ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ព្រមានថា អ្នកសារព័ត៌មានអាចនឹងប្រឈមនឹងការដាក់ទោសព្រហ្មទណ្ឌ ប្រសិនបើពួកគេប្រព្រឹត្តិល្មើសនឹងបទបញ្ជា និងក្រមសីលធម៌នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននោះ។ជុំវិញរឿងនេះ ធ្វើអោយស្ថាប័នព័ត៌មានមួយចំនួនយល់ឃើញថា មិនដែលមាននោះទេសម្រាប់កម្ពុជាចំពោះរឿងបែបនេះ។
រាយការណ៍ជូន ដោយ កញ្ញា ជុំ ជោគជាតា៖
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់បោះឆ្នោតនៅក្រសួងព័តមាន ថ្ងៃ ព្រហស្បត្តិ៍នេះ លោក គឹម សន្ដិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានលើកឡើងថា អំពើទាំងឡាយណារបស់អ្នកសារព័ត៌មានដែលប្រព្រឹត្តផ្ទុយនឹងបទបញ្ជា ឬនីតិវិធី និងក្រមសីលធម៌អ្នកសារព័ត៌មាននៅក្នុងថ្ងៃបោះឆ្នោត គឺមិនត្រឹមតែមានទោសពិន័យជាប្រាក់ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មានទោសព្រហ្មទណ្ឌផងដែរ។
លោក គឹម សន្ដិភាព៖« ក្នុងករណីនេះដែលអំពើនេះ ជាអំពើល្មើសដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ចឹងមិនមែនមាន ន័យថា ទោសនេះត្រឹមតែពិន័យជាលុយ គឺ អត់ទេ អំពើណាដែលប្រព្រឹត្តផ្ទុយនឹងក្រមព្រហ្មទណ្ឌ គឺចូលទៅរឿងព្រហ្មទណ្ឌមួយទៀត»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ធ្វើឡើងខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងចាប់ផ្តើមក្នុងរយៈពេលមិនដល់ពីរខែទៀតនោះទេ ។
តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប ត្រង់មាត្រា ១៧១ បើសិនជាអ្នកសារព័ត៌មានប្រើមធ្យោបាយទុច្ចរិត ,រារាំងសិទ្ធិចូលរួមបោះឆ្នោតរបស់ប្រជាពល រដ្ឋ,បង្កឱ្យមានភាពមិនប្រក្រតីក្នុងពេលចុះឈ្មោះ និងពេលពិនិត្យបញ្ជីឈ្មោះ,រារាំងសិទ្ធិឃោសនា,បង្កឱ្យបាត់ជំនឿលើការ សម្ងាត់នៃការបោះឆ្នោត, បង្កការរំខានដល់ដំណើរការបោះឆ្នោត ឬរាប់សន្លឹកឆ្នោត នោះ អ្នកកាសែតដែលពាក់ពន្ធ័នឹងអំពើទាំងនេះនឹងត្រូវពិន័យជាប្រាក់ ពី ៥លានរៀន ដល់ ១០លានរៀល ។
តាម លោក គឹម សន្ដិភាព បញ្ជាក់បន្ថែមថា ក្នុងករណីដែលអ្នកសារព័ត៌មានត្រូវរកឃើញថា បានប្រព្រឹត្តិល្មើសដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌដែរនោះ អ្នកសារព័ត៌មាននឹងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌបន្ថែមទៀត។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងក្នុងសិក្ខាសាលានោះដែរថា ច្បាប់បោះឆ្នោតថ្មីនេះមានលក្ខណៈច្បាស់លាស់ជាមុន និងល្អិតល្អន់ជាងមុន។
លោក ខៀវ កាញារីទ្ធ ៖«ឥលូវនេះ យើងឃើញថា ច្បាប់ថ្មីមានលក្ខណៈច្បាស់លាស់ជាងមុន ការកំណត់រហូតដល់ជនបរទេស ការកំណត់ដល់អង្គការសង្គមស៊ីវិល ការកំណត់ដល់អ្នកកាសែត អ្នកកាសែតឯករាជ្យដែលមិនបានការឱ្យស្ថាប័ណាជាប់លាប់ ដែលត្រូវមានគោលការណ៍អនុវត្តតាម ទាំងគណបក្សនយោបាយ ទាំងអង្គការ សមាគម ។ទន្ទឹមនឹងនោះដែរគឺយើងឃើញថា មានការប្រទាក់ក្រឡាគ្នារវាងក្រសួងព័ត៌មាន និងគ.ជ.ប»។
លោក កៃ គីមសុង នាយកកាសែតភ្នំពេញប៉ុស្ដិ៍ផ្នែកភាសាខ្មែរយល់ឃើញថា អ្នកសារព័ត៌មានមិនគួរជាប់ទោសពីបទព្រហ្មទណ្ឌដល់ថ្នាក់ជាប់ពន្ធនាគារ។
លោក កៃ គីមសុង ៖ «ច្បាប់អីគេ ច្បាប់អីគេ ពីព្រោះអ្នកកាសែតតាមច្បាប់សារព័ត៌មាន អ្នកសារព័ត៌មានអត់ត្រូវមានទោស ដល់ថ្នាក់ជាប់គុក ជាប់ច្រវ៉ាក់អីទេ» ។
យ៉ាងណាក៏ដោយលោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ក្រសួងព័ត៌មាននឹងធ្វើការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលបំ ពានទៅលើបទបញ្ជ និងនីតិវិធីនៃច្បាប់បោះឆ្នោត ហើយដំណាលគ្នានេះ ក្រសួងព័ត៌មានក៏មានតួនាទីរាយការណ៍ជូនគ.ជ.ប ផងដែរ៕