តាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលចុះនៅថ្ងៃទី ២៧ មិនា ដើម្បីរក្សាគុណភាព និងធានាសុខុមាលភាពសាធារណ និងរក្សាកេរ្ដិ៍ឈ្មោះនៃគុណភាពអង្កររបស់ ព្រះរាជាណាចក្រកម្ពុជា និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្ដរជាតិនោះ ក្រសួងកសិកម្ម សូមធ្វើការហាមឃាត់អោយក្រុមហ៊ុនទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំគីមី Tricyclazole នៅក្នុងអង្ករ។
តាមសេចក្ដីដំណឹងរបស់ក្រសួងដដែល ៖
១.រាល់អ្នកប្រើប្រាស់ថ្នាំកសិកម្មទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុ សកម្ម Tricyclazole ទៅលើដំណាំស្រូវ ដែលអាចបន្សល់ទុកនូវសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករ។
២.គ្រប់ក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មថ្នាំកសិកម្មទាំងអស់ ត្រូវបញ្ឈប់ការនាំចូលថ្នាំកសិកម្មដែលមាន សារធាតុសកម្ម Tricyclazole ។
៣.រាល់អ្នកផ្គត់ផ្គង់ចែកចាយទាំងអស់ ត្រូវបញ្ឈប់ការផ្គត់ផ្គង់ចែកចាយដល់សាខា ឬដេប៉ូ លក់ដុំ លក់រាយ ថ្នាំកសិកម្មដែលមានសារធាតុសកម្ម Tricyclazole។
៤.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះត្រួតពិនិត្យ និងណែនាំ អប់រំ ផ្សព្វផ្សាយដល់ដេប៉ូ លក់ដុំលក់រាយ និងអ្នកប្រើប្រាស់ថ្នាំកសិកម្មឱ្យបានយល់ដឹង ដើម្បីទប់ស្កាត់នូវការប្រើប្រាស់ថ្នាំ កសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ ប្រជាកសិករ។
៥.នាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវបញ្ឈប់ការចុះបញ្ជីកា និងការអនុញ្ញាតឱ្យនាំចូលថ្នាំកសិកម្ម ដែល មានសារធាតុសកម្ម Tricyclazole ។
៦.អគ្គនាយកដ្ឋានកសិកម្ម ត្រូវសិក្សាស្រាវជ្រាវបន្ថែម ដើម្បីរកប្រភេទថ្នាំកសិកម្មថ្មីដែលគ្មាន សារធាតុ ណហាមឃាត់មកជំនួសវិញ និងត្រូវបន្ដពង្រឹងការត្រួតពិនិត្យផ្នែកអនាម័យ ពិសេសសំណល់ថ្នាំ កសិកម្មឱបានសមស្របតាមវិធានបច្ចេកទេស និងនីតិវិធីជាធរមាន មុនអនុញ្ញាតឱ្យនាំចេញអង្ករ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងករណីចាំបាច់។
តាមសេចក្ដីជូដំណឹងរបស់ក្រសួងដដែល គ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម ក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងអ្នកប្រើប្រាស់ទាំងអស់ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕