ភ្នំពេញ៖អ្នកឯកទេសដោះមីនកម្ពុជាមួយក្រុមនិងឆ្កែហិតរាវរកគ្រាប់មីនមួយក្រុមនឹងត្រូវចេញទៅបំពេញបេសកកម្មបោសសំអាតមីននៅប្រទេសអ៊ីស្រាអែលនៅក្នុងសប្តាហ៍នេះ។ នេះជាលើកទី១ ហើយដែលកម្ពុជាបញ្ជូនអ្នកឯកទេសដោះមីនរបស់ខ្លួនទៅកាន់តំបន់មជ្ឈឹមបូព៌ា។
ប្រទេសកម្ពុជាត្រូវបញ្ជូនក្រុមអ្នកជំនាញដោះមីនចំនួន ២៣នាក់និងសត្វឆ្កែរាវរកមីនចំនួន ១២ក្បាលទៅកាន់ប្រទេសអ៊ីស្រាអែល (ក្នុងសប្តាហ៍នេះ) ដើម្បីបំពេញបេសកម្មដោះមីនក្នុងប្រទេនៃតំបន់មជ្ឈឹមបូព៌ានេះ។ នេះគឺជាលើកទីមួយដែលកម្ពុជា បញ្ជូនក្រុមអ្នកដោះមីនទៅកាន់ប្រទេសអ៊ីស្រាអែល។ ការបញ្ជូននេះតាមសំណើរបស់ប្រទេសអ៊ីស្រាអែល។ ក្រុមដោះមីនកម្ពុជាអាចនឹងត្រូវចេញដំណើរនៅចន្លោះថ្ងៃទី៤ និងថ្ងៃទី៩ ខែមេសានេះសំរាប់រយៈពេលបេសកកម្មបួនខែ។ លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជាហៅថាCMAC មិនអាចទាក់ទងបានទេនៅថ្ងៃអង្គារ៍នេះ។
ក៏ប៉ុន្តែលោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ថា រដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអែលបានស្នើសុំជំនួយក្រុមដោះមីនពីប្រទេសកម្ពុជា។ ហើយប្រទេសនេះនឹងត្រូវរ៉ាប់រងរាល់ចំណាយផ្សេងៗ សំរាប់ក្រុមអ្នកជំនាញការដោះមីនកម្ពុជានេះ។
ប្រទេសអ៊ីស្រាអែល គឺជាប្រទេសជឿនលឿនមួយផ្នែកបច្ចេកវិទ្យានិងការផលិតសពា្វវុធ។ ប្រទេសនេះតែងតែមានការវាយប្រហារប្រទាញប្រទង់ជាមួយកងទ័ពប៉ាឡេស្ទីន។ ហើយថ្មីៗនេះប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារលើពួកសកម្មជនភេរវនិយម រដ្ឋឥស្លាម។ កម្ពុជាបានបញ្ជូនកងទ័ពដោះមីនរបស់ខ្លួនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ប្រទេសសូម៉ាលី ក្នុងទ្វីបអាហ្វ្រិក និងទៅកាន់ប្រទេសស៊ីរី នៃតំបន់អាស៊ីខាងលិច៕