ភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹងថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងេ ហើយកំពុងទទួលការសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីសប្រទេសកំណើតរបស់លោក មានប្រជាពលរដ្ឋខ្មែរជាច្រើនព្រួយបារម្ភពីស្ថានភាពជំងឺរបស់លោក។
ពួកគេបាននាំគ្នាសរសេរសារជូនពរនៅលើបណ្តាញហ្វេសប៊ុកដោយ សូមឱ្យលោកវេជ្ជបណ្ឌិត Beat Richner ឆាប់ជាពីជំងឺ ខណៈពួកគេរៀបរាប់ថា លោក វេជ្ជបណ្ឌិត Beat Richner គឺជាបិតាព្រះដែលមកសង្រ្គោះកុមារកម្ពុជារាប់ម៉ឺនសែននាក់។
លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ បុប្ផា ដើម្បី ជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ តាំងពីឆ្នាំ១៩៩២មក។ គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិការជាង ៥០០លានដុល្លារ សម្រាប់ការព្យាបាលជំងឺកុមារនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី២៨ បញ្ជាក់ថា ខណៈដែលស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផារូបនេះ កំពុងមានជំងឺធ្ងន់ លោកក៏ នឹងលាលែងពីតំណែងជាអ្នកគ្រប់គ្រង់មន្ទីរពេទ្យផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ តំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវប្រគល់ជូនលោកវេជ្ជបណ្ឌិត ភីតធើ ស្ទូឌ័រ (Peter Studer) ដែលជាអនុប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ន។
យ៉ាងណាមិញ បើទោះបី លោកវេជ្ជបណ្ឌិត Rechner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តី តែមន្ទីរពេទ្យនៅតែដំណើរការជាធម្មតា៕