ភ្នំពេញ៖ អគ្គកុងស៊ុលស្វីស ប្រចាំប្រទេសកម្ពុជាអះអាងថា រដ្ឋាភិបាលនៃប្រទេសស្វីសនៅតែប្ដេជ្ញាបន្ដគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា។ ជាងនេះ អគ្គកុងស៊ុលក៏សំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ដែលមានលទ្ធភាព អាចចូលរួមជួយគាំទ្រដល់ដំណើរការមន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ។
លោកស្រី Rahel Boesch ប្រធានអគ្គកុងស៊ុលប្រទេសស្វីស ប្រចាំប្រទេសកម្ពុជា បានអះអាងថា បើទោះជាលោកវេជ្ជបណ្ឌិត Beat Richner បានធ្លាក់ខ្លួនឈឺជាទម្ងន់ក៏ដោយ ក៏រដ្ឋាភិបាលប្រទេសស្វ៊ីសបន្តជំរុញឲ្យដំណើរការនៃមន្ទីរពេទ្យល្បីល្បាញក្នុងប្រទេសកម្ពុជាមួយនេះឲ្យដំណើរការទៅមុខដដែល។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយវិទ្យុស្ដ្រីអេហ្វអឹម១០២ លោកស្រី Rahel Boesch មានប្រសាសន៍ថា នៅពេលនេះរដ្ឋាភិបាលស្វីស និងមូលនិធិគន្ធបុប្ផា នឹងខិតខំរកវិធីយ៉ាងណាដើម្បីធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាអាចដំណើរការបានទៅមុខដោយរលូន។ «ចំពោះជំងឺរបស់ដុកទ័រ រិចឆ្នឺរ ហ្នឹងមានតែព្រះជាម្ចាស់ទេដែលដឹង ព្រោះយើងមិនដឹងថា ជំងឺគាត់ពេលណាជាដែរ ប៉ុន្ដែអគ្គកុងស៊ុលស្វីសប្រចាំកម្ពុជា និងមូនិធិគន្ធបុប្ផា ហ្នឹងរិះរកវិធីយ៉ាងណានឹងធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាដើរទៅមុខទៀត។»
លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានធ្លាក់ខ្លួនឈឺជាទម្ងន់ក្នុងខែមិនាកន្លងទៅនេះ។ លោកត្រូវបញ្ជូនទៅកាន់ប្រទេសស្វ៊ីសដើម្បីធ្វើការសង្គ្រោះ។
ប៉ុន្តែលោកស្រីប្រធានអគ្គកុងស៊ុលប្រទេសស្វីស មិនអាចផ្តល់ព័ត៌មានលម្អិតណាមួយទាក់ទិននឹងស្ថានភាព នៃការវិវត្តនៃជំងឺរបស់លោក Richner បាននោះទេ។ លោកស្រីចាត់ទុកថា នោះគឺជាព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់លោក Richner។
មន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយឆ្នាំៗ ត្រូវចំណាយថវិកាអស់ប្រមាណជា ៤០លានដុល្លារ។ ការចំណាយលើដំណើរការមន្ទីរពេទ្យទាំងមូល គឺមានការចូលរួមពីរដ្ឋាភិបាលស្វីសចំនួន ៤លានហ្វ្រង់ស្វីស ឬប្រហាក់ប្រហែល ៤លានដុល្លារ វិភាគទានពីរដ្ឋាភិបាលកម្ពុជា ១២លានដុល្លារ និងថវិកាប្រមាណជា ២៤លានដុល្លារទៀត បានពីការជួយឧបត្ថម ពីសប្បុរសជនក្នុងនិងក្រៅប្រទេស។
យោងតាមរបាយការណ៍របស់អគ្គកុងស៊ុលស្វីស ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលស្វីស បានចាប់ផ្ដើមផ្ដល់ការគាំំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផានៅឆ្នាំ១៩៩៤ ដែលរហូតមកដល់ពេលនេះ បានចំណាយថវិកាសរុបអស់ប្រមាណជា ៦០លានស្វីសហ្វ្រង់។ «ចំពោះថវិការចំណាយប្រចាំឆ្នាំលើមន្ទីពេទ្យប្រហែលជា ៤០លានដុល្លារ ហើយមកពីរដ្ឋាភិបាល (ខ្មែរ) ប្រហែលជា ១២លានដុល្លារ មកពីរដ្ឋាភិបាលស្វីសប្រហែលជា ៤លានស្វីសហ្វ្រង់ អញ្ចឹងនៅសល់ប៉ុន្មានគឺយើងបានមកពី Donor ក្នុងនឹងក្រៅប្រទេស»។
លោកវេជ្ជបណ្ឌិត Beat Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យគុន្ធបុប្ផានៅឆ្នាំ១៩៩២ ដើម្បីជួយព្យាបាលកុមារកម្ពុជាដែលក្រីក្រដោយឥតគិតថ្លៃ។ ក្នុងមួយថ្ងៃៗ មន្ទីរពេទ្យនេះទទួលកុមារក្រីក្រមកពីគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជានិងដែលមានជំងឺយ៉ាងហោចណាស់ពី១៥០ ទៅ ២០០នាក់ ទៅសម្រាកព្យាបាល។ យ៉ាងហោចណាស់អ្នកជំងឺក្រីក្រពិសេសស្ដ្រី និងកុមារជាង ១៥លាននាក់ បានទៅទទួលសេវាព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៦។ មន្ទីរពេទ្យគន្ធបុប្ផារហូតមកដល់ឆ្នាំ២០១៧នេះ មន្ទីរពេទ្យមានបុគ្គលិកបំរើការងារចំនួន ២៥០០នាក់។ ហើយបច្ចុប្បន្ននេះមន្ទីរពេទ្យមនុស្សធម៌នេះមានសាខានៅក្នុងរាជធានីភ្នំពេញនិងនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
តាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បញ្ជាក់ថា លោកវេជ្ជបណ្ឌិត Beat Richner កំពុងមានជំងឺជាទម្ងន់ ដែលតម្រូវឲ្យលោកទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ខណៈដែលស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផារូបនេះកំពុងមានជំងឺធ្ងន់ លោកក៏បានលាលែងពីតំណែងជាអ្នកគ្រប់គ្រង់មន្ទីរពេទ្យផងដែរ។
ទន្ទឹមនឹងដំណឹងស្ដីពីស្ថានភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់នាពេលនេះ ប្រជាពលរដ្ឋខ្មែររាប់លាននាក់បានបង្ហាញក្ដីរន្ធត់នឹងផ្ញើពាក្យជួនពររូបលោកជាច្រើន ដោយពួកគេបង្ហាញក្ដីសង្ឃឹមថា សុខភាពរបស់លោកនឹងវិលមករកសភាពធម្មតាវិញ ដើម្បីបន្ដការងារជួយសង្គ្រោះកុមារក្រីក្រខ្មែរ រាប់លាននាក់ដែលគ្មានទីពឹង។ ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានចាត់ទុកលោកវេជ្ជបណ្ឌិត រិចឆ្នឺរ ជាព្រះដែលបានជួយដល់កុមារខ្មែរក្រីក្ររាប់លាននាក់។
យ៉ាងណាលោកស្រី Rahel Boesch ប្រធានអគ្គកុងស៊ុលស្វីស ប្រចាំប្រទេសកម្ពុជាបង្ហាញក្ដីសង្ឃឹមថា មន្ទីពេទ្យគន្ធបុប្ផានឹងក្លាយជាមន្ទីរពេទ្យដែលមានគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ដពីប្រជាពលរដ្ឋខ្មែរគ្រប់រូបសម្រាប់ជួយដល់កុមារក្រីក្រនៅក្នុងប្រទេសកម្ពុជាបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ លោកស្រីក៏សំណូមពរដល់ប្រជាពលរដ្ឋខ្មែរដែលមានលទ្ធភាព អាចចួលរួមផ្ដល់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាបានផងដែរ៕