ភ្នំពេញ៖រាជរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយដល់ប្រទេសកម្ពុជាជាង ១៤០លានដុល្លារអាមេរិកនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ សំរាប់កិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់និងវិស័យសុខាភិបាល។
រូបភាពពី ភ្នំពេញប៉ុស្ដិ៍
ក្នុងចំណោមប្រាក់ជំនួយទាំងនេះ រួមមានទឹកប្រាក់ចំនួនជាង ៤២លានដុល្លារគឺជាជំនួយឥតសំណង។ ជំនួយឥតសំណងសំរាប់កិច្ចធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ សំរាប់គម្រោងធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងសំរាប់ពង្រីកប្រពន្ធ័ផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ។ ដោយឡែកទឹកប្រាក់ចំនួន ៩៨លានដុល្លារទៀតគឺជាប្រាក់កម្ចី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរ ទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទាំងប៉ុន្មានខាងលើ «នឹងជួយកែលំអរដល់ការតភ្ជាប់តំបន់ក្នុងប្រទេសកម្ពុជានិងធ្វើឲ្យប្រសើរឡើងនូវជីវភាពនិងការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។»
សូមបញ្ជាក់ថាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយដោយឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជានិងលោករដ្ឋមន្ត្រីការបរទេសកម្ពុជានៅទីស្តីការក្រសួងការបរទេស៕