ភ្នំពេញ ៖ ជាថ្មីម្ដងទៀតសម្តេចនាយករដ្ឋមន្ត្រីអះអាងថា សម្តេចទេដែលជាអ្នកបញ្ចប់សង្គ្រាមនៅកម្ពុជា ទោះបីជាអង្គការ សហប្រជាជាតិចំណាយលុយ ២ ពាន់លានដុល្លារក៏ដោយនោះ។ តែអ្នកវិភាគ ហាក់មិនយល់ឃើញដូចនេះទេ។
ប្រមុខរដ្ឋាភិបាលបានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៦A នៅសង្កាត់ព្រែកលាភនៅ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារភ្លើងសង្រ្គាម។ សម្ដេចថា បើទោះបីអង្គការសហប្រជាជាតិចំណាយលុយរហូតច្រើន ពាន់លានដុល្លារក្តីក៏មិនអាចបញ្ចប់សង្រ្គាមបាននោះឡើយ។ សម្ដេចថា ដោយសារបុព្វហេតុនេះ សម្ដេចបានជីវិតធ្វើដើមទុនដើម្បីសន្តិភាព និងការផ្សះផ្សាជាតិមានមកដល់ពេលនេះ។
ជាមួយតគ្នានេះសម្តេច ហ៊ុន សែន ជូនពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បានសប្បាយរីករាយគ្រប់ៗគ្នានៅក្រោមដំបូង សន្តិ ភាព ដែលកំពុងគ្រប់ដណ្តប់ពាសពេញប្រទេស ដែលសម្តេចបានរំលឹកប្រជាពលរដ្ឋថា មានតែសុខសន្តិភាពទេ ដែលធ្វើ ឲ្យប្រទេសបានសប្បាយរីករាយ និងប្រទេសមានការអភិវឌ្ឍរីកចម្រើន។
តែបែបនេះក្ដីលោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអ្នកវិភាគសង្គម និងនយោបាយ ដែលគេហៅថាអ្នកវិភាគជើងចាស់ យល់ផ្សេង នេះបន្តិច។
លោកបានមើលឃើញថា បើគ្មាន UNTAC ក៏គ្មាននយោបាយឈ្នះឈ្នះដែរ ហើយដោយសារមានរដ្ឋាភិបាលស្របច្បាប់ និង មានរបបរាជាណាចក្រ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិទើបខ្មែរក្រហមអស់ផ្លូវដើរ ស្របពេលចិនលែងជួយ អតីតកងទ័ពព្រៃនេះទៀតនោះ។
តែគួររម្លឹកថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ បានធ្វើឲ្យប្រទេសកម្ពុជា ស្គាល់ការបោះឆ្នោត ប្រជាធិបតេយ្យដំបូងនៅឆ្នាំ១៩៩៣ ហើយតាមរយៈនេះ អង្គការសហប្រជាជាតិ បាននាំកងទ័ពពហុជាតិសាសន៍ មករៀបចំ ការបោះឆ្នោតនៅកម្ពុជានៅពេលនោះ។
រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ជារដ្ឋាភិបាលស្របច្បាប់ហើយក៏ចាប់ ផ្តើមផ្តល់ជំនួយរាប់ពាន់លានដុល្លាជួយអភិវឌ្ឍន៏ដល់ប្រទេសកម្ពុជា៕