en     km
en     km

ការដោះដូរអគារប៊ូឌីង នៅជាប់គាំងដដែល

Share

ភ្នំពេញ៖ប្រជាពលរដ្ឋប្រមាណ២០០នាក់បានជួបចរចាជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគររូបនីយកម្មនិងសំណង់នៅថ្ងៃនេះដើម្បីរកដំណោះស្រាយជុំវិញការប្តូរលំនៅរបស់ប្រជាពលរដ្ឋជិត៥០០គ្រួសារក្នុងអគារប៊ូឌីង ក្នុងខ័ណ្ឌចំការមន ក្រុងភ្នំពេញ។ ប៉ុន្តែការចរចាមិនបានលទ្ធផលអ្វីទេ។

កិច្ចប្រជុំស្តីពីការអភិវឌ្ឍអគារប៊ូឌីង
កិច្ចប្រជុំស្តីពីការអភិវឌ្ឍអគារប៊ូឌីងក្រុមប្រជាពលរដ្ឋនៅមិនទាន់ឯកភាពគ្នានៅឡើយជុំវិញតម្លៃនៃការលក់អគារប៊ូឌិញដ៏ចាស់ទ្រុឌទ្រោមក្នុងទីក្រុងភ្នំពេញដែលជាហេតុធ្វើឲ្យពួកគេជួបនូវការរាំងស្ទះជាថ្មីក្នុងការស្វែងរកដំណោះស្រាយដើម្បីផ្លាស់ប្តូរទីតាំងរស់នៅថ្មីនោះ។

នៅក្នុងកិច្ចចរចាគ្នាដោយផ្ទាល់នៅព្រឹកថ្ងៃសុក្រនេះ ជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា ក្នុងទីស្តីការក្រសួង ក្រុមប្រជាពលរដ្ឋមួយចំនួនបានឯកភាពលើតម្លៃសំណង ស្នើដោយក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ប៉ុន្តែមួយចំនួនទៀតគិតថាតម្លៃសំណងនោះមិន គ្រប់គ្រាន់សំរាប់ពួកគេទិញផ្ទះថ្មីនោះទេ។

ក្នុងកិច្ចចរចាទល់មុខគ្នារយៈពេលបីម៉ោងលោក ជា សុផារ៉ា បានលើកឡើងថាតម្លៃដែលអាចចរចាបាន នោះគឺចន្លោះពីតម្លៃ១៣០០ដុល្លារទៅ១៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ «បន្ទាត់ក្រហមនៃតម្លៃដីរបស់យើងនៅចន្លោះប៉ុណ្ណឹងបើតបាន១០០ទៀតសំណាង»

so-phara-thum

អ្នកស្រី ចេង រស្មី ជាប្រជាពលរដ្ឋម្នាក់ដែលបានចូលរួមក្នុងកិច្ចចរចានេះបានទាមទារសំណងចំនួន ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ អ្នកស្រី រស្មី មានកម្មសិទ្ធិពីរបន្ទប់និងមានទំហំសរុបជាង៣០ម៉ែត្រការ៉េ ។ «នៅ សល់សិនហ្នឹងកូននៅទៀតហ្មងព្រោះចេញធ្វើអីកូនបើថែមបានផងទៅទិញមិនបានផងសុំតែ២ពាន់អ៊ុំ យកហើយព្រោះអីយកទៅទិញផ្ទះវាអត់បាន»។

អ្នកជិតខាងរបស់អ្នកស្រី ចេង រស្មី មានជំហរដូចគ្នានេះដែរ។ «តម្លៃហ្នឹងវាតិចទិញ អត់បាននៅខ្ញុំចង់បាន ២ពាន់»។

ប៉ុន្តែលោក កៅ មេសា អ្នកចូលរួមម្នាក់ទៀតយល់ថាតម្លៃសំណងស្នើដោយក្រសួងនគរដែនដីនគររូបនីយ កម្មនិងសំណង់ គឺជាតម្លៃសមរម្យដែលលោកអាចទទួលយកបាន។«សម្រាប់ខ្ញុំ ខ្ញុំទទួលយកបាននៅក្នុង ជាង១៣៦៣ហ្នឹងខ្ញុំពេញនឹងទទួលយកបើបានដំណោះស្រាយកាន់តែឆាប់វាល្អផុតលេខ»។

ជាមួយគ្នានេះលោកកៅ មេសា អំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀតឲ្យពិចារណានិងទទួលយកតម្លៃដែល ស្នើដោយលោករដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា។

អ្នកចូលរួមម្នាក់ទៀតគាំទ្រគំនិតនេះ។ «ឥលូវផ្អែកលើទីផ្សារសេរីទៅអាចយកទៅទិញផ្ទះបាននៅទៅ ខ្ញុំព្រម»។

អគារប៊ូឌិង សាងសង់នៅឆ្នាំ១៩៦៤ ក្នុងសម័យសង្គមរាស្ត្រនិយមដែលដឹកនាំដោយសម្តេចព្រះបរមរតន កោដ្ឋ នរោត្តម សីហនុ។ អគារនេះមានកំពស់បួនជាន់និងមានទំហំសរុប៦៥៣១ម៉ែត្រការ៉េ និងស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន ក្រុងភ្នំពេញ។ នៅសម័យនោះអគារនេះត្រូវសាងសង់ដើម្បីផ្តល់ជា ជម្រកសំរាប់ក្រុមសិល្បករជាតិ ដោយដាក់ឈ្មោះថាជាអគារ ស។

បច្ចុប្បន្នអគារនេះប្រែទៅជាពណ៌ខ្មៅដោយសារស្លែរុំព័ទ្ធនិងមានស្នាមប្រេះបែកច្រើនកន្លែង។

រដ្ឋាភិបាលបានសំដែងការព្រួយបារម្ភថាភាពចាស់ទ្រុឌទ្រោមរបស់អាគារនេះអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់ជ្រកកោណនៅទីនោះ។ មានពលរដ្ឋរស់នៅទីនេះចំនួន៤៩៣គ្រួសារ។

ដំណាលគ្នានោះរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុន អារ៉ាកាវ៉ា របស់ប្រទេសជប៉ុន វិនិយោគនិងអភិវឌ្ឍន៍ សំណង់ថ្មីកំពស់២១ជាន់។ គម្រោងវិនិយោគនេះមានទំហំទឹកប្រាក់ចំនួន៨០លានដុល្លារអាមេរិក៕

Share

ព័ត៌មានទាក់ទង

Image