ភ្នំពេញ៖ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជា លោក Willim A.Heidtមានប្រសាសន៍ថាដីនៅកម្ពុជាមានជីវជាតិល្អ ហើយកសិករមានបទពិសោធន៍ ។តែកម្ពុជានំាចេញផលិតផលកសិកម្មទៅក្រៅប្រទេសនៅតែមានកម្រិត ខណៈការនំាចូលមានច្រើន។
ការថ្លែងដូចនេះធ្វើទ្បើងក្នុងសិក្ខាសាលាស្តីពីការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នំា២០១៧នៅរាជធានីភ្នំពេញ។
កម្ពុជាគឺជាប្រទេសដែលមានអាកាសធាតុក្តៅហើយសើមដែលជាកត្តាអំណោយផលដល់កសិករក្នុងការដំាដុះដំណាំតែទោះបីជាយ៉ាងនេះក្តីកម្ពុជានៅតែនំាចូលផលិតផលកសិកម្មពីបណ្តាប្រទេសជិតខាងច្រើនជាងការនំាចេញ។ ការណ៍នេះឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជា លោក Willim A.Heidt លើកទ្បើងថា អាចនឹងធ្វើឱ្យកម្ពុជាជួបញ្ហាប្រឈមមួយចំនួនក្នុងការប្រកួតប្រជែង។
ថ្លែងក្នុងសិក្ខាសាលានេះ លោក Willim A.Heidt មានប្រសាសន៍តាមរយៈអ្នកបកប្រែថា កសិកម្មគឺជា វិស័យមួយដែលជំរុញឱ្យប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ។
លោក Willim A.Heidtបន្តថាកម្ពុជាមានដីសម្បូរទៅដោយជីវជាតិដែលអាច ដាំដុះផលិតផលបានល្អតែ ការនាំចេញនៅមានកម្រិតដែលអាចធ្វើឱ្យកម្ពុជាជួបបញ្ហាប្រឈមផងដែរ។
ការណ៍នេះលោកថាកិច្ចព្រមព្រៀងសម្រូលពាណិជ្ជកម្មគឺជាកត្តាសំខាន់ដែលកម្ពុជាត្រូវបន្តយកចិត្តទុកដាក់។លោក Willim A.Heidt ៖«ទោះជាយើងផលិតបានផលិតផលល្អ បើទោះបីដីយើងមានជីវជាតិ យើងមានកសិករគាត់មានបទពិសោធន៍ ហើយមានទីផ្សារខាងក្នុងហ្នឹងក៏ដោយតែយើងឃើញថាប្រទេសកម្ពុជានំាចេញផលិតផលកសិកម្មតិចតួចមែនទែនប្រហែល៧០%ដែលលក់ក្នុងប្រទេសកម្ពុជាផ្លែឈើបន្លែហ្នឹងត្រូវនាំចូលពីប្រទេសក្រៅនេះជាអ្វីមួយដែលបង្កទៅជាបញ្ហាប្រកួតប្រជែង ឬប្រឈមខ្លះសម្រាប់ប្រទេសកម្ពុជា»។
ក្នុងសិក្ខាសាលានេះដែររដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូស័ក្ត បានថ្លែងជាភាសារអង់គ្លេសតាមរយៈអ្នកបកប្រែជាភាសារខ្មែរថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លំាងក្នុងការពន្លឿនការដឹកជញ្ជូនទំនិញនាំចេញនាំចូលនៅក្នុងប្រទេស។ លោក ថាដើម្បីឱ្យការដឹកទំនិញនាំចេញនាំចូលកាន់តែមានល្អប្រសើរទៀតនោះរដ្ឋាភិបាលកម្ពុជាក៏បានលើកកម្ពស់កិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មតាមបណ្តាព្រំដែន។
លោក ប៉ាន សូស័ក្ត ៖«កម្ពុជាបានធ្វើការលើកកម្ពស់នីតិវិធីនំាចេញនំាចូលហើយនៅក្នុងបរិបទនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលមានប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយបានអះអាងដែរថាទំនិញច្រើនជាង៩០%ដែលនំាចូលត្រូវបានបញ្ចេញក្នុងរយៈពេល២៤ម៉ោងនេះជាវឌ្ឍន៍កត់សម្គាល់លើការបំពេញបែបបទគយនិងកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន»។
បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូស័ក្ត កិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍហើយក៏អាចបង្កើនចំនួននៃផលិតផលនំាចេញរបស់ខ្លួនប្រហែល២០% ខណៈប្រទេអភិវឌ្ឍន៍តិចតួចអាចនឹងមានការកើនទ្បើងប្រមាណពី ៣៥%លើផលិតផលនំា ចេញរបស់ខ្លួន។
ទំនិញកសិកម្មកម្ពុជា ដែលសំខាន់ ត្រូវនាំចេញមាន អង្ករ ជ័រកៅស៊ូ ស្ករស និងត្រីរូមមាន ផលិតផលកសិកម្មផ្សេងៗទៀត៕