់ ដូចជាយើងហាមឃាត់ មិនឱ្យមានការធ្វើវិទ្ធង្សនា ការប្រឆំាងទៅលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ជាពិសេសយើងបន្ថែមវិធានការរដ្ឋបាលក្រសួងមហាផ្ទៃជាអ្នកត្រួតពិនិត្យ និងមានសិទ្ធិប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សនយោបាយដែលប្រព្រឹត្តិបទល្មើដែលមានលក្ខណៈធ្ងន់ធ្ងរនេះជាចំនុចសំខាន់»។
ចំណែកសមាជិកមេធាវីនៃគណៈមេធាវី លោក គា អ៊ាវ មានប្រសាសន៍ដែរថាការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយគឺមានលក្ខណៈសមល្មមនៃរយៈពេលដែលត្រូវធ្វើ។
ចំណែកលោក យ៉ែម បុញ្ញឬទ្ធិ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថាការធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយដែលផ្តល់សិទ្ធិឱ្យក្រសួងមហាផ្ទៃអាចប្តឹងទៅតុលាការកំពូលសុំឱ្យរំលាយគណបក្សបក្សនេះគឺជាការរឹតត្បិតបក្សនយោបាយ។ តែទោះបីជាយ៉ាងនេះក្តីលោកថាគណបក្សសង្គ្រោះជាតិពុំមានការព្រួយបារម្ភពីការរលាយគណបក្សនោះទេ។ «គណបក្សសង្គ្រោះជាតិយើងធ្លាប់បានជជែកគ្នាពិនិត្យទៅលើសេចក្តីព្រាងច្បាប់នេះយើងយល់ឃើញថាហាក់ពីដូចជាមានលក្ខណៈចង្អៀតចង្អុរហើយយើងតែងតែចង់បានឱ្យមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងដោយស្មើភាព ស្មើមុខគ្នា»។
ដោយទ្បែកអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្តមានប្រសាសន៍ថាក្រសួងមហាផ្ទៃពុំ មានសិទ្ធិណាមួយបញ្ជាឱ្យគណបក្សនយោបាយធ្វើយ៉ាងនេះយ៉ាងនោះតាមខ្លួននោះទេ។
លោក សុខ ឥសាន្ត បន្តថា «ការអនុវត្តរបស់ក្រសួងមហាផ្ទៃទាក់ទងនឹងច្បាប់ស្តីពីគណបក្សនយោបាយ នេះគ្រាន់តែជាយន្តការក្នុងការជូនដំណឹងទៅតុលាការកំពូលតែប៉ុណ្ណោះតែសេចក្តីសម្រេចយ៉ាងណា នោះគឺជាដែនសមត្ថកិច្ចរបស់តុលាការកំពូល»។
ហើយបើតាមមាត្រា ៣៨ថ្មី-ដល់៤៧ថ្មី ស្តីពីវិធានការរដ្ឋបាល និងទោសបញ្ញត្តិ បានចែងថាក្នុងករណី គណបក្សនយោបាយប្រព្រឹត្តិផ្ទុយនឹងរដ្ឋធម្មនុញច្បាប់ស្តីពីគណបក្សនយោបាយក្រសួងមហាផ្ទៃអាច ចាត់វិធានការរដ្ឋបាលដូចជា៖ ចេញលិខិតឱ្យកែតម្រូវ ក្នុងរយៈពេលមួយជាកំណត់ធ្វើការព្រមានជាលាយ លក្ខណ៍អក្សរ និងចាត់វិធានការបឈ្ឈប់សកម្មភាពខុសច្បាប់ក្នុងករណីចាំបាច់សម្រេចផ្អាកសកម្មភាព របស់គណបក្សជាបណ្តោះអាសន្នប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សក្នុងករណីកំហុសមាន លក្ខណៈធ្ងន់ធ្ងរជាដើម។
សូមជម្រាបថាច្បាប់ស្តីពីគណបក្សនយោបាយដែលបង្កើតទ្បើងក្នុងឆ្នំា ១៩៩៧ មាន៤៥ មាត្រា។ តែច្បាប់នេះត្រូវបានធ្វើវិសោធនកម្មប្រកាសឱ្យប្រើនាថ្ងៃទី ៧ ខែមីនា ឆ្នំា២០១៧ មានចំនួន ៥០ មាត្រា៕