en     km
en     km

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ស្នើ​ឱ្យ​ជប៉ុន​បន្ត​ជួយ​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​កម្ពុជា​

Share

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានស្នើឱ្យភាគីជប៉ុន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធបន្តជួយដល់វិស័យបរិស្ថាន និងធនធានធម្មជាតិក្នុងកម្រិតថ្មីមួយទៀតដោយផ្តោតលើការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបង្ហោះផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន
លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន

ការស្នើដូចនេះ ខណៈដែលរដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួបជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជាលោក Hidehisa Horinouchi ដើម្បីពិភាក្សាពីការងារមួយចំនួនកាលពីថ្ងៃទី២៩ មីនានេះ។
លោក សាយ សំអាល់ គូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន បានចូលរូមកសាងសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ។ «ស្នើឱ្យភាគីជប៉ុន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងៗទៀតបន្តជួយដល់វិស័យបរិស្ថាន និងធនធានធម្មជាតិដោយផ្តោតលើការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន ការជួយគាំទ្រដល់ដំណើរការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិ និងការអភិវឌ្ឍសហគមន៍តាមរយៈការបង្កើតមុខរបរថ្មី ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការលើកកម្ពស់ការអប់រំនៅក្នុងសហគមន៍មូលដ្ឋាន និងការរកទីផ្សារសម្រាប់កសិផលរបស់ប្រជាសហគមន៍»។
ចំណែកលោក Hidehisa Horinouchi សាទរដែលក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលសម្រេចបានក្នុងការធ្វើកំណែទម្រង់លើវិស័យបរិស្ថាន និងធនធានធម្មជាតិ ។ លោកថាគឺជាការ រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍដោយចីរភាព និងជំរុញឱ្យមានការចូលរួមពីផ្នែកឯកជនប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាននិងសង្គម។ លោក Hidehisa Horinouchi ៖«តាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេសរបស់អង្គការ JICA លោកមានជំនឿយ៉ាងមុតមាំថា លិខិតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌច្បាប់ និងគោលការណ៍ណែនាំបច្ចេកទេសសំខាន់ៗនឹងត្រូវបានកែលម្អនិងបង្កើតទ្បើង ដើម្បីជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍កម្ពុជា»។
សូមជំរាបដែរថា រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយដល់ប្រទេសកម្ពុជាជាង១៤០លានដុល្លារអាមេរិកនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ សម្រាប់កិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់និងវិស័យសុខាភិបាល។ ក្នុងចំណោមប្រាក់ជំនួយទាំងនេះរួមមានទឹកប្រាក់ចំនួនជាង ៤២លានដុល្លារគឺជាជំនួយឥតសំណង។ ជំនួយឥតសំណងសំរាប់កិច្ចធ្វើឲ្យប្រសើរឡើងនូវប្រពន្ធ័ការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ សំរាប់គម្រោងធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនិងសំរាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ។ ដោយឡែកទឹកប្រាក់ចំនួន៩៨លានដុល្លារទៀតគឺជាប្រាក់កម្ចី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image