en     km
en     km

បទវិភាគ ៖ ​គ្រោះថ្នាក់ចរាចរណ៍​ជាមេរោគ​បំផ្លាញ​សេដ្ឋកិច្ច

Share

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាតែងតែកើតមានឡើងមិនមែនដោយការចៃដន្យទេ។ប៉ុន្តែភាគច្រើនគ្រោះ ថ្នាក់នេះកើតឡើងដោយការមិនគោរពច្បាប់ឬដោយការបំពានក្នុងទ្រូងផ្លូវ។

អ្នកវិភាគយល់ថា គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គម ប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ និងគឺជាវិច្ឆេទកម្មសេដ្ឋកិច្ច។

wmc-02-04

តទៅនេះសូមអញ្ជើញស្តាប់បទវិភាគរបស់ ធូ វីរៈ  ដូចតទៅ៖

កាលពីថ្ងៃអង្គារ ទី២៨ ខែមិនានេះ រថយន្តកាមរីឆ្លាម ពណ៌ស្ករ មួយគ្រឿងបានបើកបញ្ច្រាសទិស នៅលើកំណាត់ផ្លូវព្រះមុន្នី វង្ស ត្រង់ចំណុចខាងមុខឈាងខាងត្បូងវិទ្យាល័យបឹងត្របែកក្នុងរាជធានីភ្នំពេញ។

អ្នកបើកបររថយន្ត បានបញ្ឆេះពេញល្បឿននិងបានបុកអ្នកដំណើរដោយម៉ូតូចំនួនបីនាក់ប៉ើងស្លាប់ភ្លាមៗមួយរំពេច។ អ្នកដំណើរដោយម៉ូតូមួយចំនួនទៀតត្រូវបុកខ្ទាតនិងរងរបួសធ្ងន់ចំនួនប្រាំនាក់ និងស្រាល បីនាក់។ម៉ូតូចំនួនប្រាំពីរគ្រឿងរង ការបំបុករះ។ ក្នុងនោះម៉ូតូចំនួនប្រាំមួយគ្រឿងបានខូចខាតធ្ងន់ធ្ងរនិងមួយគ្រឿងទៀតខូចខាតស្រាល។

ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយឈុតខ្លីនេះ បានលាតត្រដាងយ៉ាងច្បាស់នូវអត្តចរិត នៃការបើកបរក្នុងសង្គមខ្មែរបច្ចុ ប្បន្ននេះ។ ប៉ុន្តែពលរដ្ឋកម្ពុជាទំនងជាស៊ាំទៅនឹងទិដ្ឋភាពបែបនេះ បើសិនជាគេពិនិត្យមើលនិន្នាការច្រំដែលៗនៃអំពើហឹង្សា លើទ្រូងផ្លូវ នោះ។ ជាបឋមគេត្រូវស្វែងរកមើលពីមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

ពិតហើយ មូលហេតុចម្បងទំនងជាកើតចេញពីកង្វះខាតការយល់ដឹងផ្នែកច្បាប់ និងវិធានបើកបរ នៅពេលដែលអ្នកបើកបរ យានយន្តនៅកម្ពុជាមានចំនួនច្រើន មិនបានឆ្លងកាត់ការរៀនបើកបរ ឬបានគេចវេសពីការរៀនបើកបរ ដែលជាហេតុធ្វើ ឲ្យពួកគេគ្មានចំណេះដឹងមូលដ្ឋានផ្នែកបើកបរ។

ក្នុងន័យដដែលនេះ នៅប្រទេសកម្ពុជា គេនៅតែអាចស្វែងរកទិញបណ្ណ័បើកបរបានយ៉ាងងាយ ដោយមិនចាំបាច់ចូលសា លាបើកបរនោះទេ។ ការបង្កភាពងាយស្រួលបែបនេះបានរំលងនីតិវិធីស្របច្បាប់និងជំរុញឲ្យមានវប្បធម៌នៃការទិញបណ្ណ័បើកបរ។ បន្ថែមពីនោះ ប្រជាពលរដ្ឋខ្វះការស្វែងយល់អំពីច្បាប់ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោក។ ចំណែកឯអាជ្ញាធរពាក់ពន្ធ័ ក៏មិនបានផ្តល់សារ សំខាន់ដល់ការជះឥទ្ធិពលជាអវិជ្ជមាននៃកង្វះចំណេះដឹងលើបញ្ហានេះដែរ។

កង្វះការយោគយល់ កង្វះការអធ្យាស្រ័យគ្នា អាងអំណាច លើយានយន្តធំជាង ឬទំនើបជាង ឬយានមានអំណាច ក៏ជាកត្តា បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍និងការមិនគោរពច្បាប់ក្នុងការបើកបរដែរ។

យោងតាមរបាយការណ៍កាលពីឆ្នាំ២០១៦ បង្ហាញថា អត្រាស្លាប់នៅលើដងផ្លូវគឺជាអត្រាស្លាប់ខ្ពស់ជាងគេបំផុតនៅប្រទេស កម្ពុជា។រដ្ឋាភិបាលនិងសង្គមស៊ីវិលធ្លាប់បានលើកឡើងថាអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាខ្ពស់ជាងអត្រានៃ ការស្លាប់ដោយសារសង្គ្រាមឬការស្លាប់ដោយសារជំងឺអេដស៍ទៅទៀត។

គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យប្រទេសកម្ពុជាខាតបង់មិនតិចជាង៣០០លានដុល្លារអាមេរិកទេក្នុងមួយឆ្នាំៗ ឬស្មើនឹង ប្រមាណ ៣ ភាគរយនៃផលិតផលដុលសរុបឬ GDP របស់ប្រទេសក្រីក្រនេះ។

ហេតុដូចនេះគ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបំផ្លាញជីវិតនិងធនធានមនុស្សរបស់កម្ពុជាដែលកំពុងតែខ្សត់ខ្សោយនោះទេ ប៉ុន្តែវាថែមទាំងបំផ្លាញនូវសីលធម៌សង្គមតាមរយៈការបង្ហាញចេញនូវភាពច្រង៉េងច្រង៉ាង តាមដងផ្លូវ បំផ្លាញភាពថ្លៃថ្នូររបស់ សង្គមតាមរយៈការឆ្លើយតបដោយហឹង្សាភ្លាមចំពោះជនបង្កគ្រោះថ្នាក់។ ហើយវាក៏ធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ឥស្សរភាព និងឱនភាពនៃអរិយធម៌ចំពោះមុខជនបរទេសដែលមានទម្លាប់បើកបរនៅតាមបណ្តាប្រទេសជឿនលឿនជាដើម។

គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែជាឃាតករដ៏ផ្តាច់ផ្តិលជីវិតមនុស្សទេ វាថែមទាំងបំផ្លាញទ្រព្យសម្បត្តិនិងបំផ្លាញកិច្ចខំប្រឹង ប្រែងសំរាប់អភិវឌ្ឍន៍សង្គមទៀតផង។ វាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់នយោបាយនិងគោលការណ៍កាត់បន្ថយភាពក្រីក្រនិងបង្កើតឲ្យមានសោកនាដកម្មនិងផ្តល់ផលវិបាកជាច្រើនដល់សង្គម។ដូចជាបន្សល់ទុកនូវភាពពិការ បន្ថែមបន្ទុកក្នុងគ្រួសារ កាត់ផ្តាច់ប្រភពទ្រទ្រង់សេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋ ខណៈដែលការសិក្សាមួយចំនួនបង្ហាញថាភាគច្រើនលើសលុបនៃអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍គឺជាយុវជន ចន្លោះពី១៥ទៅ៣៥ឆ្នាំ។ នេះគឺជាការបាត់បង់កម្លាំងនិងសក្តានុពលយ៉ាង សំខាន់ក្នុងការអភិវឌ្ឍប្រទេសនិងកម្លាំង ទ្រទ្រង់ គ្រួសារ។

ដូច្នេះតើត្រូវដោះស្រាយចំណោទនេះបែបណា?

wmc-02-04-17

រាជរដ្ឋាភិបាលត្រូវតែបង្ហាញសមត្ថភាពឲ្យខ្លាំងឬប្រសើរជាងនេះដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍។ មានតែការរឹតបន្តឹង ផ្នែកច្បាប់ទេដែលអាចប្រមូលមនុស្សឲ្យមកស្ថិតក្នុងការឯកភាពនៃការប្រើប្រាស់ចំណែកផ្លូវស្មើភាពគ្នា។

អំពើពុករលួយនិងប្រពន្ធ័យុត្តិធម៌ដែលមិនមានប្រសិទ្ធិភាពក៏ជាចំណែកមួយដែលធ្វើឲ្យប្រសិទ្ធិភាពនៃការទប់ស្កាត់គ្រោះ ថ្នាក់ចរាចរណ៍ចុះខ្សោយផងដែរ។ តួយ៉ាងដូចជាដំណោះស្រាយដ៏តានតឹងបានឈានដល់តុលាការ ហើយការសំរេច ដោយ លំអៀងរបស់តុលាការក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍គឺជាលុយធិបដល់ការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលខាងមុខទៀត។

ប្រពន្ធ័ផ្សព្វផ្សាយគួរចូលរួមឲ្យបានសកម្មក្នុងការប្រយុទ្ធនិងបង្ការគ្រោះថ្នាក់ចរាចរណ៍។

រដ្ឋាភិបាលនិងអាជ្ញាធរគួរស្វែងរកគន្លឺះបញ្ជ្រាបពីការខាតបង់ផ្នែកសេដ្ឋកិច្ចគ្រួសារនិងសង្គមដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍។

ប្រជាពលរដ្ឋខ្លួនឯងគួរស្វែងយល់ឲ្យបានស៊ីជម្រៅពីរបៀបបើកបរនិងការបង្កគ្រោះថ្នាក់សំរាប់ខ្លួនឯងនិងអ្នកដទៃ ជាពិសេស ប្រជាពលរដ្ឋគួរយល់ថាការបង្កគ្រោះថ្នាក់ឬគ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែជាការបំផ្លាញខ្លួនឯងនោះទេប៉ុន្តែគឺជាការបំផ្លាញដល់សង្គមជារួម។

រដ្ឋាភិបាលគួរចាត់ទុកថាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយអវិជ្ជាក្នុងចំណេះដឹងផ្នែកបើកបរគឺជាការប៉ះពាល់ដល់មុខមាត់និងអរិយធម៌ប្រទេស។ ហើយរដ្ឋាភិបាលគួរតែចាត់ទុកថាការបង្កគ្រោះថ្នាក់ចរាចរណ៍ដោយចេតនាឬដោយបំពានបែបណា មួយគឺជា«អំពើវិចេ្ឆទកម្ម»ប្រឆាំងសេដ្ឋកិច្ចជាតិ៕

Share

ព័ត៌មានទាក់ទង

Image