en     km
en     km

ដំរីចុះព្រេចមួយក្បាលត្រូវបានបាញ់សម្លាប់

Share

មណ្ឌលគីរី ៖ ក្រុមសមត្ថកិច្ចខេត្តមណ្ឌលគីរីបានសំរេចបាញ់សម្លាប់សត្វដំរីចុះព្រេចមួយក្បាលក្រោយពីសត្វដំរីអាយុជិត៧០ឆ្នាំនេះ បានជាន់សម្លាប់ម្ចាស់របស់វាកាលពីថ្ងៃពុធ។

រូបដំរីចុះព្រេចដែលជាន់ហ្មខ្លួនឯងស្លាប់នៅមណ្ឌលគីរី។
រូបដំរីចុះព្រេចដែលជាន់ហ្មខ្លួនឯងស្លាប់នៅមណ្ឌលគីរី។

លោក កែវ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី០៧ មេសា នេះថាកម្លាំងសមត្ថកិច្ច សម្រេចបាញ់សម្លាប់សត្វដំរីចុះព្រេចនេះកាលពីយប់មិញ បន្ទាប់ពីដំរីនេះបានមកអុកឡុកលំនៅដ្ឋានអ្នកភូមិ ហើយបានបំផ្លាញផ្ទះចំនួនពីរខ្នង និងរថយន្តពន្លត់អគ្គីភ័យខេត្តមួយគ្រឿង។

លោកប្រធានមន្ទីរបរិស្ថានបន្តថា ការបាញ់នេះគឺក្នុងបំណងដើម្បីទប់ស្កាត់សកម្មភាពយ៉ាងឃាឃៅរបស់ដំរីនេះតេប៉ុណ្ណោះ។

លោករៀបរាប់ថាដំបូងក្រុមសមត្ថកិច្ចបានបាញ់បង្រ្កាសត្វដំរីឈ្មោលនេះចំជើងទាំងពីររបស់វា តែដោយសារមុខរបួសធំពេក ក៏បានបណ្តោលឈាមហូរច្រើននិងបណ្តាលឲ្យវាងាប់នៅពេលបន្ទាប់។

កាលពីថ្ងៃទី ៥ ខែ មេសា ដំរីចុះព្រេចនេះបានវាយប្រហារហ្មដែលជាម្ចាស់របស់វា នឹងប្រមោយនៅពេលដែលហ្មរូបនោះកំពុងដឹកភ្ញៀវទេសចរ។ បន្ទាប់មកដំរីនេះបានយកជើងជាន់ជនរងគ្រោះរហូតបាត់បង់ជីវិត។

បន្ទាប់ពីកើតហេតុ ដំរីនេះបានរត់ចូលព្រៃក្បែរភូមិកាតាង ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ជាមួយដំរីញីមួយក្បាលទៀត ។

អ្នកជំនាញនៃអង្គការថែរក្សាសត្វដំរីលោកស្រី ជេម៉ា ប៊ុលឡក់ ប្រាប់អ្នកសារព័ត៌មានថា ទង្វើរបស់ដំរីនេះប្រហែលជាដោយ សារដល់រដូវវាដោយញីដោយឈ្មោល ហើយវាត្រៀមខ្លួនជាស្រេចដើម្បីពាក់មេ ទើបវាបង្ហាញអាកប្បកិរិយាកាចសាហាវ អំឡុងរដូវរកញី៕

Share

ព័ត៌មានទាក់ទង

Image