en     km
en     km

ប៉ូលិស​មិន​ទាន់​រក​មូលហេតុ​នៃ​ការ​បុក​សម្លាប់​មនុស្ស​នៅ​ជិត​វិទ្យាល័យ​បឹង​ត្របែក​នៅឡើយ​

Share

ភ្នំពេញ ៖ ក្រុមគ្រួសារជនរងគ្រោះដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នៅមុខវិទ្យាល័យបឹងត្របែកកាលពីសប្តាហ៍មុនបានដាក់បណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញ ស្របពេលដែលក្រុមប៉ូលិសកំពុងបន្តធ្វើការស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយ។

ឡានបង្កហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី ២៧មិនា នៅមុខវិទ្យាល័យបឹងត្របែក ដែលធ្វើអោយមនុស្ស ៣នាក់ស្លាប់ និង៦នាក់រងរបួសធ្ងន់។ រូបភាពពីហ្វេសប៊ុក TVFB
ឡានបង្កហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី ២៧មិនា នៅមុខវិទ្យាល័យបឹងត្របែក ដែលធ្វើអោយមនុស្ស ៣នាក់ស្លាប់ និង៦នាក់រងរបួសធ្ងន់។ រូបភាពពីហ្វេសប៊ុក TVFB

គ្រោះថ្នាក់ដែលបង្កដោយអ្នកបើករថយន្តបើកបញ្ច្រាសទិសផ្លូវបានសម្លាប់មនុស្សបីនាក់ភ្លាមៗនិងធ្វើមានជនរងរបួសចំនួន៦នាក។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្រសួងមហាផ្ទៃ លោក រុន រត្ន័វាសនា បានអះអាងនៅថ្ងៃចន្ទ័នេះថា ក្រុមប៉ូលិសកំពុងបន្តធ្វើការស៊ើបអង្កេតពីមូលហេតុនេះគ្រោះថ្នាក់ដែលបង្កដោយរថយន្តបំបុកអ្នកដំណើរយ៉ាងអាក្រក់កាលសប្តាហ៍មុន។

សេចក្តីអះអាងធ្វើឡើងស្របគ្នាដែលគ្រួសាររបស់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញដើម្បីទាមទារសំណង។

កាលពីថ្ងៃអង្គារសប្តាហ៍មុនអ្នកបើកបររថយន្តកាមរី ឆ្លាមពណ៌ស្ករមួយគ្រឿងបានបើកបញ្ច្រាស ទិសនៅចំណុចមុខភាគខាងត្បូង នៃវិទ្យាល័យបឹងត្របែក ខណ្ឌ័ចំការមន និងបានបុករះបណ្តាលឲ្យអ្នកដំណើរដោយម៉ូតូមកខេត្តកំពង់ចាមចំនួនបីនាក់ស្លាប់ភ្លាមៗ និងអ្នកដំណើរដោយម៉ូតូចំនួនប្រាំពីរគ្រឿងទៀតត្រូវបុកបំប៉ើង និងបណ្តាលឲ្យរងរបួសធ្ងន់ចំនួនប្រាំមួយនាក់។

លោកឧត្តមសេនីយ៍រុន រត្ន័វាសនា បានបន្តថា នៅពេលនេះជនបង្កកំពុងស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ។ហើយក្នុងពេលនេះក្រុមសមត្ថកិច្ចត្រូវស្រាវជ្រាវថាតើជនបង្កនោះបានសេពគ្រឿងស្រវឹងឬយ៉ាងណា។

រុន រត្ន័វាសនា ៖ « ចំនុចនិងខ្ញុំឥឡូវនិងកំពុងមាននិតិវិធី ដើម្បីធ្វើការស្រាវជ្រាវ ជនបង្ករនិងហេ្អ! ព្រោះនៅឃើញក្នុងវីឌីអូក្លីប វាមិនអឺៗ មិនច្បាស់លាស់ គ្រាន់តែយើងអាចមានតំរុយតាមរកអ្នកបង្ករនិងបាន ! ហើយបើយើងមិនស្រាវជ្រាវទៅលើអ្នកបង្ករទេ វានិងអាចក្លាយជាទម្លាប់មិនអាចទៅរួចទេ ព្រោះការអនុវត្តច្បាប់មិនមែនជាទំលាប់ទេ មិនអាចកាត់ទោសដោយខ្លួនឯងនោះទេ!» ។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្រសួងមហាផ្ទៃមានប្រសាសន៍ថា សមត្ថកិច្ចរង់ចាំជនបង្កដឹងខ្លួន ហើយនិងអនុវត្តតាមនិតិវិធីដើម្បីបញ្ជាក់ពីមូលហេតុច្បាស់លាស់។

យោងតាមសេចក្តីរាយការណ៍ថ្មីៗបំផុតបង្ហាញថា ជនបង្កបានដឹងខ្លួនហើយនៅថ្ងៃចន្ទ័នេះបន្ទាប់ពីទទួលរងការវាយប្រហារដោយកំហឹងពីក្រុមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់។

តាមច្បាប់របស់ប្រទេសកម្ពុជា ជនបង្កគ្រោះថ្នាក់អាចនឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី២ឆ្នាំ ដល់ ៥ ឆ្នាំ។ ជាសាច់ញាតិនៃគ្រួសារសពទាំងបីនាក់ លោក ចាន់ថុល បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃនេះថា ក្រុម គ្រួសារសពបានប្តឹងទាមទារសំណងបញ្ជូនទៅកាន់ស្នងការនគរបាលក្រុងភ្នំពេញ។

លោក ចាន់ថុល ៖ « ខ្ញុំបានប្តឹងថ្ងៃទី៣០ ម្សិលម្ងៃ ហើយប្តឹងទៅស្នងការក្រុង និង គេថាគេបញ្ជូនទៅតុលាការនេះនឹង(តុលាការដំបូង) ហើយខ្ញុំទាមទារសំណងនិងណាបង»។

ទោះជាយ៉ាងណា លោក ចាន់ថុល មិនអាចបញ្ជាក់ថាគ្រួសារសពទារប្រាក់សំណងចំនួនប៉ុន្មាននោះទេ៕

Share

ព័ត៌មានទាក់ទង

Image